ក្រុង​ហារ៉ារ៉េ៖ ឈីយេវេដហ៊្សូ មូតេរ៉ូ គឺ​ជា​ជនជាតិ​ហ្ស៊ីមបាវេ ម្នាក់​ចំណោម​ឆ្មាំ Akashinga ​នារី​ដ៏​តិចតួច​ដែល​បំពេញ​កិច្ចការ​ប្រឆាំង​នឹង​ការ​បរ​បាញ់​ ពេល​នាង​បាក់​ម្រាម​ដៃ​។ នាង​​មិន​នឹក​ចង់​លា​ឈប់​នោះ​ទេ ដោយ​នាង​នៅ​តែ​ញញឹម​ ខណៈ​ម្រាម​ដៃ​ត្រូវ​រុំ​បង់​ មុន​ពេល​​វិល​ទៅ​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​បែប​ទាហាន​បន្ដ​ទៀត​។

ស្ដ្រី​ហ្ស៊ីមបាវេ អាយុ ២២ ឆ្នាំ​រូប​នេះ ​​និយាយ​ថា​៖ «​ខ្ញុំ​រីករាយ​ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មិន​យំ​។ ខ្ញុំ​នឹង​​ព្យាយាម​ធ្វើ​ជា​ឆ្មាំ​នារី​ Akashinga»។

ឆ្មាំ​អភិរក្ស​ព្រៃ​ បំពាក់​អាវុធ និង​ស្លៀក​ពាក់​ឈុត​បៃតង​ចាស់ មាន​ភារៈ​តាម​ដាន​ និង​ចាប់​ខ្លួន​ជន​បរបាញ់​ខុស​​ច្បាប់​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ចំនួន ៥ កន្លែង​ ដែល​សុទ្ធ​តែ​អតីត​​តំបន់​បរបាញ់​ត្រូពិក​លើ​ផ្ទៃ​ដី ៤ ០០០ គីឡូម៉ែត្រ​​ការ៉េ ក្បែរ​ព្រំដែន​ជា​មួយ​សំប៊ី​។

បើ​ត្រូវ​បាន​ជ្រើស​រើស ​មូតេរ៉ូ នឹង​ក្លាយ​​ជា​​នារី​ម្នាក់​ចំណោម​ឆ្មាំ​ដ៏​តិច​តួច ដែល​សម្រាំង​ចេញ​ពី​បេក្ខភាព ៥០០ នាក់ ​ឆ្មាំ​​តែ ៨០ នាក់ នឹង​ត្រូវ​បាន​បញ្ជូន​​ឲ្យ​ទៅ​ចូល​ក្នុង​កង Akashinga ឬ​កង​នារី​ក្លាហាន​។

​កង​កម្លាំង​ល្បាត​ព្រៃនារី​ហ្ស៊ីមបាវេ​ ហ្វឹកហ្វាត់​ពង្រឹងរាងកាយដូច​ជា​ទាហាន​​​។ រូបថត AFP

ប៉ុន្ដែ​ស្ដ្រី​ទាំង​អស់​ក៏​ជា​អ្នក​រួច​ជីវិត​ធ្លាប់​រងគ្រោះ​ចំពោះ​អំពើ​រំលោភ​បំពាន​កាល​ពី​អតីត ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​បម្រើ​ការងារ​ជា​ឆ្មាំ​ដើម្បី​ឲ្យ​កាន់​កិច្ចការ​ដ៏​លំបាក​នេះ​។

មូតេរ៉ូ បាន​រៀប​ការ​ទាំង​ក្មេង​វ័យ​ និង​​ផ្លាស់​ទៅ​រស់នៅ​​អាហ្វ្រិក​ខាង​ត្បូង ជាមួយ​ប្ដី និង​កូន​ស្រី​ម្នាក់ ជា​ទី​ដែល​នាង​ត្រូវ​បាន​បំពាន​លើ​រាង​កាយ​ពី​សំណាក់​ម្ដាយ​ក្មេក​។

នាង​ត្រឡប់​មក​ជន​បទ​នៃ​ប្រទេស ​ហ្ស៊ីមបាវេ ​វិញ ដើម្បី​ចិញ្ចឹម​បី​បាច់​កូន​ស្រី​តែ​ម្នាក់​ឯង និង​​​ចែក​ផ្លូវ​ពី​ស្វាមី​ដោយសារ​មិន​បាន​ផ្ញើ​ប្រាក់​ឧបត្ថម្ភ​គ្រួសារ​។ អ្នក​មេម៉ាយ​កូន​មួយ​រូប​នេះ ​​បន្ដ​យ៉ាង​មាន​ជំនឿ​ចិត្ដ​ចំពោះ​កិច្ចការ​អភិរក្ស​សត្វ​ព្រៃ​ក្នុង​ប្រទេស​កំណើត​​ថា៖ «​ប៉ុន្ដែ​ឥឡូវ​ ខ្ញុំ​នៅ​ទី​នេះ​​ផ្ដល់​តម្លៃ​ឲ្យ​ខ្លួន​ឯង​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន​»។

ឆ្មាំ​ព្រៃ​ហ្ស៊ីមបាវេ ទទួល​ប្រាក់​បៀវត្សរ៍​ចន្លោះពី ៣០០​ ទៅ ១ ២០០ ដុល្លារ​ អាស្រ័យ​លើ​តួនាទី​។ រូបថត AFP

ឆ្មាំ​ព្រៃ​រក​ចំណូល​​​ចន្លោះពី ៣០០ ទៅ ១ ២០០ ដុល្លារ ​ក្នុង ​១ ខែ អាស្រ័យ​​លើ​តួនាទី​រៀង​ៗ​ខ្លួន​។ មុន​ពេល​ក្រុម​កង​នារី​ក្លាហាន​ចេញ​ល្បាត​ព្រៃ ដំរី​ប្រមាណ ៨ ០០០ ក្បាល ​ត្រូវ​បាន​សម្លាប់​លើ​រយៈពេល ១៦ ឆ្នាំ។

យោង​តាម​មូលនិធិ​ប្រឆាំង​ការ​បរបាញ់​អន្ដរជាតិ (IAPF) ពេល​ពួក​គេ​មក​បំពេញ​ការងារ​​ ២ ឆ្នាំ​នេះ ការ​ប្រមាញ់​ដំរី​​ធ្លាក់​​ចុះ ៨០ ភាគរយ​។ ​​

ពួក​គេ​ចាប់​​ខ្លួន​ជន​ល្មើស ១១៥ នាក់ ​​​ដោយ​មិន​​​ឮ​ស្នូរ​កាំភ្លើង ​១ គ្រាប់។ កម្មវិធី​នេះ គ្រោង​បង្កើត​កងកម្លាំង​​ស្ដ្រី ១ ពាន់​នាក់​ ដើម្បី​អភិវឌ្ឍ​​ព្រៃ ២០ កន្លែង ​នៅ​ឆ្នាំ ​២០២៥៕ AFP/HR