ភ្នំពេញៈ នាពេលថ្មីៗនេះ បង្កើតនូវភាពភ្ញាក់ផ្អើលខ្លាំងសាជាថ្មី ពីសំណាក់អតីតតារាសម្តែងស្រីគ្រងតំណែងសិចស៊ី កាលពី ១ ទសវត្សរ៍មុនកញ្ញា វ៉ាង ស្រីណូ បង្ហាញមុខបុរសសង្ហា ក៏ដូចបង្អួតពីទ្រព្យគឺផ្ទះវីឡាដ៏ធំស្កឹមស្កៃ និងការទិញរថយន្តម៉ាកឡិចស៊ីស ថ្មីសន្លាងជូនជាកាដូដល់អ្នកមានគុណទាំង ២ របស់នាង។
អ្វីកាន់តែទាក់ចំណាប់អារម្មណ៍ពីប្រិយមិត្ត និងមហាជននោះ ត្រង់ថា សុខៗស្រាប់តែកញ្ញា វ៉ាង ស្រីណូ បង្ហោះរូបថតស្និទ្ធស្នាលនឹងបុរសសង្ហា ហើយក្លែមសារសម្តីថា៖ «ជូនថៅកែពេជ្រម្ចាស់ចិត្តទៅអាមេរិក»។
បើគេមិនច្រឡំទេនោះ កាលពី ២-៣ ឆ្នាំមុន អតីតតារាសម្តែងស្រីសិចស៊ី សាច់សខ្ចី មិនជ្រេទៅតាមវ័យ កញ្ញា វ៉ាង ស្រីណូ មានគូស្នេហ៍ជាអាណិកជនអាមេរិករស់នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកមានរបរបើកភោជនីយដ្ឋាន ទោះបីកាយនៅឆ្ងាយពីគ្នាយ៉ាងណា តែសម្ព័ន្ធភាពស្នេហ៍ពួកគេនៅមាន
សភាពធម្មតា។
តែពេលខាងភ្នំពេញប៉ុស្តិ៍បានសួរនាំបញ្ជាក់នោះ តារាស្រី ដែលមហាជន គ្រប់មជ្ឈដ្ឋានស្គាល់ និងធ្លាប់គ្រងតំណែងជាតារាសិចស៊ីដ៏កក្រើកពិភពសិល្បៈម្នាក់ កាលពី ១ ទសវត្សរ៍មុនគឺកញ្ញា វ៉ាង ស្រីណូ បង្ហើបថា៖ «បុរសក្នុងរូបនេះ ជាបងប្អូនបង្កើតខ្ញុំតែប៉ុណ្ណោះ។ រហូតមកទល់ពេលនេះ ក៏នាងខ្ញុំមិនមានគូកនស្អីទេ ហើយក៏មិនខ្វល់រឿងនោះដែរ។ ព្រោះថា នាងខ្ញុំ ជាប់រវល់តែរឿងមួយគត់ គឺការងាររកស៊ីលក់ដូរផលិតផលនៅតាមអនឡាញ នារយៈពេល ២-៣ ឆ្នាំ ចុងក្រោយនេះប៉ុណ្ណោះ»។
តារាសម្តែងស្រីមានកំណើតនៅកំពង់ឆ្នាំង កញ្ញា វ៉ាង ស្រីណូ ដែលនៅសំងំដើម្បីសោយសុខទៅនឹងភាពមានបានពីផលជាផ្លែផ្កាពីរបរលក់គ្រឿងសម្អាង សម្លៀកបំពាក់ម៉ាកល្បីៗ និងផលិតផលបំប៉នសុខភាព នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្តថា៖ «ដោយសារតែរវល់នឹងរឿងរកស៊ីលក់ផលិតផលម៉ាកល្បីៗ ដែលនាងខ្ញុំបានទទួលសិទ្ធិផ្តាច់មុខមកពីប្រទេសបារាំង អ៊ីចឹងនាងខ្ញុំមិនមានពេលវេលាណាទៅគិតរឿងម្ចាស់ចិត្តអ្វីនោះទេ សូម្បីតែការងារសិល្បៈក៏នាងខ្ញុំដកខ្លួនចេញយូរមកហើយដែរ»។
អ្វីដែលកាន់តែងឿងឆ្ងល់ខ្លាំងគឺ ការលេចចេញភាពមានបាន សឹងតែនឹកស្មានមិនដល់របស់អតីតតារាសម្តែងស្រីសិចស៊ី វ៉ាង ស្រីណូ បង្ហោះរូបផ្ទះវីឡាដ៏ធំស្កឹមស្កៃតម្លៃមិនក្រោមកន្លះលានដុល្លារនោះឡើយ និងរថយន្ត Lexus ថ្មីសន្លាងក៏តម្លៃខ្ទង់រាប់សិបម៉ឺនដុល្លារដែរ។ កញ្ញា វ៉ាង ស្រីណូ បង្ហើរសារថា៖«ជូនកាដូឡានថ្មីដល់អ្នកមានគុណ!ធ្វើបុណ្យទាន់ខែភ្លឺ!អ្នកមានគុណស្រឡាញ់អីចង់បានអី បើកូនមាន សមត្ថភាពបំពេញ បំណងលោកបាន កូននឹងធ្វើវាដើម្បីឲ្យលោកទាំង ២ រីករាយភ្លាម! អ្នកមានគុណគាត់ មានប្រសាសន៍ថា គាត់ស្រឡាញ់ឡាន Lexus ហ្នឹង!»៕