ភ្នំពេញ៖ ក្រោយ​ពី​ពុះពារ​ និង​បាន​​ជម្នះ​​នូវ​រាល់​ឧបសគ្គ​​ក្នុង​ការ​ប្រកួត​ប្រជែង​​រហូត​ដណ្តើម​បាន​មកុដ​​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០២០ កាល​ពី​រាត្រី​ថ្ងៃទី​ ២៦ ខែ​វិច្ឆិកា កន្លង​មក​នោះ មហាជន​ជា​​​អ្នក​គាំទ្រ​មាន​ការ​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​​អំពី​​សមត្ថភាព​​ និង​ចំណេះដឹង​ជា​ពិសេស​នោះ គឺ​​សមត្ថភាព​​ចេះ​​ភាសា​បរទេស​​របស់​កញ្ញា រ៉េត​ សារីតា។

កញ្ញា រ៉េត សារីតា ​បច្ចុប្បន្ន​ជានិស្សិត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​​អនុបណ្ឌិត​ផ្នែក​​ទំនាក់ទំនង​អន្តរជាតិ និង​អាច​​និយាយ​​​ភាសា​អង់​គ្លេស​យ៉ាង​​​ស្ទាត់​​ជំនាញ​ស័ក្តិសម​​ជា​បវរកញ្ញា​ដែល​តំណាង​ឱ្យ​​កម្ពុជា​នៅ​​លើ​ឆាក​​អន្តរជាតិ ដែល​នាង​អាច​និយាយ​ភាសា​​បរទេស​​ជា​សកល​មួយ​នេះ​បាន​ល្អ​​។

កាល​​ពី​ឆ្នាំ​ ២០១៦ កញ្ញា រ៉េត សារីតា ក៏​​ធ្លាប់​ទទួល​​បាន​ពាន​​​រង្វាន់​ជើងឯក Youth Champion Award ពី​កម្មវិធី​ UNFPA Cambodia ចំពោះ​ការ​ជួយលើក​កម្ពស់​ការ​យល់ដឹង​ពី​ការ​អប់រំ​សុខភាព​​ផ្លូវ​ភេទ​ និង​សុខភាព​បន្ត​ពូជ​សម្រាប់​​​​យុវជន។ លើស​ពី​នេះ កញ្ញា សារីតា ក៏​​មាន​អាជីព​​ជាតារា​សម្តែង​ពិធីការិនី និង​តារា​បង្ហាញ​ម៉ូដ​​ឱ្យ​ក្រុមហ៊ុន​​​ធំៗ​​​ជា​ច្រើន​ មុន​​ឈាន​​​មក​​ប្រកួត​​កញ្ញាឯក​​​ចក្កវាឡ​​​កម្ពុជា​ នៅ​​ឆ្នាំ ​២០២០ និង​​បាន​គ្រង​​​​មកុដ​មួយ​​​នេះ​​​​ថែម​ទៀត​ផង​​។

នាពេល​​​ប្រកួត​​ឆ្លើយ​​សំណួរ​មួយ​វគ្គ​ទៅ​មួយ​វគ្គ កញ្ញា រ៉េ​ត សារី​តា មាន​ចំណុច​​ទាក់​ចិត្ត​​លើស​គេ ដែល​គណៈកម្មាការ​ពេញ​ចិត្ត​គ្រប់​វិញ្ញាសា​ដែល​​​ស្រី​ស្អាត​រូប​នេះ អាច​បំបែក​​បាន​ប្រកប​ដោយ​ជំនឿ​ចិត្ត​ ហើយ​​តាម​​ដឹង​គឺ​នាង​​​បាន​​បញ្ចប់​​ការ​សិក្សា​បរិញ្ញាបត្រ​ភាសា​អង់គ្លេស ​​មាន​​តុង​​និយាយ​​​ភាសា​​នេះ​ បាន​​​ល្អ​ ហើយ​​ភាសា​​ទី​២ ​ចេះ​​​ភាសា​​បារាំង ​យក​ជា​ការ​បាន និង​ចុង​ក្រោយ​​ភាសា​ថៃក៏​បាន​ដែរ។

កញ្ញា រ៉េត សារីតា បាន​ឆ្លើយ​សំណួរ​ជុំ​ចុង​​ក្រោយ​យ៉ាង​ល្អ​ថា៖ «​គោល​បំណង​ដែល​​​ខ្ញុំ​​ចង់​​បាន​​មកុដ​​ថ្ងៃ​នេះ​​ ព្រោះ​​ខ្ញុំ​​ជា​នារី​មាន​ភាព​​អង់អាច​​ក្លាហាន​ជា​នារី​​មាន​ការ​​ទទួល​ខុស​​​ត្រូវ​​ខ្ពស់​​​ក្នុង​សហគមន៍​ ​ជា​ពិសេស​ នា​​សម័យកាល​​​​​មាន​ជំងឺ​​រាតត្បាត​​កូវីដ ១៩ នេះ»៕