ភ្នំពេញ៖ ទើប​​តែ​​​​​​បាន​ឈ្នះ​ពាន​កម្មវិធី​ The Mask Singer នៅ​ឯ​​ប៉ុស្តិ៍​ទូរទស្សន៍​ហង្សមាស​ថ្មីថ្មោង​សោះ ក៏​ស្រាប់​តែ​លេច​​​ឮ​ថា តារា​ចម្រៀង​​ស្រី​​​​​កញ្ញា​ ចំរើន សុភ័ក្រ​ មាន​មហិច្ឆតា​ចង់​បាន​ពាន​​​​​ផ្នែក​​​​ស្មូត្រ​​មួយ​ទៀត​ដែរ​ ប្រសិន​បើ​​​មាន​ការ​​ប្រកួត​មែន​នោះ នាង​នឹង​​​​ចូលរួម​ប្រជែង។​

ធ្លាប់​ជា​បេក្ខនារី​ដែល​បរាជ័យ​​ក្នុង​​ការ​ប្រឡង​ចម្រៀង​​​លំដាប់​ពិភព​លោក​​​​​ The Voice Cambodia រដូវ​កាល​ទី ​១​ និង​​​ក្លាយ​​​ជា​តារា​​ចម្រៀង​ដ៏​ពេញ​​និយម​​​មួយ​​រូប​នៅ​ We Production ដែល​​ជា​​​បុត្រ​សម្ព័ន្ធ​ផលិតកម្ម​​​ហង្សមាស ហើយ​​​​កាល​​​ពី​រាត្រី​​ថ្ងៃទី ​២៩ ខែ​ ​មីនា ឆ្នាំ ​២០២០​ កន្លង​​មក​​ថ្មី​ៗ​ កញ្ញា ចំរើន សុ​ភ័ក្រ បាន​​​​ក្លាយ​ជា​​ម្ចាស់​ជយលាភី​ពី​កម្មវិធី​ប្រឡង​​​ចម្រៀង​របាំង​​​​​មុខ ឬ​​The Mask Singer ដោយ​ទទួល​​បាន​​​​​​ប្រាក់​រង្វាន់​​ចំនួន ១០០ លាន​រៀល​។

តារា​​​​ចម្រៀង​​ស្រី​ដែល​​​បច្ចុប្បន្ន ​​ជ្រក​​នៅ​​ទ្រនំ​ផលិតកម្ម​ We Production ​ កញ្ញា ចំរើន សុភ័ក្រ ក៏​​បញ្ជាក់​​​រឿង​​​លេច​ឮ​ថា​​​ មាន​ចិត្ត​ចង់​ប្រកួត​​ផ្នែក​ស្មូត្រ​នេះ​​ថា៖ «តាម​ពិត​ទៅ ដោយសារ​​​​​តែ​នាង​ខ្ញុំ​ មាន​ចំណូល​ចិត្ត​​ផ្នែក​ស្មូត្រ​​នេះ​​ ហើយ​​ក៏​ចង់​បង្ហាញ​​សមត្ថភាព​​ផង​​​ដែរ ប្រសិន​បើ​មាន​ការ​ប្រកួត។​ ​យ៉ាង​​ណា​ក៏​មាន​ចិត្ត​មួយ​គិត​​ថា ប្រហែល​ជា​មិន​អាច​ទៅ​​រួច​នោះ​​​​​ទេ​​​មើល​​​ទៅ​!វា​​គ្រាន់​តែ​ជា​​អារម្មណ៍​មួយ​ ដែល​ចូលចិត្ត​ក្រៅ​ពី​ចម្រៀង​សម័យ​​។ តែ​បច្ចុប្បន្ន​ មិន​​មាន​កម្មវិធី​ប្រកួត​ពាន​ផ្នែក​ស្មូត្រ​នេះ​នៅ​ឡើយ​នោះ​​ទេ ហើយ​ប្រសិន​បើ​​មាន​មែន ខ្ញុំ​​ក៏​ចង់​សាកល្បង​ផង​​​ដែរ​»។​​​

គួររំឭក​ផង​ដែរ​ថា កាល​ពី​​​ពេល​​​លើក​ពាន​នៃ​កម្មវិធី​​​ The Mask Singer ​កញ្ញា ចំរើន សុភ័ក្រ ក៏​មាន​​​សទ្ធា​បរិច្ចាគ​ប្រាក់​​ចំនួន ​១ ពាន់​ដុល្លារ​ផង​ដែរ​ នៅ​​​ក្នុង​​​​​​​មូលនិធិ​​ដើម្បី​ទប់ស្កាត់​​​​​ជំងឺ​​ឆ្លង​​ដោយសារ​​មេរោគ​​កូវីដ​ ​១៩ ក្រោយ​ពី​​​​​ឃើញ​មិត្ត​​​អ្នក​សិល្បៈ​ផុសផុល​​​ផ្តល់​ប្រាក់​សប្បុរស​​ធម៌​​​តាម​សទ្ធា​​​​​ជ្រះ​ថ្លា​​នោះ​ភ្លាមៗ​ដែរ​។

តារា​ចម្រៀង​ស្រី​មាន​​​ទឹក​​ដម​សំឡេង​ពី​រោះរណ្ដំ កញ្ញា ចំរើន សុភ័ក្រ​ ដែល​អាច​​​បក​ស្រាយ​​​​ចម្រៀង​គ្រប់​ទម្រង់​​​​ទាំង​​សិល្បៈ​​ប្រពៃណី​ និង​​សម័យ​ ហើយ​ចេះ​ស្មូត្រ​ទៀត​ផង​​នោះ​ ក៏​​បង្ហើប​ប្រាប់​​ពី​ចិត្ត​ទទូច​ចូល​រួម​​បរិច្ចាគ​ទៅ​មូលនិធិ​សប្បុរសធម៌​ទប់ស្កាត់​ជំងឺ​ឆ្លង​កូវីដ ​១៩​​​ ផង​ដែរ​ថា​៖ «តាម​ពិត​ទៅ​ ក្រោយ​ពី​បាន​ឃើញ​បងប្អូន​​អ្នក​សិល្បៈ​ចូលរួម​បរិច្ចាគ​ប្រាក់​នោះ នាង​ខ្ញុំ​បាន​​​នឹក​​ទទូច​​ក្នុង​ចិត្ត​ដែរ​ថា​ ចង់​មាន​ប្រាក់​សមរម្យ​មួយ​ចំនួន​ដើម្បី​យក​​ទៅ​ចូលរួម​ភ្លាម​។ ​តែ​ដោយសារ​ខណៈ​ពេល​ថ្មីៗ​នេះ នាង​ខ្ញុំ​ក៏​កំពុង​តែ​ត្រៀម​​​ខ្លួន​ក្នុង​ការ​ប្រឡូង​កម្មវិធី​​​ The Mask Singer ផង​​ដែរ​​នោះ»៕​