ភ្នំពេញ៖​ ថ្មីៗ​នេះ​​បង្កើត​នូវ​​ភាព​ភ្ញាក់​ផ្អើល​ពី​សំណាក់​​​មហាជន​ ខណៈ​ឃើញ​​អតីត​ជា​បេក្ខនារី​​​​ធ្លាប់​​ប្រកួត​ប្រជែង​​​កម្មវិធី​ប្រឡង​​ចម្រៀង​​លំដាប់​ថ្នាក់​​ពិភព​លោក Cambodian Idol រដូវកាល​ទី​៣ ឈាន​ដល់​​វគ្គ​ផ្តាច់​ព្រ័ត្រ​​​កញ្ញា ឈាង​ សុវណ្ណាវី​ ត្រូវ​បាន​ផលិតកម្ម Sastra Film ​ប្រកាស​​​ចុះ​កុងត្រា​ ​ទទួល​យក​​ជា​តារា​សម្តែង​​ស្រី​ និង​​ចម្រៀង​​ជា​ផ្លូវ​ការ​។​​​​

បើ​និយាយ​ដល់​ផលិតកម្ម Sastra Film ​មាន​ទស្សនិក​ជន​ច្រើន​ប្រាកដ​ជា​​ស្គាល់ ​និង​ធ្លាប់​​បាន​​ទស្សនា​នូវ​​​រាល់​ការ​ផលិត​​​សាច់​រឿង​​​អប់រំ​ ដែល​​ឆ្លុះ​បញ្ចាំង​ពី​សង្គម​​ និង​មាន​ការ​គាំទ្រ​​យ៉ាង​សន្ធឹកសន្ធាប់ ​​ពី​ទស្សនិកជន​​​​​​ផង​​​​​​ដែរ​​​​​​ ខណៈ​​​កាល​​​​ពី​ថ្មីៗ​នេះ ខាង​​ផលិតកម្ម Sastra Film បាន​​​បង្ហោះ​ថា​៖ ​«​រាប់​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ អតីត​បេក្ខភាព​ប្រឡង​ចម្រៀង Cambodian Idol រដូវ​កាល​ទី៣ ​កញ្ញា ឈាង សុវណ្ណាវី ​និង​​តារា​សម្ដែង​​ស្រស់​សង្ហា​លោក Prince (ប៉ាវី) ​នឹង​ក្លាយ​ជា​​សិល្បករ-សិល្បការិនី​ប្រចាំ Sastra film ​ជា​ផ្លូវ​​ការ​​​»។​ ​​

ទោះ​ជា​យ៉ាង​ណា​ ​នេះ​គឺ​ជា​ដំណឹង​ដ៏​​គួ​រឲ្យ​​ត្រេកអរ សម្រាប់​សាមី​ខ្លួន​ផ្ទាល់ ក៏​ដូចជា​អ្នក​គាំទ្រ​​​​របស់​​​ពួក​គេ​ទាំង ​២ នាក់​ជា​​​ដើម​​ ជា​ពិសេស ​​​​អ្នក​​គាំទ្រ​​គ្រប់​​គ្នា​​កំពុង​តែ​​​​ទន្ទឹង​​រង់ចាំ​​អ៊ុត​មើល​ថា ​តើ​​​ស្នា​ដៃ​ថ្មីៗ​​របស់​កញ្ញា សុវណ្ណាវី​ និង​លោក​ ប៉ាវី ថា​នឹង​​​មាន​បទ​ចម្រៀង​​​ពីរោះៗ ឬ​មាន​សាច់​​រឿង​​​​ល្អៗ​​បែប​​ណា​ខ្លះ​​ស​ម្រាប់​បម្រើ​អារម្មណ៍​របស់​ហ្វ៊ែនៗ​នោះ​។

ពាក់ព័ន្ធ​នឹង​ដំណឹង​​ក្លាយ​ជា​តារា​​ស្រី​​ មាន​ទ្រនំ​​​​ជ្រក​កោន​ត្រឹមត្រូវ ​​លោកស្រី ប៊ុន ចាន់និមល​ ចាងហ្វាង​​​ផលិតកម្ម​ Sastra Film​ ក៏​បញ្ជាក់​ពី​មូលហេតុ​​​នាំ​ឲ្យ​ផលិតកម្ម​ទទួល​យក​​កញ្ញា ឈាង សុវណ្ណាវី​ ជា​​តារា​សម្តែង​ និង​​ចម្រៀង​ជា​​ផ្លូវ​ការ​​ចុះ​កុងត្រា​​រយៈពេល ​​៥ ឆ្នាំ​នោះ​ដែរ​​​ថា​៖ «​ដោយសារ សុវណ្ណាវី ​ធ្លាប់​ជា​តារា​ចម្រៀង​ Freelance ដែល​ច្រៀង​​ចម្រៀង​សម្រាប់​បញ្ចូល​នៅ​ក្នុង​កុន​នៃ​ផលិតកម្ម​​យើង​ស្រាប់​ ហើយ​ឆ្លង​​កាត់​បទពិសោធ​ការងារ​​ និង​ការ​សាកល្បង​ផ្នែក​សម្តែង​រួម​ផ្សំ​នឹង​​ទេពកោសល្យ​ ក៏​ដូចជា​រូប​សម្រស់​របស់​​ សុវណ្ណាវី ក៏​មាន​ផង​ដែរ​​នោះ យើង​​ក៏​សម្រេច​ចុះ​កុងត្រា​ ៥ ឆ្នាំ ជាមួយ​នឹង​​គាត់​ឲ្យ​ក្លាយ​ទៅ​ជា​តារា​សម្តែង និង​ចម្រៀង​នៅ​​ផលិតកម្ម​ Sastra Film តែ​ម្តង​»។​

គួរ​រំឭក​ដែរ​ថា តារា​​ចម្រៀង​​ស្រី​វ័យ​ ១៩ ឆ្នាំ ដែល​​មាន​ស្រុក​កំណើត ​នៅ​​ខេត្ត​​​បន្ទាយ​មានជ័យ ​កញ្ញា​ ឈាង សុវណ្ណាវី ក៏​ជា​អតីត​បេក្ខនារី​​ធ្លាប់​​បាន​ចូលរួម​ប្រកួត​ប្រជែង​​​ក្នុង​​​​​កម្មវិធី​ប្រឡង​​ចម្រៀង​​លំដាប់​ថ្នាក់​ពិភព​លោក ​Cambodian Idol នៃ​រដូវកាល​ទី៣ នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​​ហង្សមាស​ កាល​​ពី​ឆ្នាំ ​២០១៨​ ដែរ ​ដោយ​បាន​ឈាន​ដល់​​វគ្គ​ផ្តាច់​​ព្រ័ត្រ​​៕​