ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែង និងចម្រៀងចូលចិត្តច្រៀង Cover បទពីដើមបង្ហោះតាម YouTube មានរាងស្រលូនស្អាត កញ្ញា ឌី សូនិត្តា ស្រាប់តែបង្ហើរសារហួសចិត្តមួយឃ្លា ដោយការជាប់មន្ទិលសង្ស័យថា នាងចង់បានប្តីគេ តែរឿងរ៉ាវនោះបានស្ងប់ទៅវិញហើយ ក្រោយពីភាគីចោទប្រកាន់នាងបានសម្រួលបញ្ចប់រឿងដោយសន្តិវិធីមកនោះ។
ព្រោះតែត្រូវគេចោទប្រកាន់ស្រស់ៗគ្មានហេតុផលច្បាស់លាស់ តែសាមីខ្លួននោះក៏បានដឹងខ្លួនទាន់ថែមសុំទោស គួបផ្សំតារាសម្តែង ស្រីជាថៅកែហាងសម្អាងការ និងហាងលក់ផលិតផលសម្អាងកាយ កញ្ញា ឌី សូនិត្តា ដែលមហាជនភាគច្រើនស្គាល់នាងតាមរយៈការថតស្ប៉តសម្តែងរួមគ្នាជាតួ «Bro &Sis» ជាមួយនឹងតារាសម្តែងប្រុសលោក អាឡិច ហ្សូរ៉ា នោះ ក៏បានព្រមត្រជាក់ចិត្តបញ្ចប់រឿងត្រឹមនេះផងដែរ។ តែដោយផ្ញើសារខ្លះដល់មនុស្សដែលចូលចិត្តម៉ៃមិនល្អ ឬសង្ស័យខ្វះការពិចារណាមកលើរូបនាងក្តី និងអ្នកសិល្បៈផ្សេងទៀតក្តីជាពិសេស សិល្បការិនីមិនទាន់មានគូតែម្តងរមែងរងទង្វើមិនសមរម្យនេះ ទើបនាងបង្ហោះសារសង្ខេបសាច់រឿង ដែលបានកើតមកលើខ្លួន ទុកគ្រាន់ជាមេរៀនតបឲ្យគេវិញ។
ខណៈកញ្ញា ឌី សូនិត្តា ក៏សរសេរថា៖ «យីអើ! គេឆាតមកទាំងយប់ម៉ងវើយ! មុខប៉ុនអូនកាដុងហ្នឹងអី ចង់បានប្តីគេ? ប្តីកៀរហ្នឹងជើងនៀក បើសម្រេចចិត្តថាយកមែនកាដុងអើយ កាដុង ប៉ះជាន់ដានចោរវើយ! ឯងបង្អួតប្តីវិញលូវហ្នឹង! តែមិនអីទេអាអ្នកឆាតមកហ្នឹង! យាយស្រួលបួលដែរ បើខ្លាំងដាក់អីមុនហ្នឹងហេសហេ កាដុងមិនទុកដែរ! ប្រុសៗដែលមានប្រពន្ធ បើខ្លាចប្រពន្ធយល់ច្រឡំ ពេលឆាតមកហើយលុបចោលផងចាស! ព្រោះប្រពន្ធសម័យឥឡូវ ណាមិនគិតរឿងឆាតមានន័យយ៉ាងម៉េចទេ ឲ្យតែឃើញឆាតមួយស្រី ដឹងតែដំបងហើយ (បណ្តាំកាដុងណាចាស!)»។
យ៉ាងណាក៏មិនមានការបញ្ជាក់ឲ្យច្បាស់ថា ជាអ្នកណាដែលចោទនាងថា ចង់បានប្តីគេនោះទេ ដោយសារខាងអ្នកចោទប្រកាន់បានបន្ទន់ឥរិយាបថទាន់ពេលទំនងជាដឹងខុសនោះ ទើបនាងមិនចង់គាស់កកាយឲ្យវែងឆ្ងាយ ដោយស្រីស្រស់កញ្ញា ឌី សូនិត្តា បំភ្លឺថា៖ «ព្រោះតែគេនិយាយស្រួលជាមួយខ្ញុំ ហើយរឿងនោះជម្រះក្តីសៅហ្មងរួចហើយ ទើបខ្ញុំមិននិយាយអ្វីទៀត ប្រសិននិយាយ គឺវាវែងឆ្ងាយខ្លាំងណាស់បង!។ ម្យ៉ាងទៀត ប្រសិនបើរឿងនេះ គេមិនមកសម្រួលដោយស្រួលនោះទេ នាងខ្ញុំក៏មិនសុខចិត្តឲ្យចប់ត្រឹមនេះដែរ ហើយស្រួលមិនស្រួលនាងខ្ញុំអាច Live ហ្វេសប៊ុកបរិយាយឲ្យណាណីទៀតផងដែរ។ មិនមែនត្រឹមតែបកស្រាយជាមួយនឹងសារព័ត៌មាននោះទេ ចំពោះរឿងត្រូវគេចោទខ្ញុំគ្មានហេតុផលដូច្នេះ»៕