ភ្នំពេញៈ មួយរយៈ​ចុងក្រោយ​នេះ ក្រៅពី​សង្កេតឃើញថា តារា​ចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស​កញ្ញា ទេព បូព្រឹក្ស ពូកែ​ខាង​ចាក់​ក្បាច់​រាំ​រស់​រវើក និង​តែង​កាយ​ប្លែកៗ​បត់​បែន​ទៅ​តាម​ទម្រង់​នៃ​សិល្បៈ​សម័យ​ទំនើប​ថ្មី​នោះ មហាជន​ក៏​សម្គាល់​ដែរ​ថា នាង​ក៏​កំពុង​តែ​បំប្លែង​រាងកាយ​ឲ្យ​ស្រស់​ឆើត​ឆាយ និង​សិច​ស៊ី​ខុស​ប្លែក​ពី​មុន​ខ្លាំង​តែម្តង ក្រោយ​ពី​បើក​ហាង​លក់​គ្រឿង​រក្សា​សម្រស់​ឈ្មោះ DIT-WAY មក​នោះ។

កាល​មុននេះ​បន្តិច រឿង​ពិត​នៃ​ដើមចម​ដែល​នាំ​ឲ្យ​កញ្ញា ទេព បូ​ព្រឹក្ស ខឹងសម្បា​ខ្លាំង​រហូត​ចង់​ប្តឹង​ផ្តល់ និង​ជា​ចុង​ក្រោយ​បាន​លើក​លែង​ទោស​ឲ្យ​បុរស​ម្នាក់​ដោយសារ​បាន​សុំ​ទោស​នាង និង​មាន​សំណូមពរ​ពី​ប្រិយ​មិត្ត ខណៈ​បុរស​នេះ​បាន​ចូល​ទៅ Comment តារា​ចម្រៀង​ស្រី ជ្រក​ក្រោម​ទ្រនំ​ហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវ​បាន​បុរស​ម្នាក់​សួរ​ត្រង់ៗ​ថា «លក់​ខ្លួន​មែន​បង ថ្លៃ​អត់​ហ្នឹង?» តាមរយៈ​រូបភាព​ពាក់​អាវ​ខ្សែ​តូច​ចំហក បង្ហាញ​ភាព​សិច​ស៊ី​ចំហ​ល្វែង​លើ​របស់​នាង។

លើក​នេះ ក្រៅពី​មាន​អ្នក​ចូលទៅ​ចុច Like និង​Comment សរសើរ​ពី​រូប​សម្ផស្ស​របស់​នាង​ថា ស្អាត និង Cute ក៏មាន​លេច​ចេញ​ពាក្យ​សម្តី​បែប​ឆ្ងល់​ថា៖ «អីយ៉ា!​ទេព បូព្រឹក្ស ឥឡូវ​នេះ​ប្រែប្រួល​ខ្លាំង​ណាស់ មុខ​មាត់​ខុស​ប្លែក​ពី​មុន​មើល​សឹង​តែ​មិន​ស្គាល់ តើ នាង​កំពុងតែ​កែ​សម្ផស្ស​ឬ?» និង​មាន​អ្នក​ខ្លះ​ទៀត​ថា៖ «រូប​រាង​កាយ​បច្ចុប្បន្ន​របស់​កញ្ញា ទេព បូព្រឹក្ស មើល​ទៅ​ដូចជា​តុក្កតា​ជ័រ អ៊ីចឹង គឺ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ហើយ​មើល​ទៅ​កាន់​តែ​ដូច​នាង CL របស់​កូរ៉េ​ហើយ!»។

យ៉ាងណា​ចំពោះ​ស្ថានភាព​ប្រែប្រួល​នៃ​រូបរាងកាយ​ស្រស់ស្អាត ឆើតឆាយ​បែប​ធម្មជាតិ ឬក៏​មាន​ការ​កែ​សម្ផស្ស​មែន ភ្នំពេញ​ប៉ុស្តិ៍​មិន​បាន​សួរ​តារា​ចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស​ ដែល​ទទួល​បាន​ងារ​ជា​តំណាង​ទូត​សុច្ឆន្ទៈ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ជាមួយ​នឹង​កំពូល​តារា​ចម្រៀង​ប្រុស​លោក ខេមរៈ សិរីមន្ត នោះ​ឡើយ ដោយ​នាង​បាន​លើក​ទូរស័ព្ទ​ឆ្លើយ​យ៉ាង​ខ្លី​ពេល​មាន​វត្តមាន​នៅ​ប្រទេស​ថៃ​ថា៖ «សុំទោស​ផង​បង!​ពេល​នេះ​នាង​ខ្ញុំ​មិន​អាច​ឆ្លើយ​រឿង​អ្វី​ជាមួយ​បាន​ទេ!​ចាំ ២-៣ ថ្ងៃ​ទៀត​ទើប​អាច​ឆ្លើយ​បាន ពេល​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ​វិញ​សិន ដោយសារ​ពេល​នេះ​ខ្ញុំ​កំពុង​នៅ​ប្រទេស​ថៃ» ហើយ​ក៏​បិទ​ទូរស័ព្ទ​ភ្លាម​តែ​ម្តង។

ជម្រះ​មន្ទិល​រឿង​កែ​ដើមទ្រូង​កន្លងមក​នោះ​កញ្ញា ទេព បូ​ព្រឹក្ស ក៏​ធ្លាប់ បានបញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរ​ពាក់ព័ន្ធ​នឹង​ចម្ងល់​ដែល​មាន ខាង បងប្អូន​ជា​អ្នក​គាំទ្រ​ជជីក​សួរ​នាង​រឿង​លួច​ទៅ​កែ​ដើម​ទ្រូង​មុន​នោះថា៖ «មិន​បាន​កែ​ទេ។ បើ​ខ្ញុំ​រវល់​នឹង​ការងារ​សិល្បៈ​ច្រើន​ម្លឹងៗ មាន​ពេល​ណា​ធ្វើ​រឿង​នេះ​បង!»៕