ភ្នំពេញ៖​ ខណៈ​រូប​សម្រស់​កាន់​តែ​ស្រស់​ស្អាត​ រហូត​​ដល់​​មហាជន​​លាន់​មាត់​​សរសើរ​មិន​ដាច់​ពី​មាត់​ និង​ល្បី​ថា សម្បូរ​ក្រុម​កន្លង់​ចោម​លួង​ស្នេហ៍​​​​នោះ បែរ​ជា​​តារា​ចម្រៀង​ស្រី​ ដែល​កំពុង​តែ​​​​​ឡើង​កូដ​​ខ្លាំង​នៅ​ទ្រនំ​ថោន​​កញ្ញា​ ផាន វីរ៉ាទី ហៅ​​​កញ្ញា រ៉ាប៊ី មក​​​រអ៊ូ​ថា ជិត​ចប់​ឆ្នាំ​ ២០២០ ហើយ​ ​នាង​នៅ​តែ​​គ្មាន​ម្ចាស់​ចិន្តា​មក​​នែបនិត្យ​​​ទៅ​​វិញ​មិន​គួរ​ឱ្យ​ជឿ។​

កញ្ញា រ៉ាប៊ី ស្រាប់​តែ​​​​​រអ៊ូ​ថា ៖ «រក​សង្សារ​ក្នុង​ស្រុក ​១ ​គ្រាប់ ធ្វើ​ថ្នាំ​​មិន​បាន​​​សោះ​ ហើយ​ក៏​គ្មាន​​​ប្រុស​ស្នេហ៍​នៅ​បរទេស​ណា​​ដែរ អ៊ីចឹង​សរុប​ទៅ​​ឆ្នាំ ២០២០ បេះដូង​នាង​ខ្ញុំ ​​គឺ​ទទេ​ស្អាត​តែ​ម្ដង មិន​​ទាន់​មាន​ប្រុស​ណា​ម្នាក់​​មក​ធ្វើ​ជា​ម្ចាស់​ចិត្ត​ឡើយ»។

តែ​បើ​តាម​ប្រភព​អ្នក​តាម​ដាន​ប្រមាញ់​​ពី​ជីវិត​ឯកជន​នាង ក៏​​​ព្រលយ​ឱ្យ​ដឹង​​ថា នា​អំឡុង​ពេល​ដែល​នាង​ចេញ​ទៅ​​​​សម្ដែង​នៅ​​​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន​នោះ​ នាង​មាន​គេ​ទាក់ទង​ផង​ដែរ ប៉ុន្តែ​​ដោយសារ​រូប​នាង​​មិន​បង្ហាញ​​ភ្លើង​​ខៀវ​ឱ្យ​គេ ​ទើប​ស្ងាត់​ទៅ​វិញ​អស់​ទៅ ហើយ​ឥឡូវ​នេះ​ ​បែរ​ជា​​មក​រអ៊ូ​រក​សង្សារ​​ម្នាក់​មិន​បាន​ទៅ​វិញ។

តារា​ចម្រៀងស្រីរាងស្រលូន រ៉ាប៊ី រអ៊ូថា​ ទោះជិត​ចប់​ឆ្នាំ ២០២០ ​ខ្លួន​នៅ​តែ​​គ្មាន​គូគ្រង​។ រូបថត សហ​ការី

ស្រី​ស្អាត រ៉ាប៊ី ​តារា​ចម្រៀង​​​ស្រី​​​​សំខាន់​​​ម្នាក់​​​របស់​​ផលិតកម្ម​ថោន​រូប​នេះ ​ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា​​៖ «ជា​រឿង​ធម្មតា​ទេ ​សម្រាប់​ជីវិត​​មនុស្ស​មិន​ទាន់​មាន​​គូគ្រង​ គឺ​តែងតែ​មាន​គេ​មក​តាម​​ដូច្នេះ​ហើយ។ តែ​សម្រាប់​នាង​ខ្ញុំ នាពេល​នេះ​ដូចជា​ មិន​ទាន់​ចង់​​គិត​​គូរ​ខ្លាំង​​លើ​រឿង​​​គូគ្រង​អ្វី​នោះ​​​​ឡើយ គឺ​​នាង​​ខ្ញុំ​ចង់​ប្រើ​​ពេល​​រក​ប្រាក់​​ពី​ការងារ​សិល្បៈ​នេះ​មួយ​រយៈ​សិន​ ព្រោះ​​​ថា​ក្រោយ​​​​ពី​​បាន​វិល​​មក​ពី​​អាមេរិក​មក​​នោះ ខ្ញុំ​ក៏​ទទួល​​​​ការងារ​សិល្បៈ​​ច្រើន​​ណាស់ គឺ​សឹង​តែ​គ្មាន​ពេល​ទំនេរ​ទេ ​ពី​ ​១ អាទិត្យ ​ទៅ​​ ​១ ​អាទិត្យ​​»។

តារា​ចម្រៀង​ស្រី​​​ផលិតកម្ម​ថោន​​​ម្ចាស់​បទ​ «​មាន់ស្រែ» ដែល​​​ស្រូប​បាន​ប្រជាប្រិយភាព​ល្បី​ខ្លាំង ពី​យុវវ័យ​សម័យ​ថ្មី​​រូប​​នេះ ក៏​បន្ត​ឱ្យ​ដឹង​ពី​មូលហេតុ​ ពុំ​ទាន់​បើក​ចិត្ត​ទទួល​​យក​ស្នេហ៍​ពី​ក្រុម​កន្លង់​បរទេស​ជា​អាណិកជន​ខ្មែរ-អាមេរិក​ទាំង​ឡាយ ដែល​​​​​តាម​​សុំ​ស្នេហ៍​​ដែរ​ថា៖ «ម្យ៉ាង​ទៀត​អ្នក​តាម​​សួរ​នាំ​ខ្ញុំ​នោះ ភាគ​ច្រើន​នៅ​មិន​ទាន់​ពេញ​ចិត្ត ឬ​ត្រូវ​ចិត្ត​ចង់​បាន​របស់​នាង​ខ្ញុំ​នោះ​​ឡើយ។ នាង​ខ្ញុំ​ក៏​សន្យា​​​​ក្នុង​ចិត្ត​ខ្លួន​ដែរ​ថា បើ​មិន​ត្រូវ​ចិត្ត​​នាង​ខ្ញុំ​ប្រាថ្នា​ចង់​បាន​ទេ ​គឺ​សុខចិត្ត​នៅ​ទំនេរ​ល្អ​ជាង»។

តារា​​​ចម្រៀង​ស្រី​ដែល​​​ធ្លាប់​ផ្តើម​អាជីព​ជា​ប្រធាន​ក្រុម​រាំ និង​ធ្លាប់​ជា​ពិធី​ការិនី​ទូរទស្សន៍​​​ហង្សមាស​ កញ្ញា រ៉ាប៊ី ​ក៏​​​​​ចាប់​​​ឱកាស​​​​ទៅ​ស​ម្តែង​​ក្រៅ​​​ប្រទេស​ជា​លើក​ដំបូង ចាប់​តាំង​ពី​​ប្រឡូក​​​​​សិល្បៈ​មក​​ក៏​​​បាន​ព្រលយ​​​ពី​លក្ខខណ្ឌ​​​​នៃ​សេចក្តី​ប្រាថ្នា​ចំពោះ​​បុរស​ជា​គូ​គ្រង​​ខ្លួន​ នាពេល​​អនាគត​​​ដែរ​​ថា៖ «​សម្រាប់​នាង​ខ្ញុំ បុរស​ដែល​ខ្ញុំ​ចង់​បាន ឬ​ស្រឡាញ់​​ជា​គូ​ជីវិត​​​​​ ​គឺ​ជា​បុរស​​ដែល​គោរព​ស្រឡាញ់ និង​ឱ្យ​តម្លៃ​​​ខ្ញុំ​ឱ្យ​បាន​ច្រើន​ គឺ​មាន​សេរីភាព​​ក្នុង​ការ​ចាយ​​វាយ និង​​​ការ​រស់នៅ​​​ជា​ដើម»៕​