ភ្នំពេញ៖ នៅទីបំផុតបេក្ខនារីរូបស្រស់ កម្ពស់ ១,៧៣ ម៉ែត្រ វ័យ ២០ ឆ្នាំ កញ្ញា សេង រដ្ឋា តំណាងមកពីខេត្តកំពង់ធំ បានគ្រងមកុដ Miss Grand Cambodia 2020 នៃការប្រកួតផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងចំណោមបេក្ខនារីចំនួន ២៨ រូបនោះ។
ការប្រកួតប្រជែងដើម្បីរកម្ចាស់មកុដសម្រស់នារីខ្មែរនៃ Miss Grand Cambodia ឆ្នាំ ២០២០ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រកាលរាត្រីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ រៀបចំនៅដឺព្រីមៀ សេនធ័រ សែនសុខដែលរកបានបេក្ខនារីស័ក្តិសមជាម្ចាស់ជយលាភីចំនួន ៥ រូប (Top 5) ដោយម្ចាស់មកុដលេខ ១ គឺបានទៅលើកញ្ញា សេង រដ្ឋា លេខ ២ បានទៅលើកញ្ញា លឹម សុធាវី តំណាងខេត្តព្រះសីហនុ អាយុ ២៥ ឆ្នាំ មានកម្ពស់ ១,៦៨ ម៉ែត្រ លេខ ៣ បានទៅលើកញ្ញា លីវ ជីលី តំណាងខេត្តបន្ទាយមានជ័យ អាយុ ២៤ ឆ្នាំ មានកម្ពស់ ១,៧០ ម៉ែត្រ លេខ ៤ បានទៅលើកញ្ញា វុធ ធីដាវិន តំណាងខេត្តបាត់ដំបង អាយុ ២៤ ឆ្នាំ កម្ពស់ ១,៧៥ ម៉ែត្រ និងលេខ ៥ បានទៅលើកញ្ញា សារុំ ចន្ថា តំណាងប្រជាជនខ្មែររស់នៅបារាំងមានអាយុ ១៨ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ។
បេក្ខនារីដែលគ្រងតំណែងមកុដថ្មីកញ្ញាឯក Miss Grand Cambodia 2020 ឆ្នាំនេះរកឃើញបេក្ខនារីដ៏ស័ក្តិសមបំផុតជាបេក្ខនារីតំណាងខេត្តកំពង់ធំ មានវ័យ ២០ ឆ្នាំ មានកម្ពស់ ១,៧៣ ម៉ែត្រ ទម្ងន់ ៥៤ គីឡូ ដោយកញ្ញា សេង រដ្ខា គឺជានិស្សិតស្រីរៀនជំនាញគណនេយ្យរៀននៅវិទ្យាស្ថានវ៉ាន់ដា ខណៈកញ្ញាមានរូបសម្ផស្សស្រស់ស្អាត និងមានចំណេះដឹងរូបនេះក៏ធ្លាប់ឈ្នះជយលាភីចំណាត់ថ្នាក់លេខ ១ ដែរក្នុងការប្រកួតបវរកញ្ញា Miss Yellow 2018។
អ្វីដែលធ្វើឱ្យមជ្ឈដ្ឋានអ្នកចូលរួម និងគណៈកម្មការប្រកួតសម្តែងភាពភ្ញាក់ផ្អើលខ្លាំងក្នុងវគ្គសំណួរចម្លើយ ដែលបង្ហាញចំណាប់អារម្មណ៍ស្អប់បំផុតក្នុងជីវិតនោះ កញ្ញា សេង រដ្ឋា បានឆ្លើយដោយទំនុកចិត្ត និងមានការជឿជាក់ថា៖ «តាំងពីដឹងក្តីមក នាងខ្ញុំស្អប់អំពើហិង្សាទៅលើកុមារ និងទៅលើស្រ្តីជាងគេក្នុងជីវិតរបស់ខ្ញុំ។ ម្យ៉ាងវិញទៀត នាងខ្ញុំក៏ស្អប់ភាពអសន្តិសុខនៅក្នុងសង្គម និងសង្រ្គាម ដែលបំផ្លាញគ្រប់យ៉ាងនៅក្នុងសង្គមមានដូចជា ការអភិវឌ្ឍប្រទេសជាដើម»។
សម្រាប់បេក្ខនារីម្ចាស់មកុដថ្មីចំណាត់ថ្នាក់លេខ ១ ពីកម្មវិធី Miss Grand Cambodia 2020 នេះ កញ្ញា សេង រដ្ឋា នឹងត្រៀមខ្លួនជាតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតបន្តក្នុងកម្មវិធីអន្តរជាតិ Miss Grand International 2020 នៅប្រទេសវេណេស៊ុយអេឡា ពេលខាងមុខ៕