ភ្នំពេញ៖ សម្រាប់​សិល្បករ-សិល្បការិនី​ ស្ទើរ​តែ​ទាំង​អស់​កាល​ណា​​​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ និង​ទ្រព្យ​ធន​ច្រើន​ហើយ​នោះ ​រមែង​​ស្រវា​ទិញ​លំនៅឋាន​ជា​វីឡា​តូច ឬ​ធំ​​តាម​ធនធាន​ខ្លួន​ ​មាន​​ទី​តាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ចម្លែក​អី​​តារា​ចម្រៀង​​​ស្រី​​រាង​ស្លីម​ សាច់​ខ្ចី​ដូច​បណ្តូល​ចេក​កញ្ញា អ៊ីវ៉ា ហាក់​មិន​បាន​នឹក​នា​​សង្វាត​ទិញ​ផ្ទះ​សំបែង​ដូច​គេ​​នោះ​ឡើយ គឺ​នាង​សុខ​​ចិត្ត​ធ្វើ​​ដំណើរ​វិល​ចុះ​ឡើង​ទៅ​សម្រាក​ផ្ទះ​ខ្លួន​នៅ​ស្រុក​កំណើត​​ក្នុង​ខេត្ត​កំពង់ស្ពឺ​វិញ​។​

តារា​ចម្រៀង​ស្រី​ជ្រក​នៅ​ទ្រនំ​សាន់ដេ​មាន​ឈ្មោះ​​ពិត​កញ្ញា​ ឃីន ស្រីនាថ ហៅ​កញ្ញា​ អ៊ីវ៉ា ​ចំណាយ​ពេល​ជិះ​រថយន្ត​ពី​ផ្ទះ​​នាង​នៅ​ខេត្ត​កំពង់ស្ពឺ មក​ច្រៀង​នៅ​ភ្នំពេញ តាម​បណ្ដា​​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន ដោយ​ត្រូវ​ប្រើ​ពេល​ដល់​ជាង ១ ម៉ោង​​​ឯណោះ ដែល​ខុស​ពី​អ្នក​សិល្បៈ​រួម​​អាជីព​មួយ​ចំនួន​​ភាគ​ច្រើន​បាន​ទិញ​ផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ ឬ​ក៏​អាច​​ជួល​បន្ទប់​​ខុនដូ​​ នៅ​ជិតៗ​ក្រុង ដើម្បី​ស្នាក់នៅ។

ក៏​ប៉ុន្ដែ​តារា​ចម្រៀង​ស្រី​សំឡេង​ស្រួយ ស្រទន់ និង​មុត កញ្ញា ​អ៊ីវ៉ា វិញ​គឺ​សុខ​ចិត្ត​ចុះ​ឡើង​ទៅ​មក​ៗ ​ពី​​ខេត្ត​មក​​ភ្នំពេញ​ ដោយ​គ្មាន​គម្រោង​​ទិញ​ផ្ទះ​វីឡា​ថ្មី​ដូច​គេ​ឯង​ឡើយ ខណៈ​ដែល​​​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​របស់​នាង​នៅ​ខេត្ត​កំពង់ស្ពឺ នោះ​​គឺ​​ថា​​មិន​ចាញ់​ទ្រនំ​​​​ដ៏​ធំ​ប្រណីត​​​​​របស់​តារា​ចម្រៀង​​​ប្រុស​​​លោក ខេម ប៊ុនថៃ ហៅ​​លោក ខេមរៈ សិរីមន្ដ ដែល​​ពី​មុន​រួម​​ទ្រនំ​សាន់ដេ​​នឹង​​​​នាង ខណៈ​បច្ចុប្បន្ន​នៅ​​​​ហង្សមាស​ឡើយ​។

នា​រយៈពេល ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​តារា​ចម្រៀង​​​ស្រី រាង​​ស្លីម សម្រស់​កាន់​តែ​​​ផូរផង់ កញ្ញា អ៊ីវ៉ា ក៏​​មាន​​លេច​ឮ​ដែរ​​​ថា ត្រូវ​បាន​ផលិតកម្ម​​​ចម្រៀង​ធំ​ហង្សមាស ចែចូវ​យក​ទៅ​ជួប​ជុំ​តារា​​​ចម្រៀង​ប្រុស​ ខេមរៈ សិរីមន្ត​ ផង​ដែរ តែ​ចុង​ក្រោយ​នេះ​​​កញ្ញា​សម្រេច​​ចិត្ត​នៅ​ទ្រនំ​ចាស់​ដដែល​រហូត​ដល់​បច្ចុប្បន្ន​នេះ។ ​

ចំពោះ​រឿង​ហេតុ​ផល​ដែល​តារា​ចម្រៀង​ស្រី​ប្រឡូក​នៅ​ក្នុង​វិថី​សិល្បៈ​ច្រៀង​ជាង​ ១០ ឆ្នាំ កញ្ញា​ អ៊ីវ៉ា ក៏​ធ្លាប់​បង្ហើប​​ប្រាប់​ថា៖ «ដោយសារ​តែ​ទម្លាប់ ទើប​បាន​ជា​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មិន​ចង់​គេង​​នៅ​ទីណា ​ក្រៅ​ពី​ផ្ទះ​របស់​ខ្ញុំ​​នៅ​ខេត្ត​កំពង់ស្ពឺ នោះ​។ នាង​ខ្ញុំ​​ពិត​ជា​ សុខ​ចិត្ត​ធ្វើ​ដំណើរ​ទាំង​យប់​​ពី​ភ្នំពេញ ទៅ​គេង​នៅ​ផ្ទះ​​ឯ​ខេត្ត​កំពង់ស្ពឺ មែន!។ គ្មាន​គម្រោង​ទិញ​ផ្ទះ​ថ្មី​នៅ​ភ្នំពេញ​ទេ​ព្រោះ​​​ចិត្ត​ចង់​តែ​ទៅ​គេង​ផ្ទះ​​កំណើត ​​ម្យ៉ាង​​ទៀត​ងាយ​ស្រួល​​​​មើល​ហាង​សម្លៀក​បំពាក់​នៅ​ក្បែរ​​​ផ្ទះ​ផង​​»។

គួរ​​​បញ្ជាក់​​ថា តារា​​​​ចម្រៀង​​ស្រី​ ​​​នៅ​​​ពុំ​ទាន់​ឃើញ​​​​​លេច​​ឮ​ថា មាន​កំណាន់​ចិត្ត​ ឬ​គូ​ស្នេហ៍​យល់​ចិត្ត​នៅ​​ឡើយ​ កញ្ញា អ៊ីវ៉ា តែងតែ​មាន​លោក​ឪពុក​ដែល​​​​​ជា​ទី​ស្រឡាញ់​​ឈ្មោះ​ថា អ៊ូ វ៉ាវ គឺ​ជា​អ្នក​​បើក​ឡាន​ជូន​​កូន​ស្រី​​​​គ្រប់​ពេល​នៃ​ដំណើរ​​​ចូលរួម​ក្នុង​​កម្មវិធី​ប្រគំ​តន្រ្តី​ឡើង​ចុះ​ខេត្ត​ និង​​ក្រុង​​ភ្នំពេញ ត្រឡប់​ទៅ​ផ្ទះ​​​នៅ​កំពង់ស្ពឺ​ជាង ១០ ឆ្នាំ​ហើយ​​៕