ភ្នំពេញ៖ មុន​ពេល​មាន​កម្មវិធី «កត់ត្រា​រៀល» អ្នកស្រី គែម សុគន្ធា ប្រើ​ក្រដាស​សៀវភៅ​កត់ត្រា​រាល់​ចំណូល និង​ចំណាយ​ពី​ការ​លក់ដូរ​ផលិតផល​ប្រចាំថ្ងៃ។

ប៉ុន្ដែ​ម្ចាស់​ហាង​ការ៉េម​ពពក​រូប​នេះ​អះអាង​ថា បញ្ជី​លើ​ក្រដាស​សៀវភៅ​រមែង​បង្កើត​កំហុស​ភ្លេចភ្លាំង។

អ្នកស្រី គែម សុគន្ធា និយាយ​ថា៖ «ទាក់ទង​ការ​បង្កើត និង​ការ​ថែរក្សា​អាជីវកម្ម​របស់​ខ្ញុំ​អាច​ដើរ​ទៅ​មុខ វា​ទាមទារ​ឱ្យ​ខ្ញុំ​ស្គាល់​ពី​ចំណាយ និង​ចំណូល ពី​ព្រោះ​វា​អាច​ឱ្យ​ខ្ញុំ​ដឹង​ពី​សុខទុក្ខ​នៃ​អាជីវកម្ម​ថា តើ​វា​នឹង​ប្រឈម​បញ្ហា ឬ​រីកចម្រើន​ដែរ​ឬទេ។ ជាក់​ស្ដែង ខ្ញុំ​មាន​ហាង​ការ៉េម ២ សាខា និង​ត្រៀម​ពង្រីក​សាខា​ទី៣»។

អតីត​បេក្ខភាព​ចូលរួម​ក្នុង​ថ្នាក់​សហគ្រិន​មូលដ្ឋានគ្រឹះ ដែល​បង្កើត​ឡើង​ដោយ ស៊ី អ៊ិនវេសមិន បាន​បន្ដថា៖ «មុន​ពេល​ខ្ញុំ​ស្គាល់ App នេះ ការ​កត់ត្រា យើង​ធ្វើ​នៅ​លើ​ក្រដាស ដែល​ត្រូវ​ផ្ទៀងផ្ទាត់​ដោយ​ដៃ ហើយ​ពេល​ខ្លះ យើង​មាន​ការ​ភ្លេច​កត់ត្រា ដោយសារ​ការ​មមាញឹក​ពេក»។

«កត់ត្រា​រៀល» ត្រូវ​បាន​បង្កើត​ឡើង​ដោយ ស៊ី អ៊ិនវេសមិន [SHE Investments] សម្រាប់​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់ និង​គោល​បំណង​សំខាន់​បំផុត គឺ​ដើម្បី​ជួយ​សហគ្រិន​ខ្នាត​តូច​ឈាន​ទៅ​រក​អាជីវកម្ម​ណាមួយ ដោយ​ចាប់​ផ្ដើម​រៀបចំ​ខ្លួន​ពី​ពេល​បច្ចុប្បន្ន។

អ្នកស្រី លឹម លីដា សហស្ថាបនិក ស៊ី អ៊ិនវេសមិន [SHE Investment] បាន​ថ្លែង​ក្នុង​ពេល​សម្ពោធ មជ្ឈមណ្ឌល​ព័ត៌មាន​ឌីជីថល និង​កម្មវិធី​ទូរស័ព្ទ​កត់ត្រា​រៀល កាល​ពី​ថ្ងៃទី ១២ ខែ​កុម្ភៈ ថា៖ «ដោយ​មើល​ឃើញ​ពី​ផល​លំបាក​សហគ្រិន​ស្ដ្រី និង​ការ​ទទួល​បាន​ត្អូញត្អែរ​ថា ការ​កត់ត្រា​ក្នុង​សៀវភៅ ជួប​ការ​លំបាក ហើយ​ជួនកាល​អត់​បាន​ធ្វើ​វា​ដិតដល់ វា​ក៏​បាត់ ឬ​ជួនកាល​កូនៗ​សរសេរ​អក្សរ​លើ ខ្ញុំ​ព្យាយាម​រិះរក App ដែល​គាត់​អាច​ប្រើប្រាស់​បាន»។

អ្នកស្រី​ទទួល​ស្គាល់​ថា ភាគ​ច្រើន​នៅ​លើ​ទូរស័ព្ទ មាន​កម្ម​វិធី​ស្រាប់​ជា​ច្រើន តែ​វា​អត់​ទាន់​ល្អ​គ្រប់គ្រាន់ អត់​ទាន់​ត្រូវ​ជាមួយ​ពួក​គាត់​នោះទេ ជាពិសេស App ទូទៅ​ប្រើ​ជា​ភាសា​អង់គ្លេស​ថែម​ទៀត ដែល​សហគ្រិន​ស្ដ្រី​ខ្នាតតូច​មួយ​ចំនួន​អត់​ចេះ​អង់គ្លេស​មិន​អាច​ប្រើប្រាស់​បាន។

អ្នកស្រី លឹម លីដា សហ​ស្ថាបនិក ស៊ី អុិនវេសមិន [SHE Investment]​​។ សហ​ការី

អ្នកស្រី​អះអាង​ថា៖ «ចំណុច​ពិសេស​របស់ «កត់ត្រា​រៀល» វា​មាន​ភាព​សាមញ្ញ ពោល​គឺ​ងាយ​ស្រួល​ប្រើ​ទាំង​ចុះ​ឈ្មោះ ការ​បញ្ចូល​លេខ ទាញ​របាយការណ៍ ភាសា​ខ្មែរ និង​អង់គ្លេស ក៏ដូចជា​ប្រព័ន្ធ​សុវត្ថិភាព»។

ដោយ​ឆ្លង​កាត់​ការ​អភិវឌ្ឍ​រយៈពេល​ជិត ២ ឆ្នាំ «កត់ត្រា​រៀល» ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​បំណង​ជួយ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក៏​ដូចជា​ការ​បែងចែក​រវាង​អាជីវកម្ម និង​លុយ​គ្រួសារ។

ការ​ប្រើប្រាស់​រវាង​ប្រាក់​អាជីវកម្ម និង​ប្រាក់​ផ្ទាល់​ខ្លួន​សម្រាប់​គ្រួសារ​បង្កើត​ជា​បញ្ហា​ស្មុគស្មាញ ដែល​ធ្វើ​ឱ្យ​ការ​ចំណាយ និង​ចំណូល​មាន​ភាព​ច្របូកច្របល់​គ្នា។

អ្នកស្រី គែម សុគន្ធា បាន​និយាយ​ថា៖ «កត់ត្រា​រៀល​អាច​ឱ្យ​យើង​មើល​ឃើញ​ពី​ការ​ចំណាយ ចំណូល ក៏​ដូចជា items ដែល​យើង​លក់​បាន​នៅ​ក្នុង​នោះ ជាពិសេស​រៀងរាល់​ពេល​ល្ងាច មុន​ពេល​បិទ​ហាង រមែង​មាន notification រំឭក​ឱ្យ​យើង​បញ្ចូល និង​ផ្ទៀង​ផ្ទាល់​ចំណាយ និង​ចំណូល​នៅ​ក្នុង​ហាង​របស់​យើង»។

កត់ត្រា​រៀល​មាន​មុខ​ងារ​សំខាន់ៗ ដែល​ផ្ដោត​លើ​ការ​កត់​ចំណូល​ថ្មី ​កត់​ចំណាយ​ថ្មី បិទ​បញ្ជី​ប្រចាំ​ថ្ងៃ និង​ត្រួត​ពិនិត្យ​របាយការណ៍។

លោក ឈៀង វណ្ណមុនិណ្ណ នាយក​ប្រតិបត្ដិ​នៃ​សហគ្រិន​ខ្មែរ (Khmer Enterprise) ដែល​ជា​ស្ថាប័ន​ប្រតិបត្ដិករ​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាត់​ទុក​ការ​បង្កើត​ឡើង​ថ្មី​នេះ​ជា​វិធីសាស្ដ្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​ឱ្យ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​របៀប​សាមញ្ញ។

លោក​បាន​បន្ត​ថា៖ «មជ្ឈមណ្ឌល​ព័ត៌មាន​ឌីជីថល និង​កត់ត្រា​រៀល ជួយ​ជំរុញ​ឱ្យ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ចាប់​ផ្ដើម​អនុវត្ដ​បែប​ឌីជីថល​តាមរយៈ​ការ​ចូល​យក​ព័ត៌មាន​ទាក់ទង​នឹង​អាជីវកម្ម ការ​បង្ហាត់​បង្ហាញ ការ​បង្កើត​ទំនាក់ទំនង​លើ​បណ្ដាញ​អ៊ីនធឺណិត និង​ការ​តាមដាន​ចំណូល​ចំណាយ​ប្រចាំថ្ងៃ»។

លោក ឈៀង វណ្ណមុនិណ្ណ នាយក​ប្រតិបត្ដិ​នៃ​សហគ្រិន​ខ្មែរ (កណ្ដាល)​។ សហការី

អ្នកស្រី លីដា បាន​លើក​ឡើង​សំណួរ​ដ៏​ពេញ​និយម​មួយ​ដែល​សហគ្រិន​ស្ដ្រី​រូបនេះ​រមែង​ចោទ​សួរ​អ្នក​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ថា «ពេល​បង​ចេញ​រកស៊ី តើ ៥ ឆ្នាំ​ក្រោយ បង​ក្លាយ​ជា​អ្វី?»។

អ្នកស្រី​បន្ដ​ថា៖ «៨០ ភាគរយ ដែល​ខ្ញុំ​បាន​ជួប គឺ​ឆ្លើយ​ថា អត់​ដឹង​ទេ​អ្នកគ្រូ។ បើ​អត់​ដឹង អ៊ីចឹង​ត្រូវ​ត្រឡប់​ទៅ​រាប់​លុយ​ក្នុង​ផ្ទះ និង​នៅ​ធនាគារ​ឱ្យ​ដឹង​សិន រួច​ដាក់​វា​ចូល ពី​ព្រោះ App មួយ​នេះ វា​កត់ត្រា​ទៅ​លើ​សាច់​លុយ​ចេញចូល​របស់​យើង»។

អ្នកស្រី​បន្តថា៖ «បើ ៥ ឆ្នាំ​ទៀត ចង់​ដាក់​ពាក្យសុំ grant ឬ loan ធំៗ យើង​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ពី​ចំណុច​នេះ​ទៅ»។

ថ្លែង​តាម​សារ​វីដេអូ​ក្នុង​ថ្ងៃ​សម្ពោធ​កម្មវិធី​ទូរស័ព្ទ​នេះ លោក Rajeev Kumar Gupta អ្នក​ជំនាញ​បច្ចេកទេស​ឌីជីថល​ប្រចាំ​តំបន់​អាស៊ី​របស់ UNCDF បាន​ឱ្យ​ដឹង​ថា៖ «កម្មវិធី​ទូរស័ព្ទ​កត់ត្រា​រៀល នឹង​អាចជួយ​ឱ្យ​ស្ដ្រី​ដែល​មាន​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​បញ្ចាំ​ទ្រព្យ​សម្បត្ដិ​ផ្សេង»។

លោក​បន្ដ​ថា៖ «កម្មវិធី​នេះ ​គឺ​ជា​ដំណោះស្រាយ​ថ្មី ដែល​ប្រើ​ទិន្នន័យ​ប្រតិបត្ដិការ​អាជីវកម្ម​ជា​ជម្រើស​មួយ​ដែល​អាច​យក​មក​ធ្វើ​ការ​វាយតម្លៃ​ឥណទាន​បាន។ ជាមួយ​នឹង​ការ​រង​វិបត្ដិ​កូវីដ ១៩ មក​លើ​សេដ្ឋកិច្ច​កម្ពុជា កម្មវិធី​នេះ​ផ្ដល់​ឱកាស​ឱ្យ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ឬ​មធ្យម ស្ដារ​ឡើងវិញ ព្រោះ​វា​អាច​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ឱកាស​ហិរញ្ញវត្ថុ​នានា»។

ព័ត៌មាន​បន្ថែម សុំចូល​ទៅកាន់​ទំព័រ​ហ្វេសប៊ុក ស៊ី អ៊ិនវេសមិន @sheinvestments ឬ​វេបសាយ www.kotrariel.com/៕