ភ្នំពេញ : ដោយមើលឃើញពីតម្រូវការបុគ្គលិកការិយាល័យគ្មានពេលចេញទៅញ៉ាំអាហារ អ្នករកនឹកមិនដឹងថាចង់ញ៉ាំអ្វី និងអ្នកគ្មានពេលចម្អិនម្ហូប សហស្ថាបនិកកម្ពុជា ២ រូបបានរួមគំនិតគ្នាបង្កើតនូវកម្មវិធីស្មាតហ្វូន Muuve Delivery ដែលជួយណែនាំម្ហូប និងដឹកជូនដល់មាត់ទ្វារដោយមិនបាច់សន្ទនាអ្វីច្រើន។
ខុសប្លែកពី App កុម្ម៉ង់អាហារដទៃទៀត ស្ថាបនិក លោក ប៉ាញ ផានិត្យ ជាអតីតនិស្សិតព័ត៌មានវិទ្យា (IT) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីលក្ខណពិសេសនៃ Muuve Delivery ថា៖ «កម្មវិធីនេះគឺមិនតម្រូវឲ្យអតិថិជនធ្វើការហៅទូរស័ព្ទទៅកាន់ក្រុមហ៊ុនឡើយដោយអ្នកប្រើប្រាស់គ្រាន់តែធ្វើការបើក App រួចជ្រើសរើសភោជនីយដ្ឋាន ឬហាង និងអាហារដែលខ្លួនចង់កុម្ម៉ង់គឺជាការស្រេច»។
លោកបានឲ្យដឹងទៀតថា៖ «អតិថិជនមិនចាំបាច់ប្រាប់ពីទីតាំងខ្លួនឡើយ ដោយក្រោយពេលកុម្ម៉ង់ កម្មវិធីនឹងធ្វើការបញ្ជាក់ទីតាំងដោយស្វ័យប្រវត្តិទៅកាន់អ្នកដឹកជញ្ជូន»។
ស្រដៀងនឹងកម្មវិធីស្វែងរកមធ្យោបាយធ្វើដំណើរដែរនោះ អតិថិជនអាចដឹងច្បាស់ពីចំនួននាទីជាក់លាក់ក្នុងការរង់ចាំ និងទីតាំងអ្នកដឹកជញ្ជូនដោយមិនចាំបាច់ចំណាយពេលហៅទូរស័ព្ទសួរនាំទេ។
ស្ថាបនិកមួយរូបទៀតដែលសុំប្រើឈ្មោះហៅក្រៅថា និក បានឲ្យដឹងថា កម្មវិធីក៏បានរួមចំណែកផ្ដល់ការងារក្រៅម៉ោងដល់សិស្សនិស្សិតក្រោយទំនេរពីការសិក្សាអាចឆ្លៀតដឹកម្ហូបរកចំណូលបន្ថែមផងដែរ។
លោក និក បានបញ្ជាក់ថា៖ «Muuve ប្រគល់ប្រាក់កម្រៃការដឹកជញ្ជូនស្ទើរតែ ១០០% ទៅឲ្យអ្នកដឹកជញ្ជូនដោយក្រុមអ្នកដឹកជញ្ជូនគ្រាន់តែបង់ប្រាក់លើមុខម្ហូបពីភោជនីយដ្ឋាន ឬអាហារដ្ឋានរួចទៅដឹកឲ្យអ្នកដែលបានកុម្ម៉ង់ ពេលទៅដល់ទីកន្លែង។ អ្នកដឹកជញ្ជូនទូទាត់ប្រាក់ជាមួយភ្ញៀវថ្លៃដឹកនេះគឺបានទូទាត់តាំងពីពេលដែលភ្ញៀវបានកុម្ម៉ង់មកម្ល៉េះ ហើយបើអ្នកដឹកជញ្ជូនរបស់ Muuve ខ្វះខាតប្រាក់សម្រាប់បង់ថ្លៃម្ហូប ក្រុមហ៊ុនក៏មានប្រាក់ឲ្យខ្ចីផងដែរ»។
ទើបតែដាក់ឲ្យប្រើប្រាស់ជាផ្លូវការបានរយៈពេល ៣ ខែ កម្មវិធី Muuve Delivery មានអ្នកចុះឈ្មោះជិត ១ ម៉ឺននាក់ និងមានភោជនីយដ្ឋានប្រមាណជាង ១៥០ កន្លែងជាមួយនឹងម្ហូបរាប់ពាន់មុខ។
លោក អ៊ូ ឧត្តម អាយុ ២៣ ឆ្នាំដែលបម្រើការងារនៅទីភ្នាក់ងារទេសចរណ៍ World Friend Tour បានប្រាប់ពីបទពិសោធក្នុងការកុម្ម៉ង់អាហារតាម App នេះថា៖ «វាដូចជា Menu ឲ្យយោបល់ខ្ញុំថាញ៉ាំអី។ ទី ២ វាជួយសន្សំពេលវេលាមិនបាច់ទៅអង្គុយរង់ចាំទេ។ ទី ៣ វាក៏អាចជួយទិញអាហារ និងដឹកឲ្យមិត្តភក្ដិ ឬមិត្តស្រីនៅកន្លែងផ្សេងទៀតដែរ»។
បុគ្គលិកភ្នាក់ងារទេសចរណ៍ឯកទេសរៀបធួរទៅជប៉ុនរូបនេះបានបញ្ជាក់ដែរថា៖ «ខ្ញុំចុចសាកល្បង Next, next... កន្លះម៉ោងក្រោយក៏មានគេយកមកឲ្យ ឃើញថាម្យ៉ាងដែរ អ្នកដឹកខលម៉ាក្រឺងដែរពេលគេមកដល់ក្រុមហ៊ុនខ្ញុំ»។
ស្ថាបនិក Muuve Delivery ក៏បានប្រាប់ដែរថា មានភ្ញៀវជាច្រើនបានសរសើរសេវាដឹកជញ្ជូននេះថាផ្ដល់ភាពងាយស្រួល ជាពិសេសគឺមានការចុះឈ្មោះច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមដែរគឺកង្វះសមាជិកដឹកជញ្ជូនគ្រប់គ្រាន់ និងមានអតិថិជនមួយចំនួនតូចកុម្ម៉ង់រួចមិនទទួលយកដែរ៕