ភ្នំពេញ៖ ក្រោមប្រធានបទ «ថ្ងៃនៃក្ដីស្រឡាញ់ យើងស្រឡាញ់ព្រៃឡង់» អ្នកចូលរួមមកពីបណ្ដាស្ថាប័ននានា ត្រូវបានអញ្ជើញឲ្យធ្វើដំណើរកម្សាន្តបោះជំរំនៅតំបន់ព្រៃឡង់ ឯខេត្តក្រចេះ ក្នុងបំណងចែករំលែកក្ដីស្រឡាញ់ទៅកាន់ធម្មជាតិ ទាំងសត្វព្រៃ និងព្រៃឈើ ចំថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានដឹកនាំអ្នកចូលរួមប្រមាណ ៣០០ នាក់ រួមមាន មន្ត្រីបរិស្ថាន ប្រជាពលរដ្ឋ អង្គការដៃគូ ព្រះសង្ឃ អ្នកសារព័ត៌មាន និងប្រធានសហគមន៍មកពីខេត្តទាំង ៤៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ មកចូលរួមការបំបួសដើមឈើ និងការទស្សនកិច្ចកសិកម្មចម្ការព្រៃដាំ។
ការបោះតង់បំផុសសារស្រឡាញ់ព្រៃឡង់ ត្រូវបានលោករៀបរាប់ឲ្យដឹងថា៖ «ចាប់តាំងពីឆ្នាំ ២០១៩ លើកនេះ គឺជាលើកទី៣ ហើយសម្រាប់ការបោះជំរំតង់ ដោយយើងមានចេតនាជ្រើសរើសថ្ងៃទី ១៤ កុម្ភៈ មកប្រារព្ធពិធីចែកចាយក្ដីស្រឡាញ់ដល់ធម្មជាតិទាំងមូលនៅកម្ពុជា»។
លោករដ្ឋលេខាធិការបានបន្តថា៖ «យើងបានមកក្នុងព្រៃនេះដើម្បីបោះតង់ ជួបជុំគ្នាបង្ហាញពីសាមគ្គីភាពរវាងយើងទាំងអស់គ្នា។ ថ្វីដ្បិតថាយើងមកពីកន្លែងផ្សេងៗគ្នា តែយើងមានគោលដៅតែមួយនោះគឺ ដើម្បីការពារធនធានធម្មជាតិរបស់យើងដែលមានក្នុងព្រៃឡង់នេះ»។
បើទោះជាប្រធានបទលើកនេះផ្ដោតទៅលើព្រៃឡង់ តែលោក ភក្ត្រា បានបញ្ជាក់ថា ខាងក្រសួងបរិស្ថាននឹងធ្វើចំពោះព្រៃគ្រប់កន្លែងនៅកម្ពុជា ដែលស្ថិតក្នុងតំបន់ការពារក្រោមក្រសួងបរិស្ថាន ដែលមានរហូតដល់ ៧ លាន ៣ សែនហិកតា។
បន្ទាប់ពីធ្វើដំណើរទៅដល់កន្លែង និងស្រស់ស្រូបអាហារពេលថ្ងៃរួច លោកបានដឹកនាំអ្នកចូលរួមទៅធ្វើពិធីបំបួសដើមឈើ ដោយព្រះតេជព្រះគុណ សូ ស៊ីណាត។
ដំណើរពីកន្លែងបោះតង់ទៅកាន់កន្លែងបំបួសដើមឈើ មានទេសភាពព្រៃឈើបៃតងបានធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ស្រស់ថ្លា និងប្លែកភ្នែកជាមួយធម្មជាតិបៃតង រុក្ខជាតិ និងបុប្ផាព្រៃពណ៌សណ្ឋានប្លែក។
ស្ថិតនៅទីបំបួសដើមឈើ ព្រះតេជព្រគុណ បានមានសង្ឃដីកាថា៖ «អាត្មាសប្បាយក្នុងផ្លូវចិត្តណាស់ដែលឃើញញោមបរិស្ថានមករៀបចំកម្មវិធី និងនាំមនុស្សជាច្រើនមកចូលរួម និងបង្ហាញពីការស្រឡាញ់ដល់ធម្មជាតិក្នុងថ្ងៃនៃក្ដីស្រឡាញ់នេះ»។
បន្ទាប់ពីបានបញ្ចប់ពិធីចងស្បង់ជាប់ទៅនឹងដើមឈើរួច អ្នកចូលរួមបាននាំគ្នាថតរូបលេងជាមួយរុក្ខជាតិបំបួស និងឧទ្យានុរក្សយ៉ាងរីករាយ មុននឹងបន្តដំណើរថ្មើរជើងត្រឡប់មករៀបចំកន្លែងសម្រាក។
ក្នុងចំណោមអ្នកចូលរួម ក្នុងនោះផងដែរបុរសជប៉ុន ហ្គូសេគិ កាហ្សឹហ៊ីរ៉ូ ដែលជាប្រធានទីប្រឹក្សាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រាប់ពីការប្រារព្ធទិវានៃក្ដីស្រឡាញ់នៅប្រទេសកំណើតថា៖ «នៅជប៉ុនយើងប្រារព្ធពិធីនេះប្លែកពីគេណាស់ ធម្មតាក្នុងថ្ងៃនៃក្ដីស្រឡាញ់ស្រីៗនឹងជាអ្នកឱ្យសូកូឡាទៅមិត្តប្រុស ឬដៃគូ តែពួកគាត់ក៏អាចជូនដល់មិត្តភក្តិ និងគ្រួសារគាត់ដូចគ្នា»។
លោក កាហ្សឹហ៊ីរ៉ូ ដែលទើបតែមកកាន់តំបន់ព្រៃឡង់ជាលើកដំបូង និងប្រារព្ធទិវានៃក្ដីស្រឡាញ់ទៅកាន់ធម្មជាតិនោះ បានបន្តថា៖ «គ្រាន់តែថា សូកូឡាចែកចេញជា ២ ប្រភេទ។ ប្រភេទទី១ ឈ្មោះថា giri-choco ដែលវាងាយស្រួលធ្វើសម្រាប់ជូនអ្នកជាទីស្រឡាញ់ តែមិនទាក់ទងនឹងស្នេហា។ ប្រភេទមួយទៀតដែលគាត់ទុកជូនសម្រាប់អ្នកពិសេស ឬដៃគូគាត់ ហៅថា honmei-chocos»។
លោកបានបន្តដោយអស់សំណើចថា៖ «អ្នកខ្លះអាចនឹងគិតថា ថ្ងៃនៃក្ដីស្រឡាញ់នៅជប៉ុនវាកើតឡើងតែម្ខាង តែយើងមានថ្ងៃមួយទៀតដែលគេច្រើនហៅថា White Day នៅខែមីនា ថ្ងៃទី ១៤ ដែលប្រៀបដូចជា ការតបស្នងទៅកាន់ ១៤ កុម្ភៈ ដោយបុរស ឬមនុស្សនឹងឱ្យកាដូទៅកាន់អ្នកដែលជូនកាដូគាត់នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ តែកាដូអាចជាអ្វីក៏បាន»។
រាត្រីកាលមកដល់ តង់ត្រូវបានដំឡើងរួច ហើយអ្នកចូលរួមបានទទួលទាន និងរាំលេងជុំវិញភ្នក់ភ្លើងយ៉ាងសប្បាយរីករាយ។
នៅថ្ងៃបន្ទាប់ ១៥ កុម្ភៈ អ្នកចូលរួមត្រូវបាននាំទៅធ្វើទស្សនកិច្ចសិក្សានៅចម្ការព្រៃដាំជាច្រើនហិកតារបស់ក្រុមហ៊ុន Think Biotic ជាទីដែលលោក Run Peng Wei ជាប្រធានក្រុមហ៊ុនរៀបរាប់ពីបច្ចេកទេសក្នុងការដាំកូនឈើដោយមិនប្រើគ្រាប់ និងប្រើពេលត្រឹមតែ ៥ ឆ្នាំអាចប្រមូលផល។
គាំទ្រទៅលើការដាំរុក្ខជាតិនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា៖ «ខាងក្រសួងគាំទ្រទៅលើចម្ការព្រៃដាំនេះណាស់ ព្រោះបើតាមសម្តីលោក Run Peng Wei គឺអាចផ្ដល់ការងារដល់ប្រជាជនដល់ទៅ ២ ០០០ នាក់ ជាងឯណោះ ហើយយើងសង្ឃឹមថា វាអាចជំនួសព្រៃឈើដែលត្រូវបានកាប់បំផ្លាញខ្លះដែរ»៕
វីដេអូ៖