
ក្រុម Liter Tree មានសមាជិក ៥ រូប បានឈ្នះពានលេខ២ នៅ Technovation សហរដ្ឋអាមេរិក។ សហការី
ភ្នំពេញ៖ ការបាត់បង់នូវកំណត់ត្រារក្សាទុកស្នាដៃកំណាព្យរបស់កវីនិពន្ធក្នុងសម័យប៉ុលពត អាចជាមូលហេតុមួយដែលអ្នកបច្ចេកវិទ្យាជំនាន់ថ្មីរបស់កម្ពុជា ខិតខំអភិរក្សទម្រង់សិល្បៈដូនតាខ្មែរមួយនេះ។
ការបង្កើតកម្មវិធីអភិរក្សកំណាព្យ «ណែងណង» ធ្វើឲ្យក្មេងស្រីកម្ពុជា ៥ រូប ឈ្នះជយលាភីលេខ ២ ពីការប្រកួត World Pitch របស់ Technovation នៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលមានបេក្ខជនដល់ទៅ ៧ ២០០ នាក់ មកពី ៥៧ ប្រទេស។
រៀបចំឡើងនៅសាកលវិទ្យាល័យ Oracle Santa Clara Campus កាលពីថ្ងៃទី ១៥ ខែ សីហា ក្រុមកុមារីកម្ពុជា LiterTree មកពីសាលា Liger Leadership Academy ទទួលបានប្រាក់រង្វាន់ ៥ ០០០ ដុល្លារ បន្ទាប់ពីក្រុមកុមារីជើងឯកមកពីឥណ្ឌា Social Relay ដែលឈ្នះ ១២ ០០០ ដុល្លារ ក្នុងកម្មវិធី Baton ដែលពង្រីកអត្ថប្រយោជន៍ដល់សហគមន៍តាមរយៈសិស្សនិស្សិតធ្វើការងារហាត់ការសង្គម រួចផ្ទេរទៅចាប់គម្រោងនានារបស់អង្គការ។
គោលបំណងស្នូលកុមារីអាយុចន្លោះពី ១៣ ទៅ ១៤ ឆ្នាំមួយក្រុម បានអភិវឌ្ឍកម្មវិធីទូរស័ព្ទ «ណែងណង» សម្រាប់ជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្ស ជាពិសេសសិស្សវិទ្យាល័យ អ្នកនិពន្ធកំណាព្យ អ្នកស្រឡាញ់ចូលចិត្ដកំណាព្យខ្មែរទាំងអស់ និងអ្នកប្រើប្រាស់ទូរស័ព្ទទំនើបដែលគួរតែសាកល្បង។

ក្រុម LiterTree នៅទីស្នាក់ការ GV (Google Ventures) រដ្ឋកាលីហ្វ័រនីញ៉ា។សហការី
ក្រុម LiterTree បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «វាត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកសិក្សាជាចម្បង។ ជាមួយការឌីហ្សាញកម្មវិធីទូរស័ព្ទដ៏ងាយស្រួលយល់ ពណ៌ស្រស់ស្អាត ហើយជាពិសេសមិនពិបាកស្វែងរកពាក្យចុងចួន។ យើងជឿថា កម្មវិធីនេះនឹងជាប្រភពដ៏មានប្រយោជន៍សម្រាប់អ្នកសិក្សាកំណាព្យអក្សរសាស្ដ្រខ្មែរ»។
LiterTree មានសមាជិកកុមារី ៥ នាក់ ដូចជា កុមារី អូន អេងទៀង អាយុ ១៤ ឆ្នាំ អ៊ីម អ៊ីណា អាយុ ១៤ ឆ្នាំ ពលៈ ជារក្សា អាយុ ១៤ ឆ្នាំ សាន ករុណា អាយុ ១៤ ឆ្នាំ និង ហៀង ដាឡែន អាយុ ១៣ ឆ្នាំ មកពីសាលា Liger Leadership Academy បានសម្រេចធ្វើការរួមគ្នាជាក្រុមការងារសម្រាប់ឱកាសប្រកួត Technovation ឆ្នាំនេះ។
Hannah Trivitt ជាអ្នកសម្របសម្រួល Technovation សម្រាប់ក្រុមចូលរួមពីសាលា Liger បាននិយាយថា៖ «ពេលរដូវប្រកួត Technovation ចាប់ផ្ដើមពួកគេបានប្រមូលផ្ដុំគ្នា និងមានគំនិតរួមលើបញ្ហាសុខាភិបាល តែដល់ពេលធ្វើការក្រុម ពួកគេស្រាប់តែចាប់អារម្មណ៍លើប្រធានបទកំណាព្យដោយការប្រើជំនាញសហប្រតិបត្ដិការ ទំនាក់ទំនង និងដោះស្រាយបញ្ហា»។
ក្រុមកុមារីទាំង ៥ នាក់ មានបំណងជួយអភិរក្សកំណាព្យ និងបង្កើនចំនួនអ្នកសរសេរកំណាព្យខ្មែរឲ្យកាន់តែច្រើន។ ពួកគេនិយាយថា ក្មេងជំនាន់ក្រោយកាន់តែលែងខ្វល់ខ្វាយវប្បធម៌នៃការនិពន្ធ ដោយទទួលយកនូវឥទ្ធិពលពីបរទេស។
កម្មវិធីមានមុខងារចំនួន ៥ ដែលជួយអ្នកប្រើប្រាស់កាន់តែជាប់ចិត្ដនឹងការសិក្សាអំពីកំណាព្យ ដោយការអានមុខងារ បង្ហោះស្នាដៃ រៀនសំណង់ប្រយោគប្រភេទកំណាព្យផ្សេងៗ ព្រមទាំងព័ត៌មានប្រវត្ដិនៃមេរៀន។

កុមារីទាំង ៥ រូបជាសិស្សសិក្សានៅ Liger Leadership Academy នៅកម្ពុជា។ រូបថត សហការី
LiterTree បន្ដថា៖ «យើងជឿថា មុខងារទាំងនេះពិតជាល្អស័ក្ដិសមសម្រាប់អ្នកសរសេរកំណាព្យខ្មែរ ដែលពិបាកស្វែងរកពាក្យពេចន៍សម្រាប់ប្រើប្រាស់ដោយមានការចំណាយពេលវេលា និងផ្ដល់លទ្ធផលគាប់ចិត្ដ។ យើងគ្រោងដាក់ប្រភេទកំណាព្យជាច្រើនតាមដែលអាចធ្វើទៅបាន តែបច្ចុប្បន្នយើងបានបញ្ចូលមេរៀនកំណាព្យចំនួន ៧ ប្រភេទ»។
គំនិតរបស់កុមារីទាំង ៥ គឺជាលទ្ធផលនៃការងារ និងកិច្ចសហការពីសិស្សច្បងរយៈពេល ១ ឆ្នាំ ក្នុងការប្រកួត Technovation ដែលបានជួយស្ដ្រីវ័យក្មេងទូទាំងពិភពលោកក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីដោះស្រាយបញ្ហានានាដែល ពួកគេប្រឈមក្នុងសហគមន៍ និងកសាងមុខជំនួញ។ នេះបើយោងតាម Mina Fears មកពី Technovation ដែលរៀបចំព្រឹត្ដិការណ៍ World Pitch ខណៈក្រុមកុមារីកម្ពុជាបានឈ្នះចំណាត់ថ្នាក់លេខ ២។
Mina Fears បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ តាមអ៊ីមែលថា៖ «ពួកគេហោះមក Silicon Valley រដ្ឋកាលីហ្វ័រនីញ៉ា បានបង្ហាញពីទស្សនៈជំនួញរបស់ពួកគេប្រាប់ដល់ក្រុមអ្នកវិនិយោគ នាយកប្រតិបត្ដិក្រុមហ៊ុន និងវិទ្យាស្ថានអប់រំនានា ដូចជា Uber, Stanford និងអង្គការដទៃទៀត ហើយក៏ឈ្នះពានលេខ ២ នេះ»។
ប្រាក់រង្វាន់ ៥ ០០០ ដុល្លារនឹងត្រូវប្រើសម្រាប់បន្ដអភិវឌ្ឍ បង្កើនសមត្ថភាពសុវត្ថិភាពលើកម្មវិធី និងនិរន្ដរភាពរបស់វា ហើយសេសសល់ប៉ុន្មាននឹងត្រូវប្រើសម្រាប់គោលបំណងអប់រំផ្នែក STEM នាពេលអនាគត។
កុមារីទាំង ៥ មានគម្រោងបន្ដអភិវឌ្ឍកម្មវិធីទូរស័ព្ទឲ្យកាន់តែសម្បូរបែបលើសពីការជួយអភិរក្សកំណាព្យខ្មែរ។
ក្រុម LiterTree បានបញ្ជាក់ថា៖ «យើងនឹងចាប់ផ្ដើមបែងចែកការងារឲ្យសមាជិកក្រុមនីមួយៗ ដោយសារកិច្ចការទាំងនោះត្រូវបានបែងចែក និងធ្វើដោយងាយស្រួល។ យើងក៏គិតអំពីការស្វះស្វែងរកម្ចាស់ជំនួយផងដែរ។ យើងនឹងបញ្ចូលប្រភេទកំណាព្យផ្សេងៗទៀតនៅមុនឆ្នាំ ២០២២ ដោយបន្ថែមមុខងារកម្សាន្ដ វីដេអូរបស់អ្នកនិពន្ធ វីដេអូមិត្ដអ្នកអាននៅឆ្នាំ ២០២២ និងពង្រីកមុខងារកាន់តែច្រើននៅឆ្នាំ ២០២៤»៕