ភ្នំពេញៈ ទី​បំផុត​កម្មវិធី​ឈ្មោះ​ថា​​​ «ពេទ្យ​យើង»​ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​អាជីវកម្ម​សង្គម​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​​​លក្ខណៈ​អន្តរជាតិ​មួយ ​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស ​ស្វ៊ីស​ ក្នុង​​ខែ ​តុលា​ ឆ្នាំ ​២០១៩​ ខាង​មុខ​ ក្រោយ​ពី​បាន​ជាប់​ជា​ក្រុម​ជម្រើស​ចុង​ក្រោយ​ ​៣ ​នៃ​បេក្ខភាព​អាជីវកម្ម ដែល​តំណាង​ឲ្យ​​ប្រទេស ​កម្ពុជា ប្រចាំ​ឆ្នាំ ​២០១៩​។

បេក្ខភាព​អាជីវកម្ម​សង្គម​ចំនួន ៣ គឺ​មាន​កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ «ពេទ្យ​យើង» របស់​​​​ក្រុមហ៊ុន​ First Womentech Asia Co, LTD អង្គការ Center for Sustainable Water និង​ក្រុមហ៊ុន SmartAgro បាន​ឈ្នះ​ការ​ប្រកួត​​កម្មវិធី​គោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព​​សកល​ឆ្នាំ ​២០៣០​ ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២២​ ខែ ​សីហា ឆ្នាំ ​២០១៩​​ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​បណ្តុះបណ្តាល​សហគ្រិន​ (IMPACT HUB) ​និង​កម្មវិធី​អភិវឌ្ឍន៍​​នៃ​អង្គការ​សហ​ប្រជាជាតិ ​(UNDP) ដែល​​ចម្រាញ់​ផ្តាច់​ព្រ័ត្រ​ក្នុង​ចំណោម​ក្រុមហ៊ុន និង​អង្គការ​ចំនួន​ ៧​។​​

លោកស្រី ប៉ុង លឹមសាន ​ជា​វិស្វករ​​កម្មវិធី​ព័ត៌មានវិទ្យា ​និង​​ស្ថាបនិក​​នៃ​កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​​ «ពេទ្យយើង» បាន​ថ្លែង​ថា៖ «​ការ​​ទទួល​​បាន​ការ​គាំទ្រ​​ពី​ក្រុម​គណៈកម្មាធិការ​​​វិនិច្ឆ័យ​​ជា​ចៅក្រម​​ទាំង ​៤ រូប ​ចំពោះ​​កម្មវិធី​​ «ពេទ្យ​យើង»​ និង​​ការ​សម្រេច​​​ជ្រើសរើស​កម្មវិធី​យើង​ទៅ​ចូលរួម​ប្រកួត​​លក្ខណៈ​អន្តរជាតិ​បន្ត​ទៀត​នេះ ​គឺ​ពិត​ជា​មោទនភាព​សម្រាប់​នាង​​ខ្ញុំ​ជា​ស្ត្រី​​​ខ្មែរ​ ក្រុម​ការងារ​ជា​កូន​ខ្មែរ​ និង​ប្រជាជន​ខ្មែរ​យើង​ ដែល​​មាន​ស្នាដៃ​ជា​របស់​យើង​ត្រូវ​បាន​ទទួល​​ស្គាល់ ​និង​ជ្រើសរើស​យក​ទៅ​ចូលរួម​ប្រកួត​​នៅ​លើ​វេទិកា​អន្តរជាតិ​ដ៏​ធំមួយ​រៀបចំ​ដោយ​ក្រុមហ៊ុន​ និង​ស្ថាប័ន​អន្តរជាតិ​ដ៏​ល្បីៗ​គឺ​​ IMPACT HUB និង​UNDP​។ ស្នាដៃ​យើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​នឹង​​​ចូលរួម​ចំណែក​ជំរុញ​ឲ្យ​​សម្រេច​បាន​នូវ​សុខុមាល​ភាព មិន​ត្រឹម​​តែ​ពលរដ្ឋ​កម្ពុជា​យើង​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​ជួយ​សុខុមាលភាព​នៃ​ពលរដ្ឋ​​ក្នុង​តំបន់ និង​សកល​ផង​ដែរ​»។

លោកស្រី ប៉ុង លឹមសាន ជា​ស្ថាបនិក​កម្មវិធី «ពេទ្យយើង​»។ សហការី

ស្ថាបនិកកម្ម​វិធី​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីផល​ «ពេទ្យ​យើង»​ លោកស្រី ប៉ុង លីមសាន បាន​បន្ត​ថា៖ «​ក្នុង​ចំណោម​​បេក្ខភាព​អាជីវកម្ម​ទាំង ៣​ ដែល​ត្រូវ​បាន​ជ្រើសរើស​ទៅ​ចូលរួម​ប្រកួត​ប្រជែង​នៅ​​​ទីក្រុង​ហ្សឺណែវ ​ប្រទេស ​ស្វ៊ីស ខាង​មុខ​នោះ ​គឺ​សុទ្ធ​តែ​ជា​អាជីវកម្ម​ថ្មី​បង្កើត​ឡើង​ដោយ​ស្ថាបនិក ជា​ជន​​បរទេស​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា (២ ក្រុម) គឺ​មាន​តែ​កម្មវិធី «ពេទ្យ​យើង» របស់​នាង​ខ្ញុំ​​ តែ​​ប៉ុណ្ណោះ​​បង្កើត​ឡើង​ដោយ​ស្ថាបនិក​ខ្មែរ និង​ក្រុម​ការងារ​ខ្មែរ ត្រូវ​ជ្រើសរើស​ចូលរួម​ក្នុង​កម្មវិធី​អន្តរជាតិ​មួយ​នេះ​ នៅ​​ខែ​តុលា ដែល​​ត្រូវ​ប្រជែង​​គ្នា​​​ចំនួន​ ១៦ ប្រទេស​ទូទាំង​ពិភព​លោក​​។

«នេះ​​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​​សម្រាប់​ខ្មែរ ជា​​ពិសេស​​ស្ត្រី​ខ្មែរ​យើង​តែ​ម្តង​​ គឺ​អាច​​បង្ហាញ​ឲ្យ​​ពិភព​លោក​​បាន​ដឹង​​ថា យើង​អាច​ធ្វើ​បាន​​ ហើយ​ទង់ជាតិ​យើង​លែង​ក្លាយ​ជា​ទង់ជាតិ ដែល​គេ​ស្គាល់​ក្រោម​រូបភាព​​ថា​ គឺ​ជា​ទង់ជាតិ​​ប្រល័យ​​ពូជ​​​សាសន៍​ទៀត​ហើយ»​។ ​

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង​ មន្ទីរ​ពេទ្យ​ឌីជីថល​​ «ពេទ្យ​យើង» ​កាល​​​ពី​ខែ​ មីនា ឆ្នាំ​ ២០១៩ ​កន្លង​មក បាន​​ទទួល​​ពាន​ជា​ម្ចាស់​ជយលាភី​សហគ្រិន​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​រួច​ម្តង​មក​ហើយ ​ចំពោះ​គំនិត​ច្នៃ​ប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ ព័ត៌មានវិទ្យា ដែល​​​ផ្តល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ទៅ​ដល់​វិស័យ​សុខាភិបាល​ សេវា​ព្យាបាល​ និង​ប្រព័ន្ធ​គ្រប់គ្រង​របស់​មន្ទីរពេទ្យ ​និង​គ្លីនិក​បែប​ទំនើបៗ​នានា​ដែល​​មាន​នៅ​ក្នុង​ប្រទេស​ កម្ពុជា​៕​