ភ្នំពេញ៖ ចម្រៀង ១ បទ គ្រាន់តែបានឮចំណងជើងភ្លាម ក៏ធ្វើឲ្យមជ្ឈដ្ឋានមហាជនភាគច្រើនទទួលយកមិនបាន និងផ្ទុះការរិះគន់ភ្លែត ចំពោះពាក្យពេចន៍ ដែលកវីតាក់តែងមានន័យអាសអាភាសនៅលើគោកតែម្តង ពេលគេគន្លាស់ពាក្យទាំងនោះលើបទ «កណ្តៀវអូនស្រួយ»។
បទ «កណ្តៀវអូនស្រួយ» គឺជាស្នាដៃរបស់កវីឈ្មោះលោក អ៊ិច ចន្ថា ដែលមានរហស្សនាមថា «ទេវបុត្រខ្មៅ» ច្រៀងដោយតារាចម្រៀងស្រីកញ្ញា បរ៉ាម៉ី ហើយត្រូវបានតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅសួរនាំ និងធ្វើកិច្ចសន្យាក៏ដូចស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ដែលមានអត្ថន័យប៉ះពាល់ដល់សីលធម៌សង្គមផងដែរ កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២០ ក្រោយពីបង្ហោះនៅតាម Channel YouTube បានប៉ុន្មានសប្តាហ៍នោះ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ លោក ប៉ុក បូរក្ស ដែលជាប្រធាននាយកដ្ឋានផ្សព្វផ្សាយភាពយន្ត និងទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា៖ «ពេលនេះម្ចាស់បទ «កណ្តៀវអូនស្រួយ» បានចូលទៅដោះស្រាយនៅក្រសួងរួចហើយ ដើម្បីប្រជុំពិភាក្សារកដំណោះស្រាយ តែមិនទាន់ចេញលទ្ធផលផ្លូវការនោះឡើយ»។
លោក ប៉ុក បូរក្ស ក៏បន្តដែរថា «កិច្ចប្រជុំនោះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងមានគោលការណ៍ធំៗចំនួន ៥ ចំណុច ជាវិធានការដោះស្រាយ។ ទី១ អប់រំ និងណែនាំ ទី២ ធ្វើលិខិតព្រមានជាលាយលក្ខណ៍អក្សរ ទី៣ លុបឈ្មោះជាសិល្បករ និងបញ្ឈប់ ឬផ្អាកសកម្មភាពសិល្បៈ នៅក្នុងរយៈពេលកំណត់ណាមួយ ទី៤ និងទី៥ ចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្នាដៃរបស់សិល្បករ ប៉ះពាល់ធ្ងន់ធ្ងរទៅដល់សង្គម និងវប្បធម៌»។
បទចម្រៀង «កណ្តៀវអូនស្រួយ» ត្រូវគេដឹងថា ទើបមានរយៈពេលត្រឹមតែជាង ១ ខែប៉ុណ្ណោះ ក្រោយពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនូវសេចក្តីណែនាំឲ្យទប់ស្កាត់ការចែករំលែក ឬផ្សព្វផ្សាយខ្សែវីដេអូ សំឡេង និងចម្រៀង មានផលប៉ះពាល់ដល់វប្បធម៌ខ្មែរនោះសោះ ខណៈកវីរូបនេះក៏បានតែងបទចម្រៀង ១ បទទៀតដែរ មានចំណងជើងថា «ស្រណោះអង្រែ» មានអត្ថន័យបែបអសីលធម៌ ឬប្រើពាក្យពេចន៍បែបអសុរោះ។
គេក៏ឃើញកវីនិពន្ធល្បីនៅផលិតកម្មហង្សមាស គឺលោក លី ស៊ីនហួន ដែលមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Lee Sinhourn បានបរិយាយថាកវីរូបនេះមានការភ្លេចចំនួន ៤ ចំណុច៖ «១.មិនយកចិត្តទុកដាក់អក្សរសាស្រ្តជាតិ ២. មិនស្គាល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនឯង ៣.មិនឲ្យតម្លៃលើការអប់រំ ចំណេះដឹងវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ និង៤.មិនយល់អំពីសភាពការណ៍នៃនយោបាយពិភពលោកដែលប្រែប្រួល»៕