ភ្នំពេញៈ ខណៈដែល​ចំណីសោត​ឥ​ន្ទ្រិ​យារ​ម្មណ៍​ប្រិយមិត្ត​អ្នក​ស្តាប់​តាម​រយៈ​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា «កុំ​ថា​ខ្ញុំ​ស្រីចាស់» ជា​ន័យ​ចាក់​ដោត​អារម្មណ៍​ពិត​ដល់​នារីៗ​នៅ​លីវ​វ័យ​ជ្រេ​ពុំទាន់​សាប​រលាប​ផង ស្រាប់​តែ​ម្ចាស់​សំណេរ​បទ​នេះ ក៏​លេច​ចេញ​នូវ​ភាព​ល្បី​មួយ​ទៀត​នៅ​លើ​សំណេរ​កំណាព្យ គួរ​ឲ្យ​កោត​សរសើរ។

កញ្ញា លឹម ផាន់​ណា កវី​ស្រី ដែលមាន​ស្នាដៃ​លើ​ការនិពន្ធ​ប្រលោមលោក​ខ្លី កំណាព្យ និង​ទំនុក​ច្រៀង​នានា​ជា​ច្រើន តែ​ទើប​ផុស​ចំណាប់​អារម្មណ៍​ខ្លាំង​នឹង​ទំនុក​ច្រៀង​ក្នុង​បទ​ចម្រៀង «កុំ​ថា​ខ្ញុំ​ស្រី​​ចាស់» ច្រៀង​ដោយ​តារា​ចម្រៀង​ស្រី​កញ្ញា គង់ ចាន់​រដ្ឋា នៅ​ផលិតកម្ម Seven Production ចេញ​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ កន្លង​មក​នោះ បាន​ឈ្នះ​ពាន​ជយ​លាភី​លេខ ២ លើ​ផ្នែក​កំណាព្យ​រឿង​នៃ​កម្មវិធី​ប្រកួត​តែង​និពន្ធ​ប្រលោម​លោក និង​កំណាព្យ​រឿង​ឆ្នាំ ២០១៨ ឬ​ជា​ពាន​រង្វាន់​លោក​លី ធាម​តេង​ឆ្នាំ ២០១៨ នេះ។

ម្ចាស់​នៃ​ទំនុកច្រៀង​បទចម្រៀង​កំពុងតែ​ស៊ី​អារម្មណ៍​ពី​ប្រិយមិត្តស្រីៗមាន​វ័យ​ជ្រេ និង​ក៏​រង​ពាក្យ​ចំអក​លេង​ពី​មិត្តភក្តិ​ផង​ដែរ​ថា មាន​អត្ថន័យ​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង កញ្ញា លឹម ផាន់​ណា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន នា​ថ្ងៃ​ឈ្នះ​ពាន​កាល​ពី​ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០១៨ នា​ឱកាស​ប្រារព្ធ​កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី ៧ នោះ​ថា៖ «ខ្ញុំ​ពិត​ជា រំភើប​ណាស់ ទោះបី​បាន​ត្រឹម​ជយ​លាភី​លេខ ២ ក៏​ពិត​មែន តែ​ក៏​ជា​មោទនភាព​ចំពោះ​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​ផង​ដែរ។ នេះ​គឺជា​ពាន​រង្វាន់ លោក លី ធាមតេង ក្នុង​ស្នាដៃ​កំណាព្យ​រឿង «ម្លប់​ជីវិត» របស់​នាង​ខ្ញុំ»។

កវីស្រីម្ចាស់បទ «កុំថាខ្ញុំស្រីចាស់» កញ្ញា លឹម ផាន់ណា​។ សហការី

ដោយសារ​ពុំមែន​ជា​អ្នកប្រកបមុខរបរ​អ្នកនិពន្ធ​ពេញទី​ព្រោះថា ខ្លួន​ជា​អតីត​និស្សិត​រៀន​ជំនាញ​ចិត្ត​វិទ្យា​ចប់​នៅ​ឆ្នាំ ២០១២ នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​ក៏​កំពុង​មាន​ការងារ​លើ​ជំនាញ​ផង​នោះ តែ​កញ្ញា​កវី​រូប​នេះ មាន​ចំណូល​ចិត្ត​ខ្លាំង​ផ្នែក​តែង​និពន្ធ និង​ក៏​ធ្លាប់​រៀន​សូត្រ​វគ្គ​តែង​និពន្ធ​ពី​សមាគម​អ្នក​និពន្ធ ខ្មែរ​ដែរ តែ​ហាក់​ដូចជា​មិន​សូវ​មាន​ឱកាស​បាន​បញ្ចេញ​ស្នាដៃ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ឡើយ​គួប​ផ្សំ​នឹង​មិន​សូវ​មាន​ការ​លើក​ទឹក​ចិត្ត​លើ​ផ្នែក​នេះ​ផង​នោះ។

កញ្ញា លឹម ផាន់​ណា បង្ហើប​ផងដែរ​ថា៖ «ទោះបី​ការនិពន្ធ​ពុំមែន​ជាការ​ងារ​ស្នូល​ដែល​អាច​រក​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត​មែន តែ​វា​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ​ក្រៅ​ពី​ការងារ​ជំនាញ​ផ្នែក ចិត្ត​សាស្ត្រ។ ប្រសិន​បើ​អាច​ក៏​នាង​ខ្ញុំ​ក៏​ចង់​មាន​ឱកាស បង្ហាញ​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​ខ្លួន​តាម​បណ្តា​ផលិតកម្ម​ចម្រៀង​នានា​ដែរ។ នាង​ខ្ញុំ និង​ក្រុម​អ្នក​និពន្ធ ៣ រូប​ទៀត​គឺ​លោក សួន សុធារ៉ា កញ្ញា ចាន់ គន្ធា កញ្ញា ដួង​ចាន់​ឌី បាន​​បោះពុម្ព​សៀវភៅ​ប្រលោម​លោក​មួយ​ដែរ​គឺ​រឿង «សាកល​ស្នេហ៍» ចេញ​ផ្សាយហើយ​ ក៏​សង្ឃឹម​ថា មាន​ការ​គាំទ្រ​ពី​ប្រិយមិត្តបាន​ច្រើន​ផងដែរ»៕

សៀវភៅប្រលោមលោកមានអ្នកនិពន្ធបួនដួងរឿង«សាកលស្នេហ៍»។ សហការី​