សៀមរាប : រយៈពេល ១៩ ឆ្នាំ​នៃ​អាជីព​ការងារ​ជា​កម្មករសំណង់ លោក គៀម កង់ ត្រូវ​ក្រោក​ពី​ព្រលឹម​ឡើង​ជិះ​ម៉ូតូ​កញ្ចាស់​ឆ្ពោះ​ដំណើរ​ពី​ឃុំ​ដូនកែវ​ទៅ​កាន់​តំបន់​ប្រជុំជន​ទីក្រុង ដើម្បី​បំពេញ​ការងារ​ប្រចាំថ្ងៃ​រួច​ក៏​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នា​វេលា​ព្រលប់​។ លោក​ត្រូវ​ធ្វើការ ៧ ថ្ងៃ​ក្នុង ១ សប្ដាហ៍​ជា​ថ្នូរ​នឹង​ចំណូល​ប្រចាំថ្ងៃ​ដ៏​តិចតួច​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​គ្មាន​ពេល​ក្រឡេក​មើល​ពី​សក្ដានុពល​ជុំវិញ​ដី​ផ្ទះ​របស់ខ្លួន​ឡើយ​។

រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ​ ២០១៨ នេះ​អតីត​កម្មករ​សំណង់​អាយុ ៣៥ ឆ្នាំ​រូបនេះ​បាន​ប្ដូរ​មក​ចាប់​មុខរបរ​ចិញ្ចឹម​មេមាន់​នៅ​ទីធ្លា​ផ្ទះ ដើម្បី​ភ្ញាស់​កូន​លក់ ក្រោម​ការបណ្ដុះបណ្ដាល​ពី​អង្គការ​កសិកម្ម​។

លោក គៀម កង់ បាន​និយាយ​ថា​៖ «​ខ្ញុំ​ធ្វើ​សំណង់​តាំងពី​អាយុ​ ១៦ ​ឆ្នាំ​អត់​មាន​រីកចម្រើន​ទៅ​ណា​ទេ មាន​តែ​ពាក្យ​នឿយ​។ បើក​លុយ​មក​បាន​តែ​ម៉ាកាន់​ទេ សង​ថ្លៃ​ចំណាយ​តាម​តូប ព្រោះ​យើង​អត់​មាន​ដាំ​ដំណាំ​អ្វី​បាន​ទេ​។ បើ​យើង​ចិញ្ចឹម​សត្វ​នៅ​ផ្ទះ​យើង​អាច​ដាំ​ដំណាំ និង​រកត្រី សាច់​បាន​ហូប​»​។

ពលរដ្ឋ​ក្នុង​សហគមន៍​អង្គុយ​លក់​បន្លែ និង​សាច់​ដែល​ជា​ផលិតផល​របស់​ខ្លួន​។ ផា លីណា

អាជីវកម្ម​ទើប​បង្កើត​ឡើង​ថ្មី ចាប់ពី​ខែ​មិថុនា​ឆ្នាំ​នេះ​ក្នុង​ភូមិ​ល្បើក ឃុំ ដូនកែវ ស្រុក​ពួក ខេត្ដ​សៀមរាប លោក​អាច​លក់​កូន​មាន់​ម្ដង​ពី ៥០ ទៅ ១០០ ​ក្បាល ដោយ​រយៈពេល ៤ ខែ​មក​នេះ​លោក​លក់​កូនមាន់​បាន ៣៥០ ​ក្បាល​។ អតិថិជន​របស់​លោក​ជា​ប្រជាសហគមន៍​ដែល​មាន​បំណង​ចង់​ចិញ្ចឹម​កូន​មាន់​យក​សាច់​។

លោក​បន្ដ​ថា​៖ «​ការចិញ្ចឹម​មាន់ ចំពោះ​ខ្ញុំ ល្អ​ជាង​សំណង់​ឆ្ងាយ​ណាស់​។ យើង​បាន​ទាំង​ពង​ធ្វើ​ម្ហូប​ផង ហើយ​អនាគត​ទៅ យើង​ចិញ្ចឹម​បាន​ពង​ច្រើន យើង​អាច​លក់​ចេញ​ ១ ​ខែ ២០០ ទៅ ៣០០ ​ក្បាល វា​រក​ចំណូល​បាន​ច្រើន​ជាង​ធ្វើ​សំណង់​។ សំខាន់​ពេល​សម្រាក​ឈឺ​ថ្កាត់​ម្ដងៗ វា​នៅ​តែ​ផ្ដល់​ចំណូល​ចិញ្ចឹម​ជីវភាព​ដដែល​»​។

ក្រៅពី​លោក កង់ នៅ​មាន​លោក នឿម ឌឹក ម្នាក់​ទៀត​ក៏​បាន​អភិវឌ្ឍ​ខ្លួន​ពី​កម្មករ​សំណង់​មក​ជា​អ្នក​ចិញ្ចឹម​មាន់​យក​សាច់ ដែល​បច្ចុប្បន្ន​លោក​អាច​ផ្គត់ផ្គង់​មាន់​ពី​ចន្លោះ ១០០ ទៅ ១៥០ ក្បាល​ក្នុង​ខែ​។ សម្រាប់​ការលក់​ម្ដងៗ អ្នក​ចិញ្ចឹម​មាន់​អាយុ ៣៧ ឆ្នាំ​រូប​នេះ​អាច​រកចំណូល​បាន​ពី ៤៥ ម៉ឺន​រៀល ក្រោយពី​កាត់កង​ការចំណាយ​ផ្សេងៗ​។

សាច់ក្រក​ដែល​ផលិត​ពី​សាច់ជ្រូក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​សហគមន៍​ក្នុង​គម្រោង​របស់​អង្គការ Heifer International​។ សហការី

ទាំង​លោក កង់ និង​ ឌឹក ព្រម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ក្នុង​ឃុំ​ដូនកែវ នៃ​សហគមន៍​កសិកម្ម​សាមគ្គី​ចំរើនផល​បាន​ទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​កសិកម្ម​ពី​អង្គការ​នានា រួមទាំង​អង្គការ Heifer International ដែល​មាន​តួនាទី​ជួយ​ពង្រឹក​នូវ​ផលិតផល និង​លទ្ធភាព​របស់​ប្រជាសហគមន៍​ធម្មជាតិ ដូចជា ការចិញ្ចឹម​មាន់ ជ្រូក និង​ដាំ​បន្លែ​ជាដើម​។

លោក ស៊ឹម តារា នាយក​កម្មវិធី​អង្គការ Heifer International បាន​ឲ្យ​ដឹងថា​៖ «​យើង​ជួយ​បង្កើន​ផលិតកម្ម និង​ផលិតភាព​តាមរយៈ​ការផ្តល់​បច្ចេកទេស​ដាំដុះ ចិញ្ចឹម​សត្វ ក៏​ដូចជា​ការផ្តល់​ពូជ​សត្វ និង​បន្លែ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ព្រមទាំង​ភ្ជាប់​ផលិតផល​ពួកគេ​ទៅ​នឹង​ទីផ្សារ​ផង​ដែរ​»​។

ជាមួយ​នឹង​ការបើក​ហាង​មាន់​ទា​ស្រែ​ដែល​មាន​ ២ ​សាខា​នៅ​ភ្នំពេញ និង​សៀមរាប វា​ជា​ទីផ្សារ​ផលិតផល​សហគមន៍ និង​ជា​កន្លែង​មួយ​សម្រាប់​ភ្ជាប់​ផលិតផល​បងប្អូន​សហគមន៍​ទៅ​បណ្ដាញ​ជាច្រើន​ដូចជា ដៃគូ​ដែល​គាំទ្រ​ផលិតផល​ធម្មជាតិ​តាម​បណ្ដា​ហាង និង​ភោជនីយដ្ឋាន​។

នាយក​កម្មវិធី​អង្គការ​រូប​នេះ​បន្ថែម​ថា​សហគមន៍​បែងចែក​ជា​ ២ ​កម្រិត​​គឺ​កម្រិត​ក្រុម​ផលិត និង​កម្រិត​ប្រមូល​ទិញ​ដែល​មាន​ ៦៤ ​សហគមន៍​កសិកម្ម​ ឬ​ជាង​ ៤៣ ០០០ ​គ្រួសារ​ក្នុង ១២ ខេត្ដ​មាន​តួនាទី​រក​ទីផ្សារ ប្រមូល​ទិញ និង​កែច្នៃ​កសិផល​។

លោក ស៊ឹម តារា នាយក​កម្មវិធី​អង្គការ Heifer International​។ផា លីណា

លោក ស៊ឹម តារា បាន​បន្ដ​ថា​៖ «១០០ ​រៀល​ពី​អតិថិជន​នឹង​ធ្លាក់​ដល់​ដៃ​សហគមន៍​» ខណៈ​អតិថិជន​ទិញ​ផលិតផល​ពិតប្រាកដ​ដែល​ផលិត​ដោយ​កសិករ​ខ្មែរ​»​។

ក្នុង​នាម​ជា​អតិថិជន​គាំទ្រ​ផលិតផល​សហគមន៍​ក្នុង​ស្រុក​លោក ខាំ សេរីចន្ថា ជំនួយការ​ប្រឹក្សា​យោបល់​ទូទៅ​ប្រចាំ​រមណីយដ្ឋាន​ធម្មជាតិ​ភូមិស្លា​ក៏​បាន​ជ្រើសរើស​ផលិតផល​បន្លែ​សាច់​ពី​សហគមន៍​កសិកម្ម​សាមគ្គី​ចំរើន​ផល​នេះ​ដែរ​។

លោក​បាន​ប្រាប់​ពី​ហេតុផល​ថា​៖ «​យើង​ចូលរួម​ចំណែក​បង្កើន​ទីផ្សារ​សហគមន៍​តាមរយៈ​ការប្រើប្រាស់​បន្លែ និង​សាច់​គ្មាន​ជាតិគីមី​ដែល​អាច​ជួយ​ទ្រទ្រង់​ដល់​កសិផល​សហគមន៍ និង​គិតគូរ​ទៅ​ដល់​សុខភាព​ភ្ញៀវ​មក​កម្សាន្ដ​នៅ​ភូមិ​ស្លា​»​។

ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ទាន់​តម្រូវការ​ពីព្រោះ​បច្ចុប្បន្ន​ការ​កុម្ម៉ង់​មាន​ចំនួន​ច្រើន​លើសលប់​ពី​ប្រជាសហគមន៍​ចិញ្ចឹម​មាន់​យក​សាច់​នោះ​នៅ​ថ្ងៃ​អនាគត​លោក គៀម កង់ មាន​បំណង​ផលិត​កូន​មាន់​ឲ្យ​បាន ១៥០០ ក្បាល​ឯណោះ​ក្នុង​ ១ ​ខែ​៕

វីដេអូ៖