ក្រុងប៉េកាំង៖ អ្នកភូមិ​ដាច់ស្រយាល​ភាគ​ឦសាន​ប្រទេស​ចិន ជួប​ហេតុការណ៍​ស្លុត​ចិត្ដ​មួយ ពេល​ខ្លា​ស៊ីប៊េរី ១ ក្បាល​ហក់​កន្ទ្រប់​លើ​កសិករ​ម្នាក់ និង​វាយប្រហារ​រថយន្ដ ១ គ្រឿង​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន។

ទីភ្នាក់ងារ​ព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ាងហៃ​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្ដី​ប៉ូលិស​ថា ខ្លា​ឈ្មោល​ពេញវ័យ ១ ក្បាល​ត្រូវបាន​ប្រទះឃើញ​ដំបូង​កាលពី​ថ្ងៃ​សុក្រ​ដោយ​បាន​មក​ក្បែរ​ភូមិ​លីនហ៊ូ ក្នុង​ខេត្ដ​ហឺឡុងជៀង។

លោក វ៉ាង ស៊ូ ដែល​បើករថយន្ដ​ទៅ​តំបន់​នោះ​ ដើម្បី​ទទួល​សាច់ញាតិ​បាន​និយាយថា៖ «វា​បាន​បែរ​ក្បាល​ទៅរក​អ្នកភូមិ ២ នាក់​ដែល​កំពុង​ធ្វើការ​នៅក្នុង​វាលស្រែ»។

លោក វ៉ាង ត្រូវបាន​ដកស្រង់​សម្ដី​ផ្សព្វផ្សាយ ដោយ​Beijing News ក្នុង​វីដេអូ​កាលពី​ថ្ងៃអាទិត្យ​ថា៖ «ខ្ញុំ​បាន​ស្រែកប្រាប់​ពួកគេ​ឱ្យ​រត់ តែ​ខ្លា​នោះ​ស្រាប់តែ​រត់​សំដៅ​មករក​ខ្ញុំ តែ ២-៣ វិនាទី វា​ហក់​ឡើង​ឡើង​ឡាន​ខ្ញុំ ដោយ​ប្រើ​ចង្កូម​របស់​វា​ខាំ»។

ខ្លា​ឈ្មោល​ពេញវ័យ ១ ក្បាល​ត្រូវបាន​ប្រទះឃើញ​ដំបូង​កាលពី​ថ្ងៃ​សុក្រ​ដោយ​បានមក​ក្បែរ​ភូមិ​លីនហ៊ូ ក្នុង​ខេត្ដ​ហឺឡុងជៀង។ AFP

តួ​រថយន្ដ​ខាងក្រៅ​ត្រូវ​រង​ការខូចខាត​ដោយ​ស្នាម​ខ្វាច ហើយ​បង្អួច​កៅអី​ក្រោយ​ក៏បែក​ទៀត។

លោក វ៉ាង បាន​បន្ដថា៖ «ពិតជា​ស្លុត​ចិត្ដ​មែនទែន ហើយ​ខ្ញុំ​នៅតែ​ញ័រ​ទ្រូង​មិនទាន់​បាត់​ផង»។

អ្នកដំណើរ​ទាំង ២ មិនមាន​រងរបួស​អ្វី​ឡើយ។ វីដេអូ​ឃ្លីប​នេះ​ក៏បាន​បង្ហាញ​រូបភាព​ខ្លា​ហក់​សង្គ្រប់​លើ​អ្នកភូមិ​ម្នាក់ កំពុង​ធ្វើការ​ក្នុង​ស្រែ ដោយ​មាន​រងរបួស​ស្រាល។

ប៉ូលិស​បាន​ត្រៀម​ថ្នាំ​សណ្ដំ​ ដើម្បី​បាញ់​សត្វ​ខ្លា​ស៊ីប៊េរី ១ ក្បាល​នេះ។

ខ្លា​ស៊ីប៊េរី មាន​ប្រភព​មកពី​ប្រទេស​រុស្ស៊ី និង​ភាគ​ឦសាន​ប្រទេស​ចិន។ wwf.panda.org

យោងតាម​របាយការណ៍​ពីថ្ងៃ​ចន្ទ ដែល​ចេញ​ដោយ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ហឺឡុងជៀង​បាន​បង្ហាញថា សត្វ​ខ្លា​នេះ​ត្រូវ​បានដាក់​ធ្វើ​ចត្ដាឡីស័ក ៤៥ ថ្ងៃ​នៅ​មជ្ឈមណ្ឌល​បង្កាត់​ពូជ​សត្វ​ខ្លា​ហេងដាវ​ហេហ្ស៊ី​ក្នុង​ទីក្រុង​មូដានជៀង។

ខ្លា​ស៊ីប៊េរី មាន​ប្រភព​មកពី​ប្រទេស​រុស្ស៊ី និង​ភាគ​ឦសាន​ប្រទេស​ចិន។ វត្ដមាន​របស់​ពួកវា​មាន​ចំនួន​ប្រមាណ​តិចជាង ៥០០ ក្បាល​ដែល​នៅ​សេសសល់​ក្នុងព្រៃ ដោយ​តិចជាង ៣០ ក្បាល​ត្រូវបាន​ជឿថា​ស្ថិតក្នុង​ទឹកដី​ចិន។ នេះ​បើ​យោងតាម​កាសែត​រដ្ឋ Global Times។

ក្រុម​អ្នក​អភិរក្ស​ក្នុង​ប្រទេស​ចិន និង​រុស្ស៊ី​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​ពូជ​សត្វ​ទាំងនេះ តែ​វា​កម្រ​មាន​ខ្លា​ត្រាច់ចរ​ចូលដល់​ភូមិឋាន​មនុស្ស​ណាស់៕ HR