ក្រុង​ប៉ារីស៖ រៀងរាល់​ឆ្នាំ​ពលរដ្ឋ​បារាំង​ទទួល​ទាន​ភ្លៅ​កង្កែប​ប្រមាណ​ ៤ ​ពាន់​តោន​ ឬ​ស្មើ​នឹង​បរិមាណ​ត្រី​បាឡែន​ខៀវ​ ៤០ ​ក្បាល​។

ប៉ុន្ដែ​សាច់​ភ្លៅ​​ថ្លោស​ៗ​ ​​នៅ​លើ​ចាន​អាហារ​​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​នាំ​ចូល​ពី​បរទេស​ ដោយសារ​ការ​ចិញ្ចឹម​សត្វ​ព្រៃ​ត្រូវ​បាន​ហាម​ប្រាម​ និង​មាន​ការ​គ្រប់គ្រង​តឹងរ៉ឹង​។

កសិករ​ចិញ្ចឹម​កង្កែប​បារាំង​ម្នាក់​ Patrice Francois បាន​លក់​​ភ្លៅ​កង្កែប​ដល់​ផ្ទះ​បាយ​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ Michelin និង​ហាង​កាហ្វេ​ផ្សេងៗ​ទៀត​។ កង្កែប​ប្រមាណ ១០ ​ម៉ឺន​ក្បាល ​ត្រូវ​បាន​ចិញ្ចឹម​នៅ​តំបន់ Pierrelatte ភាគ​អាគ្នេយ៍​ប្រទេស​បារាំង​។

លោក Francois បាន​ប្រាប់ AFP បន្ទរ​ដោយ​សំឡេង​អូកៗ​ពី​ស្រះ​ចិញ្ចឹម​ជា​ច្រើន​ក្នុង​កសិដ្ឋាន​របស់​លោក​ថា​៖ «​ការ​ចិញ្ចឹម​កង្កែប​ពិត​ជា​កិច្ចការ​ដ៏​លំបាក​»។

បុរស​អាយុ ៥៦ ​ឆ្នាំ ដែល​ចាប់​ផ្ដើម​បើក​កសិដ្ឋាន​ចិញ្ចឹម​កង្កែប​ដំបូង​កាល​ពី ​១០ ​ឆ្នាំ​ បាន​បន្ថែម​​ថា​៖ «​វា​ចាប់​ផ្ដើម​ហុច​ទិន្នផល​ល្អ​បណ្ដើរៗ​ហើយ តែ​ខ្ញុំ​អត់​​ទាន់​រក​ចំណូល​រស់​ពី​របរ​នេះ​នៅ​ឡើយ​ទេ​»។

ភ្លៅ​កង្កែបត្រូវ​​បានចម្អិនជា​អាហារ​នៅ​ភោជនីយដ្ឋាន​ធំៗ​​​​។ រូបថត AFP

ចាប់​ពី​ការ​ក្រាប​ពង ​ការ​ថែទាំ​កូន​ក្អុក​រហូត​ដល់​ពេញ​រូប​ពេញ​រាង វា​ចំណាយ​ពេល​ប្រហែល ​១ ឆ្នាំ​ ដើម្បី​ឱ្យ​កង្កែប​ធំ​ដល់​ទម្ងន់​ពី ៥០ ទៅ ១០០ ​ក្រាម​ ​​ផ្ដល់​ភ្លៅ​ថ្លោស​ៗ ​២ ដែល​នៅ​តូច​ជាង​​ភ្លៅ​មាន់​ឆ្ងាយ​។

ពេល​បង្កាត់​ពូជ វា​ត្រូវ​មាន​លក្ខខណ្ឌ​ច្រើន​ រួម​ទាំង​អាកាសធាតុ​ក៏​ដូចជា​ដំណើរ​វិវត្ដ​នៃ​ចន្ទគតិ (ខ្នើត និង​រនោច​) ដែល​ប៉ះពាល់​ដល់​វេលា​បន្ដ​ពូជ​​របស់​កង្កែប​។ សម្រាប់​ពង​កង្កែប​រាប់​លាន​គ្រាប់​នៅ​កសិដ្ឋាន កង្កែប​ប្រមាណ ១០ ​ម៉ឺន​ក្បាល ឬ ១០ ​ភាគរយ​ អាច​ធំធាត់​ទៅ​ជា​កង្កែប​ពេញ​សាច់​។

បើ​យោងតាម​ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​ ២០១០​ ការ​ទទួល​ទាន​កង្កែប​ទូទាំង​សកល​លោក មាន​ចំនួន​ពី ៨០០ ​លាន​​ទៅ ៣,២ ​​ពាន់​លាន​ក្បាល ដោយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ជា​ទីផ្សារ​នាំចូល​ធំ​បំផុត ខណៈ​ឥណ្ឌូនេស៊ី និង​ចិន​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​។

ក្នុង​ចំណោម​អតិថិជន​របស់​លោក Francois គឺ​ជា​ភោជនីយដ្ឋាន Bocuse ផ្កាយ Michelin ២ ស្ថិត​នៅ​ក្បែរ​ទីក្រុង​​លីយ៉ុង​ភាគ​ខាង​កើត​ប្រទេស​បារាំង ដែល​បន្ថែម​មុខ​ម្ហូប​ភ្លៅ​កង្កែប​នៅ​និទាឃ​រដូវ​។

មេ​ចុងភៅ Gilles Reinhardt ដែល​​ទិញ​កង្កែប​ ៤០០ ​​ភ្លៅ​ពី​កសិដ្ឋាន​លោក Francois ​ក្នុង​ពេល ១ សប្ដាហ៍​បាន​និយាយ​ថា​៖ «​ប៉ុន្ដែ​គ្មាន​អ្វី​ល្អ​ជាង​សាច់​កង្កែប​ថ្លោសៗ​នៅ​បារាំង​ឡើយ​»៕ AFP/HR

ចុងភៅនៅហាង​ប្រណីត សម្រិតសម្រាំង​សាច់កង្កែប​​​។ រូបថត AFP