ភ្នំពេញ៖ ដោយសារ​តែ​មាន​គោល​បំណង​ចង់​បញ្ជ្រាប​​​ការ​យល់​ដឹង​ពី​វប្បធម៌​ និង​អបអរ​សាទរ​បុណ្យ​​​​ប្រពៃណី​ខ្មែរ​ឆ្នាំ​ថ្មី​ឆ្នាំ​ជូត ខិត​ជិត​មក​ដល់​ទើប​​​​​ក្រុមហ៊ុន​ FUN Entertainment ​​រៀបចំ​ឲ្យ​​​មាន​ការ​ប្រកួត​​​ជ្រើសរើស​ធីតា​ឯក​​សង្រ្កាន្ត​ឆ្នាំ ​២០២០​ ​លើក​ដំបូង​ដែល​មាន​ការ​គាំទ្រ​ពី​ក្រសួង​​​វប្បធម៌​ និង​​​វិចិត្រ​​សិល្បៈ​ និង​ក្រសួង​ព័ត៌មាន​​ផង​ដែរ​។

បើ​តាម​អ្នក​នាង សំណាង ពុទ្ធានី ដែល​ជា​បុគ្គិល​​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​ និង​សមាជិក​នៃ​​គណៈកម្មការ​​ប្រកួត​ជ្រើស​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ ​២០២០ នេះ​​បង្ហើប​​ថា៖ «​ការ​រៀបចំ​នេះ មាន​គោល​​​​បំណង​ធំ ​២ ​​យ៉ាង​។ ទី​១ ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​ជូត ដែល​​​ខិត​ចូល​មក​ដល់​​។ ទី​២ ចង់​​​បញ្ជ្រាប​​បន្ថែម​ពី​ការ​​យល់​​ដឹង​អំពី​វប្បធម៌​​ទៅ​ដល់​កូន​ខ្មែរ​ជំនាន់​​ក្រោយ​ឲ្យ​បាន​​យល់​។

តាម​ប្រពៃណី​ខ្មែរ​ ​ជា​​​រៀង​​រាល់​​ឆ្នាំ​ តែង​មាន​ការ​ផ្សាយ​ពី​ដំណើរ​យាង​​ចុះ​​របស់​ទេព​ធីតា​នីមួយៗ​​ប្រចាំ​ឆ្នាំ​តាម​ថ្ងៃ​ទាំង ៧ ខណៈ​ទេពធីតា​ទាំង​​​​នោះ​គឺ​ជា​បុត្រធីតា​​របស់​កបិល​​​មហាព្រហ្ម​»។​

ការ​​ឈប់​ទទួល​ពាក្យ​បេក្ខភាព​នៅ​ត្រឹម​ថ្ងៃទី ​១៥ ខែ ​មីនា ឆ្នាំ ​២០២០ ខណៈ​ការ​​ជ្រើសរើស​​ដែល​អាច​ឲ្យ​ចូលរួម​បាន​នោះ គឺ​ជា​បេក្ខនារី​មាន​​វ័យ​ចាប់​ពី ​១៨ ឆ្នាំ​ដល់ ​២៥ ឆ្នាំ មាន​​កម្ពស់​​ចាប់​ពី​ ១,៦៣ ម៉ែត្រ​ ​ឡើង​ទៅ​កម្រិត​វប្បធម៌​កំពុង​សិក្សា​នៅ​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ឡើង ​មាន​​កាយ​សម្បទា​ល្អ និង​មាន​​​ទំនុក​ចិត្ត​ទៅ​លើ​​ខ្លួន​ឯង​។

អ្នក​​នាង ពុទ្ធានី ក៏​​បន្ត​​ឲ្យ​ដឹង​​ថា៖​ «​​ការ​ជ្រើសរើស​នេះ ​​មាន​ ​៣ ​ដំណាក់កាល​​​​​។ ​ដំបូង​​​​​​​​ចម្រុះ​​ចំនួន​ ៦០ ​រូប​​ ​​ខណៈ​វគ្គ​​បន្ទាប់​ចម្រាញ់​​យក​​ ១៥ ​រូប​ និង​​ជា​ចុង​ក្រោយ​​​​​ធ្វើ​នៅ​ថ្ងៃទី ​៣ ខែ​ ​មេសា ឆ្នាំ ​២០២០ ​មាន​ ២ ​វគ្គ គឺ​វគ្គ​ដំបូង​​ត្រូវ​​​ចម្រាញ់​យក ៧ ​រូប ដែល​​​ជា​ចំនួន​តំណាង​ឲ្យ​​​បុត្រធីតា​ទាំង​ ៧ អង្គ​របស់​​​​កបិល​​មហាព្រហ្ម​ និង​​វគ្គ​ចុង​​ក្រោយ​សម្រាំង​យក​ទេព​ធីតា​​ឯក​ប្រចាំ​​ឆ្នាំ ​២០២០»​។ ​

សម្រាប់​ឈុត​ថត​ស្ប៉ត​ផ្សព្វផ្សាយ​ពី​​ការ​ប្រកួត​ជ្រើសរើស​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ ​២០២០ ​ដែល​មាន​កញ្ញា ដេត ស្រីនាឌ ​អតីត​គឺ​ជា​ម្ចាស់​មកុដ​ ​Miss Grand ​Cambodia 2019 ក៏​ត្រូវ​​​​អ្នកនាង​ ពុទ្ធានី បញ្ជាក់​ថា​៖ ​«​ក្រុមហ៊ុន​ FUN Entertainment ​យល់​ថា​ ស្រីនាឌ មាន​លក្ខណ​​សម្បត្តិ​​ច្រើន​ស័ក្តិសម​​។

ស្រីនាឌ មាន​រូប​​សម្បត្តិ​ស្អាត ទឹក​មុខ​​ស្រស់​ញញឹម​ ចរិយា​​​សម្បត្តិ​សុភាព​​រម្យទម​ ទើប​យើង​​​បាន​សម្រេច​​​ជ្រើស​ថត​ស្ប៉ត​នេះ​»៕