ភ្នំពេញ៖ ការ​ប្រាព្ធ​ពិធី​អបអរ​​ខួប ​២ ឆ្នាំ នៃ​ហាង​កាហ្វេ​​ផ្ដល់​ការងារ​ដល់​មនុស្ស​គថ្លង់​ មិន​មាន​ការ​ជួប​ជុំ​អធិកអធម​រវាង​អ្នក​និយម​កាហ្វេ​ សហគ្រិន​សង្គម និង​បុគ្គលិក​ ដែល​ស្ដាប់​មិន​ឮ និង​​​មិន​អាច​និយាយ​ស្ដី​ តែ​មាន​ស្នាម​ញញឹម​រួស​​រាយ​រាក់ទាក់​​នោះ​ទេ​។

ជំនួស​ឲ្យ​កម្មវិធី​ជួប​ជុំ ​ហាង​កាហ្វេ Socials Coffee ​​អបអរ​ដំណើរការ​ ២ ឆ្នាំ​របស់​​ខ្លួន​ជាមួយ​សកម្មភាព​សប្បុរសធម៌​ជួយ​ដល់​អង្គការ​​ភ្នែក​។

ក្នុង​ឱកាស​អបអរ​ខួប​ ២ ​ឆ្នាំ​នៃ​ហាង​កាហ្វេ​សហគ្រាស​សង្គម អតិថិជន​ត្រូវ​​បាន​ផ្ដល់​ជូន​នូវ​កាហ្វេ​ដោយ​ឥត​គិត​​​ថ្លៃ​ជា​ថ្នូរ​នឹង​​យុទ្ធនាការ​មួយ​ហៅ​ថា «​បង់​ប្រាក់​តាម​ចិត្ដ​ចង់​» ខណៈ​ប្រាក់​ចំណូល​បាន​ពី​ការ​បរិច្ចាគ​របស់​អតិថិជន​ ត្រូវ​បាន​ប្រគល់​ជូន​អង្គការ​មូលនិធិ​ចក្ខុ​ខ្មែរ។

លោក Swapnil Deshmukh ស្ថាបនិក​ហាង​កាហ្វេ Socials Coffee ដែល​បាន​បោះបង់​ការងារ​ជា​អ្នក​គ្រប់គ្រង​ធនាគារ​មក​បើក​ហាង​កាហ្វេ​ដោយ​ជួល​បុគ្គលិក​គ​ថ្លង់​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​ខួប​ឆ្នាំ​ទី ២ នេះ យើង​ចង់​ចែក​រំលែក​ភាព​រីករាយ​អំឡុង​ពេល​ជួប​វិបត្ដិ​នេះ​។ នៅ​តាម​ហាង​​កាហ្វេ​នានា​គេ​បាន​បញ្ចុះ​តម្លៃ តែ​យើង​គិត​ថា វា​ជា​គំនិត​ល្អ​ដែល​យើង​​ចែក​រំលែក​អ្វី​ដែល​យើង​រក​បាន​មក​ទៅ​កាន់​អ្នក​ត្រូវ​ការ​វា​»។

ស្ថាបនិក​សហគ្រិន​សង្គម​រូប​នេះ បាន​បន្ដ​ថា​៖ «​ដូច្នេះ យើង​នឹក​ឃើញ​យុទ្ធនាការ​ ''Pay as you wish''​ ជា​អ្វី​ដែល​បាន​ជូន​អតិថិជន​នូវ​ភេសជ្ជៈ​ឥត​គិត​ថ្លៃ​ ហើយ​ពួក​គេ​បង់​ប្រាក់​ទៅ តាម​ចិត្ដ​ចង់​ ពី​ព្រោះ​ទឹក​ប្រាក់​ដែល​ទទួល​បាន​ទាំង​អស់​ ចំនួន ២ ៥០០ ដុល្លារ យើង​បរិច្ចាគ​ទៅ​កាន់​អង្គការ មូលនិធិ​ចក្ខុ​ខ្មែរ​»។

អតិថិជន​ខ្លះចំណាយ ២០ ដុល្លារ សម្រាប់​ភេសជ្ជៈ​មួយ​កែវ ​ដើម្បីជួយ​ដល់អ្នកជំងឺ​ភ្នែក​​។ រូបថត សហ​ការី

ក្រៅ​ពី​ជម្រើស​កាហ្វេ​ទូទៅ ហាង Socials Coffee មាន​បម្រើ​ភេសជ្ជៈ Golden Milk ទឹក​សូកូឡា​ក្រឡុក​​​ផ្លែប៊័រ ​ផ្លែប៊័រ​ក្រឡុក​កាហ្វេ​ខ្មៅ និង​ភេសជ្ជៈ​ច្នៃ​ប្រឌិត​ជា​ច្រើន​មុខ​ទៀត​ រយៈពេល ២ សប្ដាហ៍ ចាប់​​ថ្ងៃទី ២២ ខែ​ឧសភា ដល់​ថ្ងៃទី ៤ ខែ​មិថុនា ឆ្នាំ​ ២០២០ ហាង​ Socials Coffee ទាំង ៤ សាខា បាន​បើក​យុទ្ធនាការ​ផ្ដល់​ភាព​រីករាយ​ដល់​អតិថិជន​ ខណៈ​​​​ពួក​គេ​អាច​ចែក​រំលែក​នូវ​វិភាគ​ទាន​ទៅ​តាម​សន្ដាន​ចិត្ដ​ ដើម្បី​ជួយ​ដល់​​អ្នក​ជំងឺ​ភ្នែក​។

លោក Swapnil Deshmukh ដែល​បុគ្គលិក​ហាង​កាហ្វ​របស់​លោក​ភាគ​​ច្រើន​ជា​យុវជន​​មាន​បញ្ហា​គ​ថ្លង់​ បាន​​ឲ្យ​ដឹង​ថា​៖ «​​អតិថិជន​បាន​ចូលរួម​​ចំណែក​នូវ​ចំនួន​ទឹក​ប្រាក់​​​ខុសៗ​គ្នា។ តិច​តួច​ដែល​ចំណាយ​ប្រាក់ ​១ ដុល្លារ ដោយ​ភាគ​ច្រើន​បង់​ប្រាក់​ត្រឹម​តម្លៃ​ភេសជ្ជៈ​ ដែល​ពួក​គេ​ទទួល​។ ប៉ុន្ដែ​មាន​អតិថិជន​ខ្លះ​ក៏​ចំណាយ​ប្រាក់ ២០ ដុល្លារ ​សម្រាប់​ភេសជ្ជៈ ​១ កែវ។ មាន​​ភ្ញៀវ​ម្នាក់​បាន​ផ្ដល់​ប្រាក់ ១០០ ដុល្លារ​ ហើយ​គាត់​និយាយ​ថា វា​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រឡះ​ចិត្ដ​ពេល​បាន​ចូលរួម​យុទ្ធនាការ​នេះ​»។

ដោយ​ហាង​កាហ្វេ​ស្ទួយ​ជីវភាព​យុវជន​គ​ថ្លង់​នេះ​បោះ​ទីតាំង​នៅ​ក្នុង​ធនាគារ PPCBank និង​ទទួល​បាន​ការ​បង្ហើប​ពី​អគ្គនាយក​ធនាគារ​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អង្គការ ដែល​ជួយ​លើ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ការ​ព្យាបាល​ជំងឺ​ភ្នែក លោក Deshmukh ក៏​សម្រេច​ចិត្ដ​ជ្រើសរើស​អង្គការ​មូលនិធិ​ចក្ខុ​ខ្មែរ​ក្នុង​ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​ដែល​ទទួល​​បាន​ពី​អតិថិជន​របស់​ហាង​​ Socials Coffee។

លោក​និយាយ​ថា​៖ «​យើង​ជា​សហគ្រាស​សង្គម បំណង​ជួយ​យុវជន​គ​ថ្លង់​ ហើយ​យើង​ចង់​ជួយ​សង្គម​។ ខ្ញុំ​បាន​ឮ​អង្គការ​មូលនិធិ​ចក្ខុ​ខ្មែរ ពី​លោក ចាង មូស៊ីន អគ្គនាយក PPCBank។ អង្គការ​ផ្ដល់​ការ​ថែទាំ​ និង​​ព្យាបាល​ជំងឺ​ភ្នែក​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា​។ ដូច្នេះ យើង​បាន​សម្រេច​ចិត្ដ​ផ្ដល់​ប្រាក់​វិភាគទាន​ទាំង​អស់​ពី​យុទ្ធនាការ​ដល់​អង្គការ​មូលនិធិ​ចក្ខុ​ខ្មែរ​»។

លោក Swapnil Deshmukh (ឆ្វេងទី ២) ស្ថាបនិក​ហាងកាហ្វេ Socials Coffee​​។ រូបថត សហការី

គួរ​រំឭក​ថា​ លោក​បាន​រំលេច​រូបរាង​ហាង​កាហ្វេ Socials Coffee ​​​សាខា​​ដំបូង​ក្នុង​ខែឧសភា ឆ្នាំ ​២០១៨ ក្នុង​បំណង​​ជួយ​ផ្ដល់​ឱកាស​ការងារ​ដល់​មនុស្ស​​​គថ្លង់​។

គំនិត​បើក​ហាង​កាហ្វេ​នេះ​ ត្រូវ​បាន​ស្ថាបនិក Swapnil Deshmukh ផ្ដួច​ផ្ដើម​ឡើង​ក្រោយ​ពី​លោក​​បាន​ចូល​ហាង​កាហ្វេ​មាន​បុគ្គលិក​គថ្លង់​នៅ​ប្រទេស​វៀតណាម ​កាលពី​ឆ្នាំ ២០១៧។ លោក​បាន​ធ្វើ​ការ​​ស្រាវជ្រាវ​​​នៅ​ប្រទេស​សិង្ហបុរី និង​អូស្ដ្រាលី ​ដោយ​ប្រទេស​ទាំង​នេះ​មាន​ការ​ជួល​បុគ្គលិក​ពិការ​​គថ្លង់ ​ពិការ​ជើង មាន​តែ​ដៃ និង​អាច​និយាយ​បាន និង​ខ្លះ​ទៀត​ជា​មនុស្ស​ពិការ​ភ្នែក​។

ហាង​កាហ្វេ Socials Coffee បើក​ដំណើរការ​ពី​ម៉ោង ៨ ព្រឹក ​ដល់​ម៉ោង ៤ រសៀល​រៀង​រាល់​ថ្ងៃ​ធ្វើ​ការ​។

ព័ត៌មាន​បន្ថែម​សុំ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក @ilovesocials ឬ​លេខ​ទូរស័ព្ទ ០១០ ២៣ ៥០ ៨៨៕

កាហ្វេ​កាយវិការ​ Socials Coffee ផ្ដល់​ឱកាស​ការងារ​ស្មើភាព​​ដល់​បុគ្គលិកមានពិការភាពគថ្លង់។ រូបថត សហការី