ភ្នំពេញៈ ទី​បំផុត​កុន​ខ្មែរ​ខ្នាត​​​ធំ​​ និង​​ស្តង់ដា​អន្តរជាតិ​រឿង​ «​តន្រ្តី​​ជីវិត» ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​​គ្រួសារ​​មួយ​​​ឆ្លង​កាត់ ៣ ជំនាន់​នោះ​ ត្រូវ​បាន​​ជ្រើស​យក​ទៅ​ប្រកួត​​ពាន​រង្វាន់​អន្តរជាតិ​អូស្ការ​លើក​ទី៩២ ដែល​​គ្រោង​​ធ្វើ​នៅ​​ថ្ងៃទី ​៩ ខែ ​កុម្ភៈ ឆ្នាំ ​២០២០​ នៅ​​ទីក្រុង​ឡូសអេនជេលេស​ រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋ​​​អាមេរិក​។​

ភាពយន្ត​នេះ ​ផលិត​ដោយ​កូន​ខ្មែរ ​២ រូប ​​ដែល​មាន​រយៈពេល​ ៩២ នាទី​ ហើយ​សាច់​រឿង​​​រៀបរាប់​​ពី​​រសជាតិ​​ជីវិត​​​​ក្រុម​គ្រួសារ​​​មួយ​ តាមរយៈ​បទ​ចម្រៀង​សម័យ​ដើម​​របស់​អតីត​អធិរាជ​សំឡេង​មាស ​លោក ស៊ិន ស៊ីសាមុត​ ​គឺ​បទ​​ «​ចម្ប៉ា​បាត់​ដំបង​» ជា​​ការ​​សហការ​ផលិត​ដោយ​លោក សុខ វិសាល និង សូ ខេលី ជា​កូន​ខ្មែរ​កាត់​អាមេរិក​។

ឈុត​មួយ​ក្នុង​កុន​រឿង «តន្រ្តីជីវិត» ជាប់ជម្រើស​​ការប្រកួត​អូស្ការទី៩២​​​។សហការី

ភាពយន្ត​នេះ​ត្រូវ​បាន​​ជ្រើស​យក​ទៅ​​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អាស៊ី​ប៉ាស៊ីហ្វិក​ កាល​ពី​ខែ ​ឧសភា ឆ្នាំ ​​​២០១៨ ក្រុង​ឡូសអេនជេលេស​​ រដ្ឋ​កាលីហ្វ័រនីញ៉ា​ ​នៃ​មហោ​ស្រព​ភាពយន្ត​អាស៊ី (The Bangkok ASEAN Film Festival 2018)​​ នៃ​ទីក្រុង​បាងកក​កាល​​ឆ្នាំ ​២០១៨ និង​​បាន​​ពាន​រង្វាន់​ពី​កម្មវិធី Philadelphia Asian American Film Festival (PAAFF) ផ្នែក​​ភាពយន្ត​ប្រភេទ​ Audience Choice Narrative Feature នៅ​​​ទីក្រុង Philadelphia សហរដ្ឋអាមេរិក​ផង​ដែរ​។​

លោក សុខ វិសាល ជា​សហ​ដឹកនាំ​ការ​សម្តែង​នៃ​កុន​នេះ​ បក​ស្រាយ​ន័យ​​ថា៖ «តន្រ្តី​តែងតែ​មាន​តួនាទី​យ៉ាង​សំខាន់​​​​ក្នុង​សង្គម​កម្ពុជា ហើយ​គ្រប់​គ្នា​​បាន​និយាយ​ថា តន្រ្តី​គឺ​ជា​ព្រលឹង​​របស់​​ប្រជាជន​ខ្មែរ​។ ក្នុង​នាម​ខ្ញុំ​ជា​ផលិតករ​ខ្មែរ​ម្នាក់​ ខ្ញុំ​គិត​ថា ​ភាពយន្ត​​នេះ​ពិត​ជា​ស្តីពី​ព្រលឹង​ខ្មែរ​ និង​អ្វីៗ​ដែល​ពួក​គាត់​​បាន​ឆ្លង​កាត់​​រយៈពេល ​៤០ ឆ្នាំ​​កន្លង​មក​មែន​​។

លោក សុខ វិសាល និង​កញ្ញា សូ ខេលី (ឆ្វេង)ផលិតករ​រឿង «តន្រ្តីជីវិត»​ ដែលត្រូវ​ជ្រើសប្រកួត​ពានរង្វាន់អូស្ការទី៩២។ សហការី

តាមរយៈ​កុន​នេះ គឺ​ប្រៀប​ដូចជា​ចម្រៀង​ ​១ បទ​ ថ្លែង​​ពី​បទ​ពិសោធ​ប្រជាជន​​កម្ពុជា​​បាន​​​ឆ្លង​កាត់​ ​ទាំង​សេចក្តី​សប្បាយ​ ​និង​​​ក្តី​សង្ឃឹម​នៅ​​ចំណុច​ចាប់​ផ្តើម​។ ចំណែក​​​ពាក់​​កណ្តាល​​រឿង​ បង្ហាញ​ពី​ភាព​​ក្រៀមក្រំ​ និង​ទុក្ខ​សោក​​​ប្រជាជន​ខ្មែរ ខណៈ​ទី​បញ្ចប់​នៃ​រឿង​បង្ហាញ​ពី​ភាព​អត់ធន់​​ ការ​ប្តេជ្ញា​ចិត្ត​ឆ្ពោះ​​ទៅ​មុខ​ ដោយ​មិន​​​បំភ្លេច​​រឿង​អតីត​កាល​​»។​

កញ្ញា សូ ខេលី អ្នក​និពន្ធ​ និង​ដឹកនាំ​រឿង​បាន​ថ្លែង​ដែរ​​ថា៖ «តន្រ្តី​អាច​ឲ្យ​យើង​ឆ្លង​ឧបសគ្គ ឆ្លង​ពេល​វេលា ហើយ​​បញ្ជូន​យើង​​ និង​ភ្ជាប់​យើង​ឡើង​វិញ​។ ខ្ញុំ​ដឹង​ថា ទោះបី​ជា​អ្នក​ជំនាន់​ក្រោយ​មិន​បាន​យល់​ពី​ន័យ​ចម្រៀង​នោះ​​ក្តី តែ​បន្ទាប់​ពី​បាន​ស្តាប់​រួច​ទៅ​គឺ​ពិត​ជា​ចង់​ស្វែង​យល់​ពី​អត្ថន័យ​របស់​បទ​​នេះ​ផង​ដែរ»​។

លោក​ស្រី Mariam Arthur ជា​ប្រធាន​គណៈកម្មាធិការ​អូស្ការខេមបូឌា ​(COSC) បាន​​មានប្រសាសន៍​ថា «​ឆ្នាំនេះ​មានលក្ខណៈជា​ប្រវត្តិសាស្ត្រ ​សម្រាប់​សមា​ជិក​គណៈ​កម្មាធិការ​ ដែលត្រូវបោះឆ្នោត ​រវាង​ខ្សែភាពយន្ត​ ចំនួន​ពីរ។ ខ្សែភាពយន្តទាំង២​ ដែល​​​បាន​ដាក់​ជូន​​គណៈកម្មាធិការ​ដោយកំណត់ត្រឹមថ្ងៃទី ១៥​ ខែ​កក្កដា ​គឺ​នៅក្នុងនោះ​​មានរឿង​ «តន្ដ្រីជីវិត» ដែលដឹកនាំដោយ ​លោកស្រី ខេលី សូ​ និងលោក សុខ វិសាល និងរឿង​ «បោកចំបាប់» ដឹកនាំដោយ លោកម៉ានីស សាមា។ យើង​ទទួល​​ស្គាល់ថា ​ខ្សែភាពយន្តទាំងពីរ មានភាព​ស័ក្ដិ​សម​ដើម្បី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ប៉ុន្តែ​យើង​អាច​បញ្ជូន​បានត្រឹម​តែ​​ខ្សែភាពយន្តមួ​យ​​ប៉ុណ្ណោះ»៕​

លោក​ស្រី Mariam Arthur (កណ្តាល)​ ជា​ប្រធាន​គណៈកម្មាធិការ​អូស្ការខេមបូឌា ​(COSC)។​រូប សហការី