សៀមរាប: នា​ព្រឹក​ថ្ងៃមួយ​កាលពី​ប្រមាណ ១ ឆ្នាំ​មុន ពេល​ឪពុកម្ដាយ​ចេញ​ទៅ​ធ្វើ​ស្រែ​ចម្ការ កុមារា សង ដាវីត អាយុ​ជាង ១ ឆ្នាំ និង​បង​ស្រី​អាយុ ៤ ឆ្នាំ នាំ​គ្នា​ទៅ​មើល​គេ​ដុត​ដំឡូង​ក្នុង​ចំបើង​ដែល​នៅ​រាយ​ប៉ាយ​លើ​ដី។ ភ្លើង​ចំបើង​ចាប់​ផ្ដើម​ឆេះ​សន្ធោ​សន្ធៅ​ឡើង និង​រាល​ដាល​ទៅ​តាម​កម្រាល​ចំបើង​រាយ​លើ​ដី​រហូត​ដល់​បាន​ឆាប​ឆេះ​ដល់​ខ្លួន​ប្រាណ​កុមារា​តូច​នេះ​ប្រកាច់​ននៀល​ស្រែក​យំ​រោទ៍​ដូច​គោ​គួរ​ឲ្យ​អាណោច​អាធ័ម។

អ្នកជិតខាង និង​ភូមិ​ផង​របង​ជាមួយ ខ្លះ​រូតរះ​យក​ទឹក​ជះ​ពន្លត់ភ្លើង និង​ខ្លះទៀត​ស្វែងរក​ថ្នាំ​មក​លាប និង​ដាក់​កុមារ​តូច​នេះ​ត្រាំ​ក្នុង​ទឹក​ត្រជាក់ រួច​ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ក្នុង​ស្រុក​លើក​ដែក។

នៅលើ​បណ្ដាញ​សង្គម ដែល​ព្រះសង្ឃ​អង្គ​នេះ បាន​បង្ហោះ ទទួលបាន​សំណេរ​ឆ្លងឆ្លើយ​ជាច្រើន រួម​ទាំង​ការ​សម្ដែង​នូវ​ក្ដី​អាណិត​អាសូរ ប្រាប់​មុខ​ថ្នាំ​ព្យាបាល និង​រិះគន់​កប់ៗ​ចំពោះ​អាណា​ព្យាបាល​ដែល​បណ្ដែត​បណ្ដោយ​កូន​ឲ្យ​ទទួល​រង​គ្រោះ​ដ៏​អាក្រក់​នេះ។

ទោះបីជា ដា​វីត ត្រូវបាន​សង្គ្រោះ​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​យ៉ាងណា​ក៏ដោយ តែ​របួស​ស្លាក​ស្នាម​អគ្គី​បាន​ញាំញី​ពេញ​រាង​កាយ​លើ​សាច់​ឈាម​ដ៏​ក្មេង​ខ្ចី​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

រហូតមកដល់​ពេលនេះ កុមារា សង ដា​វីត អាយុ ២ ឆ្នាំ រស់នៅក្នុង​ស្រុក​លើកដែក ខេត្ដ​សៀមរាប បន្សល់​ទុក​នូវ​ស្នាម​ផ្លែ​សុស​សាច់ ដូចជា​ក្បាល រួញ​ត្រចៀក​ម្ខាង​ខ្លាំង ជាប់​ម្រាម​ដៃ ខ្លួន និង​សាច់​ដុះ​ទាញ​ជើង ព្រម​ទាំង​មាន​របួស​ដំបៅ​រលេះ​រលួយ។ អាការ​សាច់​ផ្លែ​មិន​សះ​ស្បើយ​នេះ បាន​ធ្វើ​ឲ្យ​កុមារា ដាវីត រមាស់ និង​ឈឺ​ចាប់ ស្រែក​ទ្រហោ​យំ​គ្មាន​លស់​ថ្ងៃ។

កុមារា​ សង ដាវីត មាន​ស្នាម​​រលាក​ពេញ​ប្រាណ​។ ហ្វេសប៊ុក

នៅក្នុង​បទ​សម្ភាស​វីដេអូ​មួយ​ជាមួយ​ព្រះសង្ឃ​សប្បុរសធម៌ ខណៈ​កុមារា ដា​វីត កំពុង​ស្រែក​យំ​យ៉ាង​ខ្លាំង ស្ដ្រី​ជា​ម្ដាយ បាន​ប្រាប់​ថា៖ «គាត់​រមាស់​យំ​រាល់​យប់ រាល់​ថ្ងៃ គ្មាន​លស់​ពេល​ទេ។ មួយ​ថ្ងៃៗ មិន​ដែល​បាន​ដេក​ទេ។ ជើង​នេះ​ជាមួយ​សា​ហើយ តែ​គាត់​អេះ​រមាស់​លើ​ស្នាម​ផ្លែ​ដែល​ចង់​ដុះ​សាច់»។

ដោយបាន​និមន្ដ​ទៅដល់​ផ្ទះ​ឪពុកម្ដាយ​កុមារា ដា​វីត ដែលជា​អ្នកធ្វើ​ស្រែចម្ការ​ចិញ្ចឹមជីវិត​បន្ដិច​បន្ដួច អម​ជាមួយ​បច្ច័យ​សប្បុរស​មួយ​ចំនួន ព្រះ​តេជ​គុណ កក្កដា សុភ័ណ្ឌ មាន​សង្ឃដិកា​ថា៖ «គួរ​ឲ្យ​អាណិត​ណាស់ ដា​វីត អាយុ​ទើប ២ ឆ្នាំ តែ​គ្នា​ត្រូវ​រង​គ្រោះ​ព្រោះ​ភ្លើង​ឆេះ​កាយ​ស្ទើរ​សព្វ​សាច់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង»។

ក្រៅពី​ថវិកា​មួយចំនួន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​មួយគ្រា ព្រះសង្ឃ​និមន្ដ​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ព្រះជន្ម ២១ វស្សា​នេះ បាន​នាំ​កុមារា សង ដាវីត មក​ទិញ​សម្លៀក​បំពាក់ ទទួល​ទាន​អាហារ​ឆ្ងាញ់ៗ​ជាមួយ​ម្ដាយ​នៅ​ទីក្រុង ជា​ពិសេស ព្រះអង្គ​បាន​នាំ​កុមារ​ត្រូវ​ភ្លើង​ឆេះ​រូប​នេះ​ទៅ​ជួប​ពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ថែម​ទៀត។

ព្រះ​តេជគុណ កក្កដា សុ​ភ័​ណ្ឌ បន្ដថា៖ «ដា​វីត នឹងត្រូវ​ធ្វើការ​វះកាត់​ម្រាមដៃ​នៅ​ខែវិច្ឆិកា ខាង​មុខ។ អាត្មា​ជួយ​ជា​បច្ច័យ​សម្រាប់​ទិញ​អាហារ​ហូប​ចុក ខណៈ​មន្ទីរពេទ្យ​កុមារ​ជាតិ​ជួយ​លើ​ការ​វះ​កាត់»។

ព្រះ​តេជគុណ បាន​បន្ថែមថា៖ «ដា​វីត ត្រូវ​វះកាត់​ច្រើន​ដំណាក់កាល​ទៀត ពីព្រោះ​គាត់​រលាក​ស្ទើរ​តែ​សព្វ​ខ្លួន តាំង​ពី​ក្បាល ខ្លួន ដៃ និង​ជើង»៕