ក្រុង​ហ្ស៊ឺណែវ៖ ប៉ូលិស​ស្វ៊ីស​បាន​អះអាង​កាល​ពី​ថ្ងៃ​ពុធ​ថា ពួក​គេ​បាន​ស៊ើប​អង្កេត​ពី​កុមារា​អាយុ ៨ ឆ្នាំ​ម្នាក់ ​ក្រោយ​ពី​ក្មេង​នេះ​បាន​សាកសួរ​ថា តើ​ខ្លួន​អាច​ប្រើ​ក្រដាស​លុយ​ក្មេង​លេង​ចាយ​នៅ​ហាង​ក្នុង​ភូមិ​បាន​ឬ​ទេ?​។

សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ថា ហាង និង​ប៉ូលិស​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​លើ​ករណី​នេះ ដោយ​ឈ្មោះ​របស់​កុមារា​រូប​នេះ​នឹង​ស្ថិត​ក្នុង​កំណត់ត្រា​ប៉ូលិស​រហូត​ដល់​ខែ​ឧសភា ឆ្នាំ ​២០៣២​។

កុមារា​​ដែល​មិន​ត្រូវ​បាន​បង្ហាញ​អត្ដសញ្ញាណ​មិន​ត្រូវ​បាន​ចោទ​ពី​បទល្មើស​អ្វី​មួយ​នោះ​ទេ​។ កាសែត Basler Zeitung (BaZ) បាន​រាយការណ៍​ថា ក្រដាស​អឺរ៉ូ​ក្លែងក្លាយ ​គឺ​ជា​ក្រដាស​ប្រាក់​ក្លែងក្លាយ​ផលិត​នៅ​ចិន​ ឬ​ហៅ​ថា «​លុយ​ឆេង​ម៉េង» ដែល​ប្រើ​សម្រាប់​ដុត​ថ្វាយ​ដល់​បុព្វការីជន​ដែល​បាន​ចែក​ឋាន​សម្រាប់​ចាយ​វាយ​នៅ​បរម​លោក​។

ក្រដាស​ប្រាក់​អឺរ៉ូ​ឆេង​ម៉េង ត្រូវ​បាន​គេ​បោះ​ចោល​កាល​ពី​ដើម​ខែ​មីនា នៅ​ពិធី​ក្នុង​​ទីក្រុង​ Sissach ក្នុង​តំបន់ Basel-Landschaft ភាគ​ខាង​ជើង​ប្រទេស​ស្វ៊ីស ជា​ទី​ដែល​ហ្វ្រង់ស្វ៊ីស​​ គឺ​ជា​រូបិយប័ណ្ណ​ត្រូវ​បាន​ប្រើ​ជា​ផ្លូវ​ការ​។

នៅ​ដំណាច់​ខែ​មេសា កុមារា​ជា​បង​ប្រុស​អាយុ ១០ ឆ្នាំ និង​កុមារី​ផ្ទះ​ជិត​ខាង​បាន​នាំ​គ្នា​ទៅ​ហាង​មួយ​ក្នុង​ភូមិ​ក្បែរ​តំបន់ Dietgen ជា​ទី​ដែល​​ប្អូន​ប្រុស​បាន​សាកសួរ​ថា តើ​ខ្លួន​អាច​ចាយ​ប្រាក់​នេះ​បាន​ឬទេ​?។

ថ្វី​ដ្បិត​តែ​ក្រដាស​ប្រាក់​នេះ​រំលេច​ច្បាស់​ថា វា​ជា​ក្រដាស​ប្រាក់​ក្លែងក្លាយ​យ៉ាង​ណា​ក៏​ដោយ ក៏​បុគ្គលិក​ហាង​ត្រូវ​តែ​ប្ដឹង​ប៉ូលិស​ដែរ។ កាល​ពី​ថ្ងៃទី ២៨ ខែ​ឧសភា ប៉ូលិស​បាន​ទាក់ទង​ឪពុក​ម្ដាយ​ក្មេង និង​ចុះ​ផ្ទាល់​ដល់​ផ្ទះ​ពួក​គេ​រយៈពេល ៣ ម៉ោង​ ដើម្បី​ស៊ើប​ករណី​នេះ​៕ AFP/HR