ក្រុង​បាសេឡូណា: ដោយ​មាន​ឈ្មោះ ស្ដេច​ស (White King) កូនតោ​​ឈ្មោល​នេះ​មាន​អាយុ ១០ ថ្ងៃ​ហើយ​ ហើយ​ខាង​សួន​សត្វ​បាន​ឲ្យ​ដឹងថា វា​ពិត​ជា​តុក្កតា​រស់​​ប្រាកដ​មែន។ ប៉ុន្ដែ​តោ​ញី​ដែល​បាន​បង្កើត​វា បែរ​ជា​មិន​ទទួល​ស្គាល់​ជា​កូន​ក្រោយ​មាន​​អប្រក្រតីភាព​នៃកំណើត​។

កើត​នៅថ្ងៃ​ទី ៣១ ខែ​ឧសភា កូន​តោនេះ​ជា​អម្បូរ​តោ​​​ស​​ដំបូង​បំផុត​នៅ​សួន​សត្វ​អេស្ប៉ាញ។ នៅ​លើ​ដៃ​បី​ត្រកង​របស់​លោក ជូន ល្វីស ម៉ាល់​ផាធិតា ជា​នាយក​គ្រប់​គ្រង​សួន​សត្វ​ Mundo Park ក្បែរ​ទីក្រុង​សេវីល​ភាគ​ខាង​ត្បូង លោក​មិន​ភ្លេច​ក្រសោប​ឱប​ថើប​ និងបំបៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​តោ​នេះ​ឡើយ។

លោក​បាន​ប្រាប់ AFP ថា​៖ «​វា​ជា​កំណើត​មិន​សម​ប្រកប​ឡើយ។ មេ​តោ​ដែល​ត្រូវ​បាននាំ​មក​ពី​ប្រទេស​ថៃ​កាលពី ៤ ឆ្នាំ​មុន បាន​ចូល​កន្លែង​សម្រាល​រយៈ​ពេល ១៤ ឬ ១៥ ថ្ងៃ​មុន​កើត​កូន​»។

នៅពេល​វា​កើត​ចេញ​មក វា​ខុស​ប្លែក​ពី​កូន​តោ​ដទៃ​ដោយ​មាន​ទំហំ​តូច​បន្ដិច។

ម៉ាល់​ផាធិតា អាយុ ៧៣ ឆ្នាំ​ ដែល​បាន​ចំណាយ​ពេល​ស្ទើរ​មួយ​ជិវិត​នៅ​កៀក​កើយ​ជាមួយ​សត្វ​ បាន​និយាយ​ថា​៖ «​សាក​ស្រមៃ​ដល់​ពេលវេលា​ដែល​តោ​ញី​នោះ​ឆ្លង​កាត់​ ខ្ញុំ​នៅតែ​មិន​យល់​ថា វា​បោះ​បង់​កូន​ចោល​យ៉ាង​ដុច​ម្ដេច​ទេ​»។

រយៈ​ពេល ៣ ថ្ងៃ​ដំបូង វា​គ្មាន​ទឹក​ដោះ​បៅ ហើយ​ក្រោយ​ដឹង​ថា​ មេ​វា​មិន​ចាប់​អារម្មណ៍​ចំពោះ​វា ពួកគេ​ក៏​យក​វា​ចេញ​ពី​ទ្រុង​ វា​មាន​បញ្ហា​ខ្វះ​ជាតិទឹក និង​ខ្វះ​កម្ដៅ ក៏​ដូចជា​ខ្វះ​ជាតិ​ស្ក​រ។

ស្ដេច​ស នឹង​ក្លាយ​ជា​ភាព​ទាក់​ទាញ​សំខាន់​មួយ​ នៅពេល​សួន​សត្វ​នេះ ដែល​មាន​សត្វ ៣០០០ ក្បាល បាន​បើក​ទ្វារ​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ក្រោយ​បិទ​​ទ្វារ ៣ ខែ​ព្រោះតែ​កូរ៉ូណា។

ពេលនេះ បុគ្គលិក​នៅ​សួនសត្វ Mundo Park នឹង​បន្ដ​ថែទាំ​ស្ដេច​ស។

លោក ម៉ាល់​ផាធិតា បាន​បន្ដថា​៖ «​ពេល​យើង​ឃើញ​ថា វា​អាច​វិល​ចូល​ក្នុង​គ្រួសារ​ជាមួយ​មេបា​វា​វិញ យើង​នឹង​ធ្វើ។ ប៉ុន្ដែ​វា​ពិបាក​បន្ដិច ពីព្រោះ​វា​នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​បា​របស់​វា​ក្នុងការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មេ​»៕ AFP/HR