ភ្នំពេញៈ ថ្មីៗ​នេះ​មហាជន​ហាក់​ដូចជា​មាន​ការកត់សម្គាល់​ពី​វត្តមាន​របស់​អតីត​ជា​ស្រីស្អាត​ចំណាត់ថ្នាក់​លេខ ២ ឆ្នាំ ២០១០ អ្នកនាង​ ថៃ នារីសុជាតា ជា​កូនស្រី​ពៅ​លោក​ ថៃ នរៈសត្យា ហៅ ហ្វីយ៉ាតា លេច​មុខ​ក្នុង​កម្មវិធី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ច្រើន ទំនង​ជា​ស្រី​ស្រស់​រូប​នេះ​វិល​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ ក្រោយពី​បាត់​មុខ​មួយ​រយៈពេល​យូរមក​។

ដូចជា​ករណី​កន្លង​ទៅ​មុន​នេះ​មហាជន​ក៏​ចាប់​អារម្មណ៍​ភ្លាម ពេល​ឈាន​ជើង​ចូល​ដល់​ផ្សារទំនើប​អ៊ីអន​ក៏​លេច​វត្តមាន​នាង ហ្វីយ៉ាតា នៅក្នុង​បញ្ចក់​ទូរទស្សន៍​ផ្សព្វផ្សាយ​ផលិតផល​ក្នុង​ផ្សារ​ទំនើប​នេះ ស្ទើរតែ​គ្រប់​ច្រកល្ហក​ក៏​លាន់មាត់​ថា​៖ «​យី​!​ស្រីស្អាត កូនស្រី​ពៅ​លោក ថៃ នរៈសត្យា ម្នាក់​នេះ​បាន​បាត់​មុខ​ពី​ឆាក​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ចុះ​ពេល​នេះ​បែរ​ជា​លេចមុខ​វិញ​ហើយ​ទេតើ​!​។

តែ​ក្រៅពី​ពាក្យពេចន៍​កោតសរសើរ​ពី​រូប​សម្ផស្ស​ដ៏ស័ក្តិសម​នឹង​រាងកាយ​ដ៏ស្រលូន​របស់​ស្រី​ស្រស់ ហ្វីយ៉ាតា នេះ​ក៏​រំលេច​ចេញ​ការងឿងឆ្ងល់​ផង​ដែរ​ថា​៖ «​តើ​អតីត​ជា​ស្រី​ស្អាត​ជាប់​ចំណាត់ថ្នាក់​លេខ​ ២ រូប​នេះ​កំពុងតែ​ថត​នូវ​ស្ប៉ត​ពាណិជ្ជកម្ម​អ្វី ឬ​ថត​ឈុត កុន​អ្វី​ដែរ​ទៅ​? ព្រោះ​ថា​នេះ​គឺជា​រូបថត​កម្រ​នឹង​បានឃើញ​ខ្លាំង​ណាស់​?»​។

យ៉ាងណា​រឿង​ថា តើ​នាង​ពិត​ជា​ត្រឡប់​មក​ប្រឡូក​នៅ​លើ​វិថី​សិល្បៈ​វិញ​បាន​កម្រិត​ណា​នោះ មិន​ត្រូវ​បាន​បំភ្លឺ​ពី​សំណាក់​ស្រីស្រស់​រូប​ស្អាត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា នោះ​ឡើយ​ទោះបី​ជា​មាន​ការទាក់ទង​តាម​ទូរស័ព្ទ​ច្រើន​លើក​ក្តី ក៏​ប្រព័ន្ធ​ទូរស័ព្ទ​នាង​គ្មាន​អ្នក​លើក​ទទួល​នោះ​ឡើយ​។

តែ​បើ​តាម​ការបង្ហើប​ពី​សំណាក់​លោក ថៃ នរៈបណ្ឌិត ហៅ បេននី ជា​វិចិត្រករ​ឌីជីថល​ដែល​កំពុងតែ​ទទួលបាន​នូវ​ប្រជាប្រិយភាព និង​ភ្ញាក់ផ្អើល​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម ក្រោយពី​លោក​បាន​គូររូប​តារាចម្រៀង​ល្បី​អាមេរិក​គឺ​នាង ប៊ីយុនសេ មក​ដែល​លោក​ត្រូវ​ជា​បងប្រុស​ទី​ ២ របស់​នាង​នោះ​បាន​បង្ហើប​ឲ្យ​ដឹង​ខ្លះ​ដែរ​ថា ប្អូនស្រី​របស់​លោក​គឺ​ពិតជា​មាន​ទទួល​ការងារ​ថត​ស្ប៉ត​ខ្លះៗ​ដែរ​។

លោក បេននី បង្ហើប​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា​៖ «​បើ​តាម​ខ្ញុំ​បាន​ឃើញ​ជាក់ស្តែង​នោះ ដូចជា​គាត់ [​ហ្វីយ៉ាតា​] ទទួល​ការងារ​ពី​គេ​រហូត​មក​ដែរ គឺ​ការងារ​ពាក់ព័ន្ធ​ថត​ស្ប៉ត​នានា​»​។

ដោយឡែក​អ្នកនាង​ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ក៏​ធ្លាប់​បាន​ប្រាប់​ទាំង​ដែល​មាន​អារម្មណ៍​សប្បាយចិត្ត​ផងដែរ​ថា​៖ «​អូ​!​ពេល​នេះ​ការងារ​សិល្បៈ​នាង​ខ្ញុំ​ពិតជា​ហូរ​ចូល​មែន​។ ពេលនេះ​ការងារ​ខ្ញុំ​ទទួល​មិន​អស់​ទេ​គឺ​ច្រើន​ណាស់​»​។

កូនស្រី​របស់​អតីត​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រូបនេះ​ក៏​បន្ត​ការ​អះអាង​ថា​៖ «​ឆ្លង​ឆ្នាំ​ភ្លាម [​ឆ្នាំ ២០១៨ ] គឺ​នាង​ខ្ញុំ​តាំង​ចិត្ត​ថា នឹង​ក្តាប់​នូវ​ការងារ​សិល្បៈ​ភ្លាមៗ​នេះ​ក៏​មាន​គេ​ហៅ​ថត ទាំង​ភាពយន្ត ថត ទាំង MV និង​ការថត Show ផ្សេងៗ​ច្រើន​មែនទែន​។ តែ​ការងារ​ថត​ភាពយន្ត​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ការពិចារណា ព្រោះ​ថតកុន​ប្រើ​ពេល​យូរ ខ្ញុំ​អត់​ពេល​ថត​ឲ្យ​ទេ ខ្លាច​ប៉ះពាល់​ដល់​ផលិតករ​»​។

គួរ​បញ្ជាក់​ដែរ​ថា​អ្នកនាង​ ថៃ នារីសុជាតា ជា​កូនស្រី​ពៅ​លោក​​ថៃ នរៈសត្យា ហៅ ហ្វីយ៉ាតា អតីត​នាង​គឺជា​ស្រី​ស្អាត​- (Freshie Girl) ដែល​ទទួល​បាន​នូវ​ចំណាត់ថ្នាក់​លេខ​ ២ កាលពី​ឆ្នាំ ២០១០ ហើយ​ក៏​បាន​បញ្ចប់​ការសិក្សា​នៅឯ​សាកល​វិទ្យាល័យ Superstar College of Arts (SCA) ​ទីក្រុង​បាងកក​៕