ភ្នំពេញ៖ ជា​កូន​ទោល​ក្នុង​គ្រួសារ​ ដែល​មាន​ម្តាយ​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ ​១ រូប កញ្ញា ម៉ៅ​ ចាន់​រស្មី បាន​រំឭក​អតីតកាល​មិន​ធ្លាប់​ចង់​ធ្វើ​អ្នក​និពន្ធ ទោះ​បី​ខ្លួន​ចូល​ចិត្ត​អាន​សៀវភៅ​ប្រលោម​លោក និង​​ទស្សនា​ភាពយន្ត​ព្រម​ទាំង​ជួយ​កិច្ចការ​​វាយ​អត្ថបទ​អ្នក​ម្តាយ​​តាំង​ពី​ខ្លួន​នៅ​ក្មេង​ក៏​ដោយ​។

កញ្ញា ម៉ៅ ចាន់​រស្មី ជា​កូន​ស្រី​តែ​ម្នាក់​របស់​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ ម៉ៅ សំណាង ​រហស្សនាម​​ «ទន្សាយ»។

កញ្ញា​​​រហស្សនាម​​ កូន​ទន្សាយ​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖ ​«​ខ្ញុំ​គឺ​ក្មេង​ស្រី​សាមញ្ញ​ម្នាក់​ ដែល​ចូលចិត្ត​អាន​ប្រលោម​​លោក​ និង​មើល​ភាពយន្ត​តាំង​​ពី​បឋម​សិក្សា​។ រហូត​ដល់​ឆ្នាំ ២០១១ ទើប​ខ្ញុំ​ចាប់​ផ្តើម​រៀន​សូត្រ​ពី​ការងារ​​និពន្ធ​តាមរយៈ​ការ​វាយ​អត្ថបទ​និពន្ធ​របស់​ម៉ាក់​ (ម៉ៅ សំណាង) ដើម្បី​​ជួយ​ការងារ​គាត់​ ដោយ​គ្មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​អ្វី​ទេ​»។

អ្នក​និពន្ធ​វ័យ​ក្មេង​ ដែល​ធ្លាប់​​បាន​សម្តែង​នៅ​ក្នុង​ភាពយន្ត​ ព្រហ្មលិខិត​ និង​ឃុនឆាង​ ឃុនផែន​ ​ពី​កុមារ​ភាព​ក្នុង​អំឡុង​ឆ្នាំ ២០០៤ ទទួល​ស្គាល់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ចាប់​ស្លាប​ប៉ាកកា​និពន្ធ​នោះ អាច​មក​ពី​ឥទ្ធិពល​​ប្រឡូក​ការងារ​របស់​​​អ្នក​ស្រី​ ម៉ៅ សំណាង ​​ជា​ម្តាយ​បង្កើត​។

ទន្ទឹម​នឹង​បទពិសោធ​ជួយ​​ម្តាយ និង​បាន​ចាប់​ផ្តើម​សិក្សា​រៀន​សូត្រ​អំពី​ការងារ​ទាំង​នេះ​ កញ្ញា ម៉ៅ ចាន់​រស្មី ក៏​បាន​សម្គាល់​​ឃើញ​ថា អ្នក​និពន្ធ​មាន​ទេពកោសល្យ​​ភាគ​ច្រើន​សុទ្ធ​តែ​ឈាន​ចូល​​​វ័យ​ចំណាស់​ ដូច្នេះ​ទើប​នាង​បាន​សម្រេច​ចិត្ត​ធ្វើ​ខ្លួន​ជា​ទំពាំង​ស្នង​ឫស្សី​​លើ​ផ្នែក​តែង​និពន្ធ។

កញ្ញា​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​គ្រាន់​តែ​គិត​ថា​ ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ជាង​ហ្នឹង​ ហើយ​មិនមែន​មាន​ប្រយោជន៍​តែ​ខ្លួន​ឯង​នោះ​ទេ​ ចង់​ឲ្យ​មាន​ប្រយោជន៍​ដល់​សង្គម​ ដើម្បី​ជាតិ​ ឬ​ក៏​ដើម្បី​សិល្បៈ​ផ្នែក​ណា​មួយ​ក្នុង​សង្គម​យើង​​»។

កញ្ញា ម៉ៅ ចាន់រស្មី មានបទពិសោធ​និពន្ធ​អត្ថបទភាពយន្ត។ សហការី

អ្នក​និពន្ធ​អត្ថបទ​ភាពយន្ត​វ័យ​ក្មេង​ ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​កម្ពុជា ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​បន្ត​រៀប​រាប់​ពី​ភាព​សំខាន់​នៃ​ការ​និពន្ធ​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្តើម​យល់​ពី​គុណ​តម្លៃ​នៃ​​ការងារ​អ្នក​និពន្ធ​ថា​ មាន​តម្លៃ​ប៉ុនណា មាន​ប្រយោជន៍​ប៉ុនណា​សម្រាប់​សង្គម​ជាតិ​ ព្រោះ​ថា ​បើ​វប្បធម៌​យើង​ស្លាប់​ បើ​សិន​ជា​អក្សរសាស្ត្រ​យើង​ស្លាប់​ អ៊ីចឹង​ជាតិ​យើង​ក៏​ដើរ​ទៅ​មិន​បាន​ឆ្ងាយ​ដែរ​ ដូច​គេ​ថា ​វប្បធម៌​រលត់​ជាតិ​រលាយ​អ៊ីចឹង​»។

ទោះបី​ជា​កញ្ញា ម៉ៅ ចាន់រស្មី មិន​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​តែង​និពន្ធ​នៅ​ក្នុង​សាកល​វិទ្យាល័យ​ណា​មួយ​ក៏​ដោយ​ ក៏​អ្នក​និពន្ធ​​អត្ថបទ​កុន​ និង​ដឹក​នាំ​ភាពយន្ត​រូប​នេះ​​បាន​ព្យាយាម​ដុស​ខាត់​សមត្ថភាព​តាមរយៈ​ការ​និពន្ធ​អត្ថបទ​ភាពយន្ត​តាំង​ពី​ឆ្នាំ ២០១៣​ មក និង​សិក្សា​ស្រាវជ្រាវ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត សិក្ខាសាលា​ និង​វគ្គ​បណ្តុះ​បណ្តាល​ខ្លីៗ ដែល​ពាក់ព័ន្ធ​នឹង​ការ​និពន្ធ​អត្ថបទ​ភាពយន្ត​។

ដោយ​មើល​ឃើញ​ពី​កង្វះ​អ្នក​និពន្ធ​​រលក​ក្រោយ កញ្ញា ម៉ៅ ចាន់រស្មី ហៅ កូន​ទន្សាយ បាន​លើក​ឡើង​ថា៖ «បើ​សិន​ជា​ក្មេង​ដូច​ជា​យើង​ទាំង​អស់​គ្នា​មិន​ព្យាយាម​ស្នង​ការងារ​ទាំង​អស់​នេះ​ តើ​ថ្ងៃ​ក្រោយ​ទៅ​ ឬ​ច្រើន​ឆ្នាំ​ខាង​មុខ​ទៅ​ ខ្មែរ​យើង​ម៉េច​នឹង​មាន​អ្នក​និពន្ធ​ខ្មែរ​ ដើម្បី​និពន្ធ​រឿង​ និពន្ធ​សៀវភៅ​ និង​អត្ថបទ​ភាពយន្ត​ទាំង​អស់​ហ្នឹង​ឡើង​មក​ទៀត​»។

កញ្ញា រស្មី បាន​ចាប់​ផ្តើម​និពន្ធ​ភាពយន្ត​តាំង​ពី​ឆ្នាំ ២០១៣ ដែល​បាន​បញ្ចេញ​ស្នាដៃ​រឿង​ដំបូង ​«មីនុយ​ធ្នាក់​អន្ទាក់​ស្នេហ៍​»។

កញ្ញា ម៉ៅ ចាន់​រស្មី ធ្លាប់​បាន​និពន្ធ​ភាពយន្ត​ភាគ​បាន​ចំនួន​ ១០ រឿង និង​ភាពយន្ត​ដុំ​ចំនួន​ ១០ រឿង​ដូច​គ្នា​ ដែល​សុទ្ធសឹង​តែ​​បង្កប់​សារ​អប់រំ​​ទាក់ទង​នឹង​បញ្ហា​ក្នុង​សង្គម​ និង​វប្បធម៌​ ដែល​ជា​តម្លៃ​នៃ​ការ​និពន្ធ​ផង​ដែរ​។

ក្នុង​នោះ​អ្នក​និពន្ធ​វ័យ ​២៥ ឆ្នាំ​រូប​នេះ​ ក៏​បាន​លើក​ឧទាហរណ៍​ពី​រឿង បងប្អូន​ភ្លោះ​ ២ នាក់ ​«ណូលីណូឡា» យ៉ាង​ដូច្នេះ​ថា៖ «ដោយសារ​តែ​​ខ្ញុំ​ធ្លាប់​ជួប​មិត្តភក្តិ​ខ្ញុំ​ដែល​តែងតែ​ឈ្លោះ​គ្នា​ជាមួយ​បងស្រី​រហូត ហើយ​ប្រៀង​ធៀប​នឹង​ខ្ញុំ​ ដែល​ជា​កូន​ស្រី​តែ​ម្នាក់​មិន​ធ្លាប់​មាន​បងប្អូន​នោះ​ទេ​ ហើយ​​ក៏​តែងតែ​ស្រមៃ​ថា ​​មាន​បង​មាន​ប្អូន​មាន​គ្នា​ ទៅ​ណា​មក​ណា​អាច​ដើរ​ជាមួយ​គ្នា​បាន​ អាច​និយាយ​លេង​ជាមួយ​​គ្នា​បាន។ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​មាន​​បងប្អូន​តែងតែ​ឈ្លោះ​គ្នា​រហូត​ ហើយ​ក៏​ចង់​បង្ហាញ​ថា​ សាមគ្គី​ភាព​បង​ប្អូន​វា​សំខាន់​ប៉ុនណា? ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​តែ​ជួយ​គ្នា​ក្នុង​នាម​ជា​បងប្អូន​»។

ក្នុង​នាម​ជា​អ្នក​និពន្ធ​អត្ថបទ​ភាពយន្ត​ម្នាក់​ ម៉ៅ ចាន់​រស្មី គឺ​ជា​មនុស្ស​ដែល​​ចូលចិត្ត​អាន​សៀវភៅ​​ប្រលោម​លោក ប្រវត្តិសាស្ត្រ​ នយោបាយ​ ជីវប្រវត្តិ​ និង​ទស្សនវិជ្ជា​។

កញ្ញា​បាន​ប្រាប់​ពី​ចំណូល​ចិត្ត​នេះ​​ថា​៖​ «​វា​ដូច​ទៅ​នឹង​ការ​ដែល​យើង​ហូប​អាហារ​ ដើម្បី​​បំពេញ​ក្រពះ​បំពេញ​ជីវជាតិ​នៅ​ក្នុង​ខ្លួន​យើង​ អ៊ីចឹង​ការ​អាន​សៀវភៅ​សម្រាប់​ខ្ញុំ​ដូច​ជា​អាហារ​សម្រាប់​ខួរ​ក្បាល​ដែរ​ យើង​គួរ​តែ​បន្ត​ការ​អាន​រហូត​ ដូច​ជា​ការ​ហូប​បាយ​ដែរ។ សៀវភៅ​ប្រភេទ​ណា​ក៏​មាន​ប្រយោជន៍​ដែរ​ សំខាន់​តើ​សៀវភៅ​មួយ​ណា​​យើង​ចង់​អាន​ ហើយ​ចង់​ដឹង​ពី​ខ្លឹមសារ​ក្នុង​សៀវភៅ​នោះ​»។

ដោយ​មាន​បទពិសោធ​​ក្នុង​ការ​តែង​និពន្ធ​អត្ថបទ​ភាពយន្ត​ជា​ច្រើន​ឆ្នាំ កញ្ញា ​ម៉ៅ ចាន់​រស្មី ហៅ កូន​ទន្សាយ ក៏​មាន​គម្រោង​បញ្ចេញ​ស្នាដៃ​និពន្ធ​ប្រលោម​លោក​រឿង​ដំបូង​ក្នុង​ឆ្នាំ ២០២០ ដែល​ជា​ស្នាដៃ​ស្នង​កេរ្តិ៍​របស់​​អ្នក​ម្ដាយ​ ម៉ៅ សំណាង ផង​ដែរ​។

កញ្ញា​​​បាន​បង្ហើប​ថា​៖ «​បច្ចុប្បន្ន​នេះ​ ខ្ញុំ​កំពុង​តែ​ព្យាយាម​និពន្ធ​ប្រលោម​លោក​មួយ​ក្បាល​ដែរ ដែល​ជា​ប្រភេទ​រឿង​មនោសញ្ចេតនា លាយ​ឡំ​ជាមួយ​អភិនីហារ​ខ្លះ​ ដែល​គ្រោង​នឹង​បោះពុម្ព​ផ្សាយ​នៅ​អំឡុក​ខែ​សីហា ខាង​មុខ​នេះ​ដែរ ដោយ​នឹង​​​ចែកចាយ​នៅ​តាម​បណ្ណាគារ​ធំៗ​»៕