ភ្នំពេញ: ព្រមនឹងដំណើរតារា សម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី ហោះពីទឹកដីមហាអំណាចសហរដ្ឋ អាមេរិក មកទទួលការងារសម្តែងភាពយន្តលើកទី ២ លើទឹកដីកំណើត ក្រោយឃ្លាតឆ្ងាយទាំងឱកាសសិល្បៈនិងទឹកដីកំណើតជាង ១០ ឆ្នាំ មកនោះនៅក្នុងបណ្តាញសង្គមក៏ទាក់ទាញការចាប់អារម្មណ៍ផងដែរ និងសកម្មភាពអតីតតារាភាពយន្តជើងចាស់ អ្នកនាង កែវ កល្យាណ បានបង្ហាញសាររំឭកមិត្តរួមជំនាន់ រកឱកាសជុំអម្ពរ ទេវី គ្រាមកថតភាពយន្តជាថ្មី។
គួររំឭកថា តារាភាពយន្ត អតីតភរិយា របស់តារាភាពយន្តជើងចាស់ លោក ពេជ្រ ភារុណ អ្នកនាង អម្ពរ ទេវី ក្រោយពីបញ្ចប់ឱកាសសម្តែងភាពយន្តដុំរឿង «ទឹកចិត្តម្តាយសម័យថ្មី» និងហោះហើរទៅទឹកដីសហរដ្ឋអាមេរិក រួមខ្នើយ និងស្វាមីទី ២ បានប្រមាណជា ១ ឆ្នាំ រំលងផុតទៅកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ តារាស្រីល្បីក្នុងទសវត្សរ៍មុនឆ្នាំ ៩០ សម្តែងដៃគូសមឥតខ្ចោះជាមួយនឹង លោក ទេព រិន្ទដារ៉ូ អ្នកស្រី អម្ពរ ទេវី ក៏សម្រេចដំណើរហោះត្រឡប់មកកាន់ទឹកដីកំណើតជាថ្មី ដើម្បីសាទរឱកាសសម្តែងភាពយន្តភាគបញ្ចាំងតាមទូរទស្សន៍ស៊ីធីអិនរឿង «ឆន្ទា »។
ដំណើរមកដល់ទឹកដីកំណើតរបស់អតីតតារាស្រីល្បីទេពកោសល្យសម្តែង ទឹកមុខកាចក្រមិចក្រមើម រូបនេះ ក្រៅពីវត្តមានអតីតស្វាមីទៅទទួលដល់ព្រលានយន្តហោះ អ្នកស្រី ក៏បង្ហើបថា៖ «ការវិលមកដល់ប្រទេសកំណើតលើកនេះសប្បាយខ្លាំង ក្នុងការទទួលឱកាសសម្តែង ហើយក៏នឹងមានពេលខ្លះៗជួបជជែកលេងជាមួយបងប្អូននិងមិត្តចាស់ៗរួមអាជីពដែរ»។
តែយ៉ាងណា នៅមិនដឹងថា អ្នកស្រី អម្ពរ ទេវី ឆ្លៀតឱកាសពីវេលាថតសម្តែងភាពយន្តដ៏មមាញឹក និងក្នុងពេលខ្លីប្រញាប់ហោះទៅជួបស្វាមីអាមេរិកវិញ និងមានគម្រោងជួបមិត្តរួមជំនាន់ចាស់ណាខ្លះនោះទេ។
តែដំណឹងនេះបែរជាបង្ហើបពីមិត្តរួមជំនាន់ អ្នកស្រី កែវ កល្យាណ ដែលបង្ហាញនៅក្នុងគណនីហ្វេសប៊ុក ជាមួយការសាទរភ្លាមៗពី អតីតស្វាមី អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក យុត្ថារ៉ា ឆានី។ អ្នកស្រី កែវ កល្យាណ បានបង្ហាញភ្ជាប់ជាមួយនឹងរូបថតស្និទ្ធស្នាល និងអ្នកនាង ប៉ែន សុផានី ក្នុងពេលរាត្រីកម្សាន្តតាមទីកម្សាន្តមាត់ទន្លេ ក៏ភ្ជាប់សារតបប្រាប់លោក យុត្ថារ៉ា ឆានី ថា៖ «បើបានថ្ងៃ និងពេល អម្ពរ ទេវី ណាត់ និងប្រាប់ OK»។
ក្នុងក្តីនឹករឭកមិត្តភក្តិធ្លាប់រួមសម្តែងជាមួយគ្នានោះ លោក ទេព រិន្ទដារ៉ូ ក៏បានបង្ហើបមុននេះថា៖ «ខ្ញុំក៏ចង់ឲ្យមានឱកាសពួកខ្ញុំចាស់ បានជួបជុំគ្នាម្តងដែរ។ ដូចជាអម្ពរ ទេវី ពេជ្រ ភារុណ កែវ កល្យាណ ជាដើម»។
លោក ទេព រិន្ទដារ៉ូ បានបន្ថែមឲ្យដឹងបន្តទៀតថា៖ «ឱកាសនេះពិសេសខ្លាំងណាស់សម្រាប់យើង ព្រោះយើងម្នាក់ៗ ខំតែការងារផ្សេងៗគ្នា ក៏មិនដែលបានជួបគ្នាដែរ ដែល អម្ពរ ទេវី ខ្ញុំទើបតែជួបពេល សម្តែងរឿង ទឹកចិត្តម្តាយសម័យថ្មីហ្នឹងដែរ»៕