ភ្នំពេញៈ តារាចម្រៀង​ស្រី​រាង​ខ្ពស់​ស្រឡះ​កញ្ញ កែវ សុបញ្ញា អតីត​បេក្ខភាព​បរាជ័យ​ក្នុង​ការប្រឡង​ប្រជែង​ក្នុង​កម្មវិធី The Voice Cambodia រដូវកាល​ទី ១ កាន់តែ​មាន​ភាពរីកចម្រើន​ទាំង​ក្នុង​អាជីព​ជា​តារាចម្រៀង និង​អាជីព​សម្ដែង​ក្រោម​ដំបូល​ផលិតកម្ម​រស្មី​ហង្សមាស​។

ទន្ទឹម​នឹង​អាជីព​សិល្បៈ​ចម្រើន​ឡើង​ខ្ពស់ ស្រីស្រស់ កែវ សុបញ្ញា ក៏​រឹតតែ​កើន​សម្រស់ សិចស៊ី​ទាក់ទាញ​បណ្តា​កន្លង់​តាម​សុំ​ស្នេហ៍ និង​ចង់​បាន​តារា​ស្រី​រូប​នេះ​ជា​ម្ចាស់​បេះដូង​។

ចាប់​តាំងពី​ក្លាយ​ជា​តារាចម្រៀង និង​តារាសម្តែង​អាជីព​មួយរូប​ដែល​កាន់​តែ​មាន​ភាពលេច​ធ្លោ​ក្នុង​រង្វង់​សិល្បៈ កែវ សុបញ្ញា មាន​ប្រជាប្រិយភាព​មិន​ចាញ់​តារា​រួម​ជំនាន់ តារា​ស្រី​រូប​នេះ​តែងតែ​មាន​វត្តមាន​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​តូចធំ​ជាច្រើន​ក៏​ដូចជា​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ និង​បញ្ចេញ​ក្បាច់​រាំ​ព្រម​ទាំង​បទចម្រៀង​ថ្មីៗ​ជាច្រើន​។

ជុំវិញ​ការងារ​សិល្បៈ​កញ្ញា កែវ សុបញ្ញា តារា​ស្រី​មាន​ភាព​រួសរាយ​រាក់ទាក់​មិន​ឆ្មើងឆ្មៃ​រូប​នេះ​បាន​ផ្តល់​សម្ភាស​មក​កាន់​ភ្នំពេញ-ប៉ុស្តិ៍ ថា​៖ «​សម្រាប់​ការងារ​សិល្បៈ​របស់​បង​មាន​ការរីកចម្រើន​ច្រើន​ជាង​មុន​ទាំង​ការប្រគំ​តន្ត្រី​មាន​ជាប់​រហូត ចំណែកឯ​ការសម្តែង​រឿង​វិញ​ក៏​មាន​ដែរ បង​សម្តែង​ក្នុង​រឿង​ «​រាជិនី​ភូមិគ្រឹះ​» ជា​តួកាច និង​រឿង​ទី​ ២ សុំ​លាក់​ចំណងជើង​សិន តែ​សម្តែង​ជា​តួ​ស្លូត​ទេ ហើយ​ក៏​មាន​រឿង​ទី​ ៣ ប្រហែល​ជា​តួកាច​ទៀត​ហើយ​»​។

ខណៈ​អាជីព​សិល្បៈ មមាញឹក តារាស្រី​វ័យ ២៨ ​ឆ្នាំ​តែ​រូប​សម្រស់​មិន​ជ្រេ​តាម​វ័យ​កញ្ញា កែវ សុបញ្ញា បាន​បង្ហើប​ពី​ជីវិត​គូស្រករ​ថា​៖ «​សម្រាប់​បង​វិញ​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​ទេ ប៉ុន្តែ​ក៏​កំពុង​តែ​មើល​ដែរ តែ​ក៏​ធ្លាប់​មាន​គេ​ចូល​ស្តីដណ្តឹង ប៉ុន្តែ​បង​បដិសេធ​ដោយសារ​បង​ចង់​រកលុយ​សិន ចង់​ឲ្យ​ការងារ​កាន់តែ​មាន​លំនឹង និង​រឹងមាំ​ជាង​នេះ​សិន ចាំ​យើង​គិត ព្រោះ​ខ្លួនឯង​ក៏​ជិត​ចូល ៣០ ​ឆ្នាំ​ស្អែក​ខាន​ស្អែក​ហើយ​ដែរ ក៏​មិន​ចង់​នៅ​យូរ​ដែរ​»​។

គួរ​រំឭក​ដែរ​ថា​តារាស្រី​រូប​នេះ​មុន​នឹង​ចូល​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia កញ្ញា កែវ សុបញ្ញា ក៏​ធ្លាប់​ជា​បេក្ខភាព​ជោគជ័យ​ទទួល​បាន​ជយលាភី​លេខ ១ ពី​ការប្រឡង​ចម្រៀង​ក្នុង​កម្មវិធី «Idol បេះដូង​ខ្មែរ​» ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣ ច្រៀង​តាម​ផាប់ និង​កម្មវិធី​មង្គលការ​ទៀត​ផង​។

តារាស្រី​មាន​សំនៀង​ស្រទន់​កញ្ញា កែវ សុបញ្ញា បាន​បញ្ជាក់​ពី​ភាព​ពេញចិត្ត ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ថា​៖ «​ក្នុង​អាជីព​ជា​អ្នកសិល្បៈ​បាន​ជួយ​សម្រួល​ដល់​ជីវភាព​បង​បាន​ច្រើន ហើយ​វា​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពី​យើង​មិនមែន​អ្នក​សិល្បៈ​កាល​មុន​ច្រៀង​នៅក្នុង​កម្មវិធី​ការ​ ១ ​រោង​បាន​តែ ១៥ ​ដុល្លារ​ទៅ​ ១៧ ​ដុល្លារ​ទេ លុះត្រា​តែ​យើង​ថែម​ម៉ោង​ទៀត​»​។

នៅពេល​ខាង​មុខ​កញ្ញា​ក៏​មាន​គម្រោង​បើក​ភោជនីយដ្ឋាន​សាជាថ្មី បន្ទាប់ពី​បាន​បរាជ័យ​ក្នុង​របរ​នេះ​ពេល​កន្លង​មក​ដោយ​តារា​ស្រី​រូបនេះ​កំពុង​តែ​ស្វះ​ស្វែងរក​ទីតាំង​ថ្មី និង​សិក្សា​ពី​ជំនួញ​នេះ​ឲ្យ​បាន​ច្បាស់លាស់​សិន​៕