ក្រុង​វ៉ាស៊ីនតោន: កុំ​គិតពី​ការប្រកួតប្រជែង​ស​ពា្វ​វុ​ធ​ទាហាន​ទំនើបៗ​របស់​ចិន និង​រុស្ស៊ី មន្ទីរ​បញ្ច​កោណ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​សន្ដិសុខ​ជាតិ ដោយសារ​វិបត្ដិ​ធាត់​លើស​ទម្ងន់​របស់​ពលរដ្ឋ​សហរដ្ឋ​អាមេរិក។

ខណៈ​ប្រជាជន​ទូទាំង​ពិភពលោក ២,២ ពាន់​លាន​នាក់ ត្រូវបាន​ជឿថា កំពុង​ធាត់​លើស​ទម្ងន់ ការ​សិក្សា​ចេញ​ផ្សាយ​ក្នុង​សប្ដាហ៍​នេះ បាន​រក​ឃើញ​ថា យុវជន​អាមេរិក​ជិត ១ ភាគ ៣ កំពុង​ធាត់​លើស​ទម្ងន់​ជ្រុល មិន​អាច​ចូល​បម្រើ​យោធា។

ក្រុមប្រឹក្សា​ពង្រឹងសមត្ថភាព​អាមេរិក បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ថ្មី​របស់ខ្លួន​ថា៖ «បញ្ហា​ធាត់​លើស​ទម្ងន់​បាន​គំរាម​កំហែង​សុខុមាល​ភាព​ពលរដ្ឋ​យូរ​មក​ហើយ។ ខណៈ​បញ្ហា​នេះ​កាន់​តែ​រីក​ធំ​ទៅៗ ការ​ធាត់​លើស​ទម្ងន់​កំពុង​គំរាម​ដល់​សន្ដិសុខ​ជាតិ​ផង​ដែរ»។

កងកម្លាំង​យោធា​កាលពី​ខែ​មុន​បានប្រកាសថា ខ្លួន​នឹង​ខកខាន​ការ​ជ្រើស​មន្ដ្រី​ទាហាន​ថ្មី ៧៦៥០០ នាក់​ក្នុង​ឆ្នាំ ២០១៨ ដោយ​នៅ​សល់​តែ​ប្រមាណ ៦៥០០ នាក់ ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​តាំង​ពី​ឆ្នាំ ២០០៥ ដែល​កាតព្វ​កិច្ច​បម្រើ​ទ័ព​ធ្លាក់​ក្រោម​គោល​ដៅ​កំណត់។

យោងតាម​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ការ​ធាត់​លើស​ទម្ងន់​ជា​មូលហេតុ​ចម្បង​មួយ ដែល​ពលរដ្ឋ​អាមេរិក ៧១ ភាគរយ​អាយុ​ចន្លោះ​ពី ១៧ ទៅ ២៤ ឆ្នាំ មិន​បាន​ចុះ​ឈ្មោះ​បម្រើ​ទ័ព​តាម​តម្រូវការ៕