ក្រុងណាសូ: វីដេអូថតដោយ ដ្រូន ពីលើអាកាសបានបង្ហាញសកម្មភាពគួរឲ្យរន្ធត់ ដែលកុមារតូចម្នាក់ព្យាយាមហែលរត់គេចពីសត្វឆ្លាម។
វីដេអូថតដោយម្ចាស់ ដ្រូន លោក Artem Tkachenko ដើមឡើយបង្ហាញនូវសកម្មភាពកុមារតូចអររំភើបដែលបានហក់ចូលទឹកសមុទ្រខៀវថ្លានៃដែនដីបាហាម៉ា។
បន្ទាប់ពីកុមារនោះហែលបានបន្តិច ស្រាប់តែឆ្លាម ៤ ក្បាលបានហែលមកព័ទ្ធកុមារតូចនោះ ទាំងក្មេងហាក់មិនដឹងខ្លួន។ ប៉ុន្តែសំណាងល្អ ម្ចាស់ ដ្រូន បានមើលឃើញនូវសញ្ញាគ្រោះថ្នាក់នេះ ក៏ស្រែកប្រាប់ទៅក្មេងប្រុសនោះទាន់ពេល។
សំណាងល្អ កុមារនោះអាចហែលមកដល់ច្រាំងទាន់ពេលវេលា ដោយមិនមានរបួសស្នាមអ្វីទាំងអស់ ខណៈដែលហ្វូងឆ្លាមប្រដេញយ៉ាងប្រកិតខិតចូលវិនាទីចុងក្រោយ។
គួររំឭកផងដែរថា កាលពីខែ កញ្ញា ឆ្នាំ ២០១៧ ក៏មានវីដេអូ ថតជាប់នូវសកម្មភាពប្រយុទ្ធរវាងអ្នកជ្រមុជទឹកប្រើកណ្ដាប់ដៃដាល់ឆ្លាមមួយក្បាល និងប្រើដៃឱបក្លេក្បាលឆ្លាមជាប់។
ដែនដីល្បីខាងសម្រស់ឆ្នេរសមុទ្រខៀវថ្លាដ៏ទាក់ទាញ បាហាម៉ា មានទម្លាប់ឲ្យចំណីឆ្លាម បើទោះជាទង្វើនេះរងនូវការរិះគន់ ដ៏ចម្រូងចម្រាសពីកត្តាសុវត្ថិភាពក្ដី៕