ក្រុង​ដូហា៖ កាតា បាន​ប្រែ​ក្លាយ​វិថី​ដ៏​មមាញឹក​ក្នុង​ទីក្រុង​ដូហា ​ទៅ​ជា​មេឃា​ដ៏​ស្រឡះ​ល្អ​ ជា​ផ្នែក​មួយ​នៃ​ការ​ពិសោធ​ដើម្បី​កាត់​បន្ថយ​កម្ដៅ​កៅស៊ូ​ថ្នល់ និង​បន្ទាប​សីតុណ្ហភាព​នៅ​ជុំវិញ​នោះ​ផង​ដែរ​។

សីតុណ្ហភាព​ក្នុង​ដែន​ដី​សមុទ្រ​ខ្សាច់​នេះ​ ពេល​ខ្លះ​បាន​ហក់​ឡើង​ដល់ ៥០ អង្សាសេ​ ហើយ​កម្ដៅ​ថ្ងៃ​គឺ​ជា​ក្ដី​កង្វល់​ចម្បង​ពេល​ប្រទេស​នេះ​ត្រូវ​មាន​ភារៈ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្ដិការណ៍​បាល់ទាត់​ពិភព​លោក​ឆ្នាំ ​២០២២។

អាកាសធាតុ​ក្ដៅ​អាច​ធ្វើ​ឲ្យ​តាប្លូ​ឡាន​ប្រេះ របក​ថ្នាំ​ពណ៌ និង​រលាយ​ប្លាស្ទិក ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ព្យាយាម​ស្វែងរក​ដំណោះ​ស្រាយ​បែប​ច្នៃ​ប្រឌិត។ វិថី​ប្រវែង ២០០ ម៉ែត្រ ​នៅ​មាត់​ទឹក​ត្រូវ​បាន​លាប​ថ្នាំ​ពណ៌​ខៀវ​កម្រាល​មួយ​មិលី្លម៉ែត្រ​ដើម្បី​ទប់​ថាមពល​កម្ដៅ​។

ការ​សាកល្បង​រយៈពេល ១៨ ខែ អាជ្ញាធរ​ផ្ដល់​សេវាកម្ម​សាធារណៈ​របស់​កាតា នឹង​ធ្វើ​តេស្ដ​ បើ​ស្រទាប់​ការពារ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​កម្ដៅ​សីតុណ្ហភាព និង​ជួយ​បន្ថយ​កម្ដៅ​​បរិវេណ​ជុំវិញ​។

លោក ​អាឡិច អាម៉ាតូ​ ប្រធាន​ផ្នែក​ចីរភាព​មក​ពី​ក្រុម​ប្រឹក្សា​អគារ​បៃតង​កាតា​បាន​និយាយ​ថា​៖ «​យើង​នឹង​ខិតខំ​ស្ទួយ​បរិស្ថាន​នៅ​កន្លែង​ណា​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ពេក​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​។ ជំនួស​ដោយ​​ការ​ក្រាល​ពណ៌​ខ្មៅ​ដែល​អាច​ស្រប​កម្ដៅ​ព្រះ​អាទិត្យ​ខ្លាំង​ យើង​ត្រូវ​ប្រើ​ពណ៌​ដែល​មិន​ផ្ទុក​កម្ដៅ​»។

គេ​ជឿ​ថា កម្រាល​ថ្នល់​ពណ៌​ខៀវ​ដ៏​ទាក់​ភ្នែក​នេះ នឹង​មិន​ស្រូប​កម្ដៅ​ខ្លាំង​ ដោយ​កាត់​បន្ថយ​សីតុណ្ហភាព​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ជិះ​កង់ និង​ម៉ូតូ​។ ឧបករណ៍​ឌីជីថល​វាស់វែង​ក្នុង​ការ​​​ពិសោធ​​នេះ បាន​បង្ហាញ​ថា ​កម្រាល​ថ្នល់​ធម្មតា​មាន​សីតុណ្ហ​ភាព​ចន្លោះ ៦ ទៅ ១០ អង្សាសេ​ ខ្ពស់​ជាង​ថ្នល់​ស្រោប​ពណ៌​ខៀវ​នេះ៕ AFP/HR