ក្រុងម៉ានីល៖ មិន​ថា​មាន​ព្យុះ​ទីហ្វុង ឬ​ថវិកា​ខ្សត់ខ្សោយ ក្រុម​របាំ​បាឡេ​ហ្វីលីពីន​​នៅ​តែ​បន្ត​រាំ​គ្រវី​ខ្លួន​ ខណៈ​អ្នក​​ទ្រាំ​ពុំ​បាន​សុខចិត្ត​រត់​ទៅ​សម្ដែង​​​តាម​នាវា​ទេសចរណ៍ និង​សួន​កម្សាន្ត​យក្ស​ឌីស្នី ជា​ថ្នូរ​នឹង​ប្រាក់​ខែ​ខ្ពស់។

យ៉ាងណា​មិញ ឆ្លង​កាត់​ឧបសគ្គ​ដ៏​ច្រើន​ក្រុម​បាឡេ​ហ្វីលីពីន ឈាន​ដល់​​​ខួប ៥០ ឆ្នាំ ហើយ​ប្តេជ្ញា​​បន្ត​អាយុ​កាល​ទៅ​មុខ ដើម្បី​ផ្ដល់​ទស្សនីយភាព​​​របាំ​បាឡេ​​ប្រចាំ​ប្រទេស​ខ្លួន។

បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦៩ ដោយ​អ្នក​របាំ​សហសម័យ Alice Reyes សព្វ​ថ្ងៃ​ក្រុម​របាំ​បាឡេ​ហ្វីលីពីន​ត្រូវ​តស៊ូ​នឹង​អាជីព​ជាមួយ​ប្រាក់​ខែ​ដ៏​ស្ដួចស្ដើង ដោយ​ក្នុង​មួយ​ឆ្នាំ​បម្រើ​ខ្សែ​ចក្ខុ​ទស្សនិកជន ៣០ ម៉ឺន​នាក់។

ក្រុម​របាំ​បាឡេ​ដំបូង​​បង្អស់​នៅ​អាស៊ី​នេះ តែងតែ​របេះ​សមាជិក​ដោយ​កត្តា​ជីវភាព​បាន​ធ្វើ​ឲ្យ​ពួក​គេ​បង្ខំ​ចិត្ត​ទៅ​សម្ដែង​​នៅ​លើ​នាវា​ទេសចរណ៍ និង​នៅ​​សួន​កម្សាន្ត​ឌីស្នី​លែន ជាមួយ​ប្រាក់​ខែ​ពី ៥០ ទៅ ១០០ ដង​លើស​ចំណូល​អ្នក​របាំ​បាឡេ​​នៅ​ហ្វីលីពីន។

ប្រធាន​ក្រុម​របាំ​បាឡេ Kathleen Liechtenstein បាន​និយាយ​ថា៖ «អ្វី​ដែលខ្ញុំ​មិន​សប្បាយ​ចិត្ត​​នោះ ​គឺ​សួន​កម្សាន្ត​ឌីស្នី បាន​ប្រើប្រាស់​អ្នក​របាំ​យើង​ធ្វើ​ជា​តួអង្គ មីគី មោស៍»។

ទោះជា​រកបានចំណូលតិច តែ​ក្រុមរបាំបាឡេ​ហ្វីលីពីន នៅ​តែ​បន្ត​អាយុកាល​ ៥០ ឆ្នាំ​​​។ រូបថត AFP

គ្រូ​របាំ Denise Parungao ដែល​ផ្ដើម​អាជីព​បាឡេ ជាមួយ​ប្រាក់​ខែ ៤០ដុល្លារ បាន​និយាយ​ថា នាង​ត្រូវ​ពឹង​ផ្អែក​លើ​គ្រួសារ​ជួយ​ចេញ​ថ្លៃ​ជួល​ផ្ទះ ទើប​អាច​រស់​បាន។ ដូច្នេះ​ហើយ​នាង​យល់​ច្បាស់​ពី​ស្ថានភាព​ដែល​បង្ខំ​ឲ្យ​អ្នក​របាំ​បាឡេ​សម្រេច​ចិត្ត​ចាក​ចោល​អាជីព។

គ្រូ​របាំ​វ័យ ២៥ ឆ្នាំ​រូប​នេះ បាន​និយាយ​​ថា៖ «វា​ពិត​ជា​ពិបាក​ណាស់ បើ​ប្រាក់​ខែ​តិច​អ៊ីចឹង»។

ទោះ​បី​ជា​យ៉ាងណា ក្រុម​របាំ​បាឡេ​ហ្វីលីពីន នៅ​តែ​បន្ត​ដង្ហើម​ដោយសារ​ឆន្ទៈ​ខ្ពស់​របស់​អ្នក​សម្ដែង។

កាល​ពី​ឆ្នាំ ២០១៤ ព្យុះ​ទីហ្វុង​បាន​កាត់​ផ្ដាច់​អគ្គិសនី ហើយ​​នាំ​មក​នូវ​ទឹក​ជំនន់ ជា​ឧបសគ្គ​ដល់​អ្នក​មក​ទស្សនា​​​របាំ​បាឡេ។ ប៉ុន្តែ​អ្នក​រៀបចំ​កម្មវិធី​​នៅ​តែ​​បន្ត​ការ​សម្ដែង ដែល​ធ្វើ​ឲ្យ​​ទស្សនិកជន​ខំ​ស្កាត់​មក​មើល​មិន​ខក​ចិត្ត។

អ្នកនាង Liechtenstein បាន​រំឭក​ថា៖ «មុន​ពេល​សម្ដែង​បន្តិច យើង​មាន​អគ្គិសនី​ប្រើ​វិញ ហើយ​មនុស្ស​ចាប់​ផ្ដើម​មក​មជ្ឈមណ្ឌល​វប្បធម៌​ហ្វីលីពីន​បណ្ដើរៗ។ វា​ពិត​ជា​បទពិសោធ​ដ៏​រំជួល​ចិត្ត​មែន»។

អ្នកនាង​បន្ត​ថា៖ «ការ​សម្ដែង​របាំ​បាឡេ​គ្រា​នោះ​ពិត​ជា​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​ជីវិត ហើយ​ទស្សនិកជន​​នាំ​គ្នា​ក្រោកឈរ​ហ៊ោ​គាំទ្រ​តែ​ម្ដង»។

ការ​គាំទ្រ​ដ៏​មហិមា​នេះ​ពិត​ជា​ស័ក្ដិសម​​នឹង​ស្មារតី​ស្រឡាញ់​របាំ​បាឡេ​​របស់​ក្រុម​ពិត​មែន ដោយ​សូម្បី​តែ​ការ​ថែទាំ​ស្បែក​ជើង​​ពាក់​រាំ​ជា​ដើម។

នៅ​ក្រុម​របាំ​បាឡេ​ធំៗ អ្នក​របាំ​អាច​ពាក់​ស្បែក​ជើង​ដល់​ទៅ ៤ គូ សម្រាប់​ការ​សម្ដែង​តែ​ម្ដង។

គ្រូ​របាំ Denise Parungao បាន​លើក​ឡើង​ថា៖ «នៅ​ក្រុម​របាំ​បាឡេ​ហ្វីលីពីន​យើង ​អ្នក​រាំ​ម្នាក់ យើង​ប្រើ​ស្បែក​ជើង ១ គូ រយៈពេល​ពេញ​មួយ​ខែ។ ពួក​គេ​មើល​ថែ​ស្បែក​ជើង លាប​កាវ និង​ដុស​ខាត់​​យ៉ាង​ផ្ចិត​ផ្ចង់»។

អ្នកនាង​​បញ្ជាក់​ថា៖ «នារី​របាំ​បាឡេ​ហ្វីលីពីន​​យើង​ពិត​ជា​ស្រឡាញ់​សិល្បៈ​​នេះ​អស់​ពី​បេះដូង»៕ AFP