ភ្នំពេញ៖ អលង្ការពណ៌មាសឆ្អិនឆ្អៅចែងចាំងលើប្រាណអ្នករបាំមាឌធំ ៦ នាក់ ដែលកំពុងផ្អៀងផ្អងពត់ពេនយ៉ាងល្វតល្វន់ស្រុះគ្នានៅលើឆាកបំភ្លឺដោយពន្លឺភ្លើងស្រទន់។ ជាក្រុមរបាំអប្សរាភេទទី ៣ ដំបូងបង្អស់នៅកម្ពុជា ពួកគេបានធ្វើឲ្យកក្រើកពិភពសិល្បៈបុរាណ ដែលរបាំអប្សរានេះត្រូវបានសម្ដែងដោយនារី អស់រយៈកាលជាង ១ ពាន់ឆ្នាំហើយ។
កំពុងតែស្ថិតក្នុងការហាត់សមនៅរាជធានីភ្នំពេញ ចាន់ សូរី បាននិយាយប្រាប់ទីភ្នាក់ងារ AFP ថា៖ «អ្នកខ្លះថាក្រុម LGBTQ ភេទទី ៣ យើងគឺជាភេទមួយមិនប្រក្រតី ដូច្នេះគោលបំណងរបស់យើង គឺប្រើប្រាស់សិល្បៈដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់ពួកគេ»។
សូរី ជាសមាជិកនៃក្រុមរបាំអប្សរា «ឱក ព្រហ្មសុដន្ត្រៈ និង នាដ្យរស» ដែលព្យាយាមបញ្ជ្រាបទស្សនៈ ស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ប្រុស អ្នកស្រឡាញ់ភេទ ២ ភេទ អ្នកប្ដូរយេនឌ័រ អ្នកប្ដូរភេទ និងអ្នកមិនច្បាស់ពីភេទរបស់ខ្លួន ដែលនៅរងការរើសអើង»។
គ្រងមកុដភ្លឺផ្លេក និងសំពត់ប្រពៃណី បុរសចំហដើមទ្រូង បញ្ចេញកាយវិការទន់ភ្លន់ទៅតាមក្បាច់របាំខ្មែរ ខណៈម្រាមដៃទាំងដប់ពត់យ៉ាងកោង ដូចទៅនឹងនារីរបាំក្នុងសម្លៀកបំពាក់ពណ៌មាស។
សូរសំឡេងតន្ត្រីប៉ុបរបស់តារាចម្រៀងអង់គ្លេស សេម ស្មីត បានបន្លឺឡើងលាយឡំនឹងតន្ត្រីប្រពៃណីខ្មែរ។
អប្សរា គឺជាផ្នែកដ៏អស្ចារ្យនៃវប្បធម៌ផូរផង់របស់ខ្មែរ ជាមួយចម្លាក់តាមប្រាង្គប្រាសាទដ៏ច្រើនអនេក។
ស្ថាបនិកក្រុមរបាំភេទទី ៣ ព្រហ្មសុដន្ត្រៈ បានលើកឡើងថា មនុស្សមួយចំនួនមិនពេញចិត្តនឹងក្រុមរបាំភេទទី ៣ ថាជាការខុសឆ្គងទៅនឹងក្បួនខ្នាតវប្បធម៌ប្រពៃណីខ្មែរ។
អ្នកដឹកនាំរបាំខ្មែរ-អាមេរិក រូបនេះបានពន្យល់ថា៖ «ប៉ុន្តែក្រោយពីទស្សនិកជនបានឃើញពីគុណភាពការសម្ដែងរបស់យើង ពួកគេពិតជាអាចមើលឃើញពីការស្រឡាញ់ និងការលះបង់របស់យើង ដើម្បីថែរក្សាប្រពៃណីខ្មែរ»។
ប្រទេស កម្ពុជា ដែលប្រជាជនភាគច្រើនប្រណិប័តន៍ពុទ្ធសាសនា មិនមានការដាក់ទោសទណ្ឌដល់ទំនាក់ទំនងភេទដូចគ្នាឡើយ ប៉ុន្តែក្រុមការពារសិទ្ធិមនុស្សនិយាយថា សហគមន៍ភេទទី ៣ នៅតែប្រឈមការរើសអើង ដោយផ្សារភ្ជាប់ពួកគេទៅនឹងមនុស្សសេពគ្រឿងញៀន និងរកស៊ីផ្លូវភេទ។ នៅលើកញ្ចក់ទូរទស្សន៍ភេទទី ៣ តែងតែត្រូវបានគេយកមកនិយាយកំប្លែងត្រាប់តាម និងមាក់ងាយ។
ស្ថានិកក្រុមរបាំភេទទី ៣ ដែលរូបលោកផ្ទាល់ក៏ជាប្រុសស្រឡាញ់ប្រុសនោះ លោកបានបញ្ជាក់ថា៖ «គោលដៅរបស់ខ្ញុំគឺផ្ដល់ការពិតដ៏មានគុណតម្លៃ និងភាពថ្លៃថ្នូរដល់សហគមន៍ភេទទី ៣ LGBTQ ហើយយើងត្រូវតែធ្វើសកម្មភាពរហូតដល់យើងលែងត្រូវបានគេចាត់ថ្នាក់បែងចែកជាជនក្រៅក្រុម»។
មានកំណើត កើតក្នុងគ្រួសារជាជនភៀសខ្លួនពីរបបខ្មែរក្រហម គ្រូរបាំភេទទី ៣ លោក ឱក ព្រហ្មសុដន្ត្រៈ ដែលសព្វថ្ងៃមានវ័យ ៣២ ឆ្នាំ បានធំធាត់នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ លោកបានត្រឡប់មកកម្ពុជា នៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៥ ដើម្បីធ្វើការស្រាវជ្រាវគម្រោងរបាំ និងស្វែងយល់ពីតួនាទីនៃភេទក្នុងរចនាសម្ព័ន្ធរបាំអប្សរា។
ក្រុមរបាំរបស់លោកពិតជាបានបង្កើតភាពលេចធ្លោក្នុងវិស័យសិល្បៈ ក្រោយពីត្រូវបានក្រសួងវប្បធម៌អញ្ជើញឲ្យទៅសម្ដែង។ ក្រុមរបាំក៏សង្ឃឹមថា នេះជាសញ្ញាវិជ្ជមាននៃការប្រែប្រួលពីយុគសម័យរើសអើងផងដែរ។
លោក ឱក ព្រហ្មសុដន្ត្រៈ បានលើកឡើងថា៖ «ជាការពិតណាស់ តាមរយៈការអនុញ្ញាតឲ្យពួកយើងធ្វើអ្វីតាមក្ដីប្រាថ្នារបស់ពួកយើង នេះបីដូចជាអំណោយមួយដ៏ថ្លៃថ្លារួចទៅហើយ»។
សមាជិកក្រុមម្នាក់ទៀតឈ្មោះ ឌី ពុទ្ធិ បានប្រាប់ AFP ថា លោកបានចូលរួមក្រុមរបាំ ព្រោះតែទឹកចិត្តស្រឡាញ់តាំងពីកុមារ ប៉ុន្តែពីមុនមកលោកមិនមានឱកាសហាត់សម្ដែងទាល់តែសោះ។
លោកនិយាយថា៖ «ជាទូទៅ ក្រុម LGBTQ យើងហាក់ដូចជាមិនត្រូវបានគេផ្ដល់តម្លៃ តែពេលនេះខ្ញុំទើបតែដឹងថា ខ្ញុំកំពុងតែធ្វើកិច្ចការដ៏សំខាន់មួយ»៕ AFP