ក្រុងញូវដែលី៖ តារារាងទ្រលុកទ្រលន់ឥណ្ឌាមួយក្រុម និងក្រុមសម្ដែងរបស់ខ្លួន Big Fat Company បង្ហាញពីការប្រឆាំងនឹងការរើសអើងលើទម្រង់ល្ខោនរបស់ខ្លួន ដែលបញ្ចូលទាំងសកម្មភាពទទួលទាននំខេកនៅលើឆាកទៀតផង។
ក្រុមសម្ដែង ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ នៅក្រុងបាងហ្គាឡូ និងទើបមកសម្ដែងនៅក្នុងទីក្រុងញូវដែលីជាលើកដំបូង ចង់ប្រយុទ្ធប្រឆាំងនឹងការមាក់ងាយ មិនត្រឹមតែក្នុងឧស្សាហកម្មភាពយន្ដប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងក្នុងសង្គមពិតផងដែរ។
ស្ថាបនិក Anuradha HR អាយុ ៤១ ឆ្នាំ បានប្រាប់ AFP នៅមហោស្រព Old World Festival ក្នុងមជ្ឈមណ្ឌលលំនៅឋានឥណ្ឌា ថា៖ «បើយើងត្រូវបានគេផ្ដល់ឱកាសឲ្យ ធ្វើការគ្រប់កន្លែង ដោយមិនខ្វល់ពីរូបរាងរបស់យើង អ៊ីចឹងក្រុម Big Fat Company យើងក៏មិនត្រូវបានបង្កើតឡើងដែរ»។
ល្ខោន «Head2Head» បានបញ្ចូលទាំងការសម្ដែងរបស់តួអង្គឯក ២ នាក់ ដ៏ល្បីល្បាញមកពីភាគខាងត្បូងឥណ្ឌា ដោយម្នាក់ជាអត្ដពលិក និងម្នាក់ទៀត បិទបាំងមុខមិនចង់ជំទាស់នឹងទស្សនៈផ្ដោតលើអត្ដសញ្ញាណ និងរូបរាង។
ការសម្ដែងនេះត្រូវបានបញ្ចូលជាមួយឈុតឆាកបែបសម័យទំនើបដកស្រង់ចេញពីការសម្ដែងរបស់តារាបូលីវូដ ទម្រង់សិល្បៈនានា ក្បាច់រាំស្រើបស្រាល និងសកម្មភាពទទួលទានអាហារដ៏ច្រើនសន្ធឹក នំក្រែម ដែលធ្វើឲ្យមហាជនស្រឡាំងកាំង។
តារាសម្ដែង វ័យ ៣៤ ឆ្នាំ អ្នកស្រី គ្រីធី បេតតាដ បាននិយាយថា៖ «អស់លោកដឹងទេ ការរើសអើង គឺជារឿងសាមញ្ញ។ ខ្ញុំតែងតែត្រូវគេសួរថា តើខ្ញុំញ៉ាំអស់ច្រើនប៉ុនណា?»។
ស្ដ្រីរូបនេះបានបន្ដថា៖ «តាមពិត ខ្ញុំញ៉ាំតែបន្ដិចទេ គឺតិចជាងពួកគេទៅទៀត»៕ AFP/HR