ភ្នំពេញ៖ ក្រោយពីលើកពេលច្រើនលើកសម្រាប់ការសម្តែងសៀករហស្សកម្មនៃក្រុមសៀកហ្វារពន្លឺសិល្បៈ ដោយសារតែបញ្ហាកូវីដ ១៩ ក្នុងឆ្នាំ ២០២០ នោះមែនក្តី តែចាប់ពីដើមឆ្នាំ ២០២១ ទៅ ក្រុមសៀកនេះ នឹងត្រឡប់មកសម្តែងនៅលើឆាកវិញ ដោយថាមពលខ្លាំងក្លាជាងមុន នៅឆាកសិល្បៈ Phnom Penh Factory នៅទីក្រុងភ្នំពេញជាលើកដំបូង ដោយមានការនាំយកនូវទម្រង់សិល្បៈសៀកបែបច្នៃប្រឌិតចំនួន ២ មកសម្តែងនាឱកាសខាងមុខនេះ មានរយៈពេល ៧ សប្តាហ៍។
ការសម្ដែងសៀក ២ រឿងរបស់ក្រុមសៀកហ្វារនោះ គឺមានរឿង «អានុភាព» និងរឿង «សាមគ្គី» ជាសាច់រឿងល្ខោន របាំ តន្រ្តីបន្តផ្ទាល់ សិល្បៈសៀកទំនើបលាយឡំជាមួយការដកស្រង់ចេញពីខ្សែជីវិតពិតអ្នកនិពន្ធសាច់រឿង និងអ្នកសម្ដែង ដែលទាក់ទងប្រធានបទដូចជា សង្គ្រាមការរើសអើង ទំនាក់ទំនងស្នេហា ភាពក្រីក្រ និងឈុតឆាកសម្តែងយ៉ាងព្រឺព្រួច។
សិល្បៈសម្តែងនៅលើឆាក ដែលមានក្រុមសម្តែងទាំងក្មេងទាំងចាស់ ប្រកបដោយភាពប៉ិនប្រសប់នៃសិល្បៈសៀកគួរឱ្យស្ញប់ស្ញែងដល់ទស្សនិកជន មានទាំងភាពភ័យរន្ធត់ ទាំងសប្បាយរីករាយ ប្លែកភ្នែក លាយឡំ ដោយការភ័យអរចាំមើលថា តើអ្នកសម្តែងអាចធ្វើបានទេ? ខណៈក៏មានអ្នកឆ្ងល់ថា ធ្វើបានយ៉ាងម៉េច ញុំាងឱ្យបរិយាកាសពោរពេញដោយភាពសម្បូរបែប។
លោក ឃួន ដេត ជាអ្នកផ្ដួចផ្ដើមគំនិតច្នៃប្រឌិតនៃសិល្បៈសៀករបស់ក្រុមសាលាហ្វារនៅបាត់ដំបងនេះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងជាសមាគម និងជាសាលាបណ្ដុះបណ្ដាលសិល្បៈលើ ៣ កម្មវិធីធំៗ។ ទី១ យើងបណ្ដុះបណ្ដាលផ្នែកសិល្បៈ ទី២ ផ្នែកអប់រំ និងទី៣ គឺផ្នែកសង្គម។ ផ្នែកសិល្បៈយើងបែងចែកជា ២ សាលា ១ សាលាផ្នែកសូនរូប គឺមានគំនូររចនាម៉ូដ និងគំនូរជីវចល ចំណែកផ្នែកទស្សនីយភាពមានសៀក របាំ ភ្លេងសម័យ ភ្លេងបុរាណ ភ្លេងការ ភ្លេងពិណពាទ្យ និងល្ខោន»។
លោកផ្ទាល់កាលពីក្មេងក៏ជាក្មេងកំព្រា រស់នៅខ្វះភាពកក់ក្ដៅ ដូច្នេះពេលលោកដឹងក្ដីក៏មានឱកាសបានរៀនលោក ក៏ចាប់ផ្ដើមមានគំនិតបង្កើតជាសមាគមបណ្ដុះបណ្ដាលសិល្បៈ ដើម្បីជួយដល់ក្មេងកំព្រា និងក្មេងអនាថាឱ្យមានក្ដីសង្ឃឹម និងយកវាជាបំណិនជីវិត។ នៅសាលាហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង លោក ឃួន ដេត វ័យ ៤៨ ឆ្នាំ រូបនេះ បានបន្តថា ដើមឡើយលោក និងមិត្តភក្ដិលោកចំនួន ៨ នាក់ ទៀតជាអ្នកផ្ដើមវាឡើងកាលពីឆ្នាំ ១៩៩៤ ដែលកាលនោះមានតែគំនួរប៉ុណ្ណោះ។ ឯអគារវិញ គឺសាងសង់បន្តិចបន្តួច គ្រាន់ធ្វើជាទីតាំងរៀន។ ប៉ុន្តែពេលចាប់ផ្ដើមបង្រៀនសៀកលោកគ្មានឧបករណ៍ ឬអគារអ្វីទាំងអស់ មានតែជីកដីសម្រាប់ការហាត់រៀនហក់លោត។
លោក ឃួន ដេត បន្តថា៖ «ដំបូងគ្រូបង្ហាត់សៀក ផ្ដើមដោយរូបខ្ញុំ តែម្នាក់គត់ព្រោះតែភាពកម្រនៃអ្នកដែលចេះជំនាញនេះ និងចាប់អារម្មណ៍នៅស្រុកខ្មែរ។ ក្រោយមកខ្ញុំ ក៏បានបង្ហាត់បង្រៀនកូនសិស្សរបស់ខ្ញុំ សម្រាប់សៀកគឺ រយៈពេល ៩ ឆ្នាំ។ យើងទាមទារឱ្យគាត់ហាត់រយៈពេលយូរតាំងពីកូនក្មេងទៅ ឯផ្នែកផ្សេងគឺអាចរយៈ ៥ ឆ្នាំ។ យើងក៏បានបញ្ជូនឱ្យទៅហាត់ការនៅប្រទេសបារាំង ដែលជាដៃគូរួមទាំងទៅគរុកោសល្យដែរ មុននឹងត្រឡប់មកបង្រៀនវិញ។ ដូច្នេះគ្រូភាគច្រើនជាកូនសិស្សខ្ញុំ ជាពិសេសគឺគ្រូខាងសិល្បៈសៀក»។
ជារឿងគូរឱ្យសោកស្តាយដែរ ដោយបញ្ហាកូវីដ ១៩ ទើបធ្វើឱ្យក្រុមសៀកសាលាហ្វារ ដែលចង់រៀបចំសម្តែងសៀក និងបើកសិក្ខាសាលាចំនួន ១ ខែកន្លះ នៅវិចិត្រសាល Phnom Penh Factory ចេះតែលើកជាបន្តបន្ទាប់ តែលោក ដេត ក៏សង្ឃឹមដែរថា ក្រោយពីលើកពេល ២ ដង មក លោកសង្ឃឹមថា នឹងអាចដំណើរការបាននៅខែមករា ឆ្នាំ ២០២១ នេះ។ លោកថា ប្រសិនបើ ដំណើរការល្អលើកដំបូង លោកក៏មានគម្រោងអភិវឌ្ឍពង្រីកបន្ថែមនៅទីក្រុងភ្នំពេញ ឱ្យមានក្រុមសម្តែងសៀកជាប្រចាំដូចនៅខេត្តសៀមរាប ផងដែរ។
ថ្វីដ្បិតសាលាហ្វារនៅខេត្តបាត់ដំបងមិនមានការបង់ថ្លៃ តែនៅឯខេត្តសៀមរាប លោកបានបង្កើតសម្រាប់រកប្រាក់ចំណូលខ្លះ ដើម្បីយកប្រាក់មកទប់ការផ្គត់ផ្គង់ បើទោះជាមានជំនួយពីអង្គការ និងសមាគមផ្សេងក៏ដោយ ព្រោះលោក ឃួន ដេត ក៏មិនចង់រំពឹងតែទៅលើជំនួយនោះទេ គឺចង់ក្រោកឈរដោយខ្លួនឯង បើទោះថ្ងៃក្រោយទៅគេកាត់ជំនួយ ឬយ៉ាងណានោះ។
ជាចុងក្រោយ លោក ឃួន ដេត ក៏បានសំណូមពរដល់រដ្ឋាភិបាល និងបងប្អូនខ្មែរជាទស្សនិកជនដែរថា៖ «យើងចង់សូមឱ្យរដ្ឋាភិបាល និងក្រសួងវប្បធម៌ ជួយគាំទ្រ ដល់អង្គការ និងសមាគមពាក់ព័ន្ធនឹងសិល្បៈនេះ ដើម្បីជាការទទួលស្គាល់ដល់សិស្សដែលបានបញ្ចប់ការសិក្សាព្រោះពួកគាត់មិនទាន់បានការទទួលស្គាល់នោះទេ។ ក៏សំណួមពរឱ្យបងប្អូនខ្មែរ គាំទ្រសិល្បៈសៀកយើងផង ព្រោះសៀកយើងក៏មិនចាញ់បរទេសដែរ។ បើមានអ្នកមើលច្រើន យើងមានលទ្ធភាពសម្ដែងថ្មីមានរសជាតិថ្មី។ បើអត់អ្នកមើល ឬទស្សនិកជនហើយ ក៏មិនដឹងបង្កើតអ្វីថ្មីយ៉ាងម៉េចដែរ»៕