ភ្នំពេញ៖ ក្រុមសិល្បៈសៀកសាលាហ្វារពន្លឺសិល្បៈរបស់កម្ពុជា ដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង នឹងមានវត្តមានក្នុងការសម្តែងលក្ខណៈអន្តរជាតិមួយ នៅប្រទេស សិង្ហបុរី នៅចុងសប្តាហ៍នេះ គឺថ្ងៃទី ២៣ និងទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
ក្រុមសៀកពីសាលាហ្វារពន្លឺសិល្បៈរបស់កម្ពុជា នឹងលើកយកការសម្តែងរបស់ខ្លួនទៅឆ្លុះបញ្ចាំង និងបង្ហាញភ្ញៀវអន្តរជាតិបានទស្សនាកម្សាន្តក្នុងកម្មវិធីអន្តរជាតិ The Singapore Biennale 2019» តាមសាច់រឿងមានឈ្មោះថា «ស្ទីលភូមិ ឬPhum Style»។
បើតាមអ្នកស្រី ម័រហ្គេន ដារាស្ស៍ (Morgane Darrasse) ជាបុគ្គលិកអ្នកសម្របសម្រួលផ្នែកទំនាក់ទំនងព័ត៌មាន និងទីផ្សារនៅសាលាហ្វារពន្លឺសិល្បៈ បានឲ្យដឹងពីសេចក្តីរីករាយ សម្រាប់ឱកាសដ៏ពិសេស ដែលក្រុមសៀកសាលាហ្វារពន្លឺសិល្បៈ នឹងទៅសម្តែងនៅឯលើឆាកអន្តរជាតិរបស់ប្រទេស សិង្ហបុរី នេះថា៖ «យើងមានក្តីរំភើបរីករាយណាស់ ក្នុងការសម្តែងសៀករឿង «ស្ទីលភូមិ ឬ Phum Style» នៅក្នុងកម្មវិធី SINGAPORE BIENNALE 2019 ដែលជាវេទិកាមួយក្នុងចំណោមវេទិកាឈានមុខគេនៅអាស៊ី សម្រាប់ការសន្ទនាអន្តរជាតិ នៅក្នុងសិល្បៈសហសម័យ។ ក្រុមនិស្សិតសាលាសៀកយើង ដែលមកពីសាលាជំនាញសិល្បៈទស្សនីយភាព នឹងក្លាយជាឯកអគ្គរាជទូតវប្បធម៌របស់យើងក្នុងឱកាសនេះ ដែលនឹងជំរុញឲ្យមានកេរ្ដិ៍ឈ្មោះថ្មីដល់ប្រទេស កម្ពុជា នៅសម័យទំនើប និងការច្នៃប្រឌិតរបស់យុវជន»។
លោក ប៉ាទ្រីក ហ្ល័ររ៉េ (Patrick Flores) ជានាយករៀបចំកម្មវិធី Singapore Biennale 2019 បានឲ្យដឹងថា៖ «ពិភពលោកយើងនេះ អាចត្រូវបានគេគិតថា ជាពិភពដែលពោរពេញទៅដោយបញ្ហា។ ការលើកឡើងដូច្នេះ គឺមានន័យថា គេក៏ចាប់ផ្តើមប្រឈមជាមួយនឹងបញ្ហាទាំងនោះហើយដែរ។ តើសិល្បៈ ឬក្រុមអ្នកសិល្បៈ ឬអ្នកទស្សនា មានតួនាទីបែបណាក្នុងការដោះស្រាយបញ្ហានេះឡើង? តើអ្វីទៅជាការទទួលខុសត្រូវតាមរយៈសា្នដៃសិល្បៈក្នុងការទទួលបានជាបទពិសោធឡើងដើម្បីបង្កើតឲ្យមានភាពរុងរឿងនាពេលអនាគត។ រាល់ការទំនុកបម្រុងគឺតែងនាំឲ្យមានពិភពនៃការផ្លាស់ប្តូរប្រកបដោយភាពល្អប្រពៃ។
នាឱកាសដែលប្រារព្ធកម្មវិធី The Singapore Biennale 2019 នេះ យើងសូមសម្តែងនូវសេចក្តីរីករាយដោយស្មោះអំពីការខិតខំបង្កើតស្នាដៃសិល្បៈនានា និងនាំមកសម្តែងដល់មហាជនក្នុងកម្មវិធី Singapore Biennale 2019 នេះតែម្តង»។
អ្នកស្រី ម័រហ្គេន ដារាស្ស៍ ក៏បានឲ្យដឹងដែរថា៖ «សម្រាប់ក្រុមសៀកសាលាហ្វារពន្លឺសិល្បៈ នឹងនាំយកការសម្តែងតាមរយៈសាច់រឿង «ស្ទីលភូមិ ឬPhum Style» នេះទៅសម្តែងចែកជូនដល់អ្នកទស្សនាអន្តរជាតិក្នុងកម្មវិធី Singapore Biennale 2019 នាថ្ងៃទី ២៣ និងទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ គឺជាសប្តាហ៍បើកកម្មវិធី ខណៈកម្មវិធីនេះដែរ គឺប្រារព្ធធ្វើរយៈពេល ៤ ខែឯណោះ»៕