ក្រុងវេនិក៖ អ្នក​ចែវ​ទូក​ជូន​ភ្ញៀវ​ទេសចរ​ក្នុង​ទីក្រុង​វេនិក​ បាន​នាំ​គ្នា​បោះ​ចោល​មួក​ចាប់​យក​វ៉ែនតា​មិន​ជ្រាប​ទឹក និង​​ជ្រមុជ​ទឹក​តាម​ដង​ប្រឡាយ​ក្នុង​ប្រតិបត្ដិការ​សម្អាត​បរិស្ថាន​ក្នុង​ទីក្រុង​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក UNESCO ដែល​អម្បូរ​សំរាម​ចាប់​ពី​ម៉ាស៊ីន​បោក​ខោ​អាវ រហូត​ដល់​កង់​។

លោក ​Lorenzo Brunello បាន​ប្រាប់ AFPTV កាល​ពី​ថ្ងៃ​យប់​ថ្ងៃ​អាទិត្យ​ ខណៈ​លោក​ត្រៀម​ខ្លួន​ជ្រមុជ​ទឹក​នា​ពេលរាត្រី​ជា​លើក​ដំបូង​ដើម្បី​ប្រមែ​ប្រមូល​សំរាម​ពី​ផ្ទៃ​ទឹក​ទេសចរណ៍​ដ៏​ល្បីល្បាញ​ថា​៖ «ក្រៅ​ពី​ទេសភាព​លើ​ទឹក ​​វា​ជា​ពិភព​មួយ​​ផ្សេង​ទៀត​នៅ​ផ្ទៃ​ទឹក​ខាង​ក្រោម​នោះ​»។

នេះ​ជា​លើក​ទី ៦ តាំង​ពី​ខែ​កុម្ភៈ​ដែល​ក្រុម​អ្នក​ចែវ​ទូក​បាន​នាំ​គ្នា​ពាក់​ឈុត​ហែល​ទឹក​សម្អាត​បរិវេណ​ខាង​ក្រោម​ផ្ទៃ​ទឹក​ រួម​មាន កង់​ឡាន និង​ឈុត​ទូរទស្សន៍ រហូត​ដល់​វិទ្យុ​ និង​ទូរស័ព្ទ​ចាស់​ៗ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​​បាន​ស្រង់​យក​មក​វិញ​នូវ​​សំរាម​ជាង ២,៥ តោន ​ដែល​ប្រមូល​បាន​នា​ពេល​ថ្មី​ៗ​។ ក្រុម​អ្នក​ចែវ​ទូក​ទេសចរណ៍​ពី ៦ ទៅ ៧ នាក់​ រមែង​បង្ហាញ​មុខ​ជា​រឿយៗ​។

ទូកទេសចរណ៍ នាំភ្ញៀវ​គយគន់ទេសភាពក្រុង​វេនិក​​។ រូបថត AFP

ការ​សម្អាត​កាល​ពី​ថ្ងៃ​អាទិត្យ​ក្បែរ​ស្ពាន ​Rialto ដ៏​ល្បី​ស្រង់​បាន​ចង្ក្រាន​ កង្ហារ ម៉ាស៊ីន​ដាក់​កាសែត អេក្រង់​កុំព្យូទ័រ និង​ចង្កៀង​បញ្ឈរ​។ លោក Brunello បាន​និយាយ​ថា​៖ «​វា​ជា​អ្វី​ដែល​យើង​ធ្វើ​សម្រាប់​ទីក្រុង​ដោយ​មិន​គិត​ថ្លៃ​ ដោយសារ​ទីក្រុង​នេះ​បាន​ផ្ដល់​ឲ្យ​យើង​ច្រើន​ណាស់​។ ការ​មើល​ក្រោម​ផ្ទៃ​ទឹក​នា​ពេល​រាត្រី​ពិត​ជា​លំបាក​ ជា​ពិសេស​ពេល​ទឹក​ចាប់​ផ្ដើម​ជោរ​ឡើង​»។

អ្នក​បើកបរ​តាក់ស៊ី​ទឹក​ Alessandro Pulese បាន​ចូលរួម​ជាមួយ​លោក​ក្នុង​ការ​សម្អាត​បរិស្ថាន​ ដោយ​ពួក​គេ​ចង់​ព្យាយាម​ធ្វើ​​កិច្ចការ​បន្ដិច​ម្ដងៗ​ ដើម្បី​ឲ្យ​មនុស្ស​ទូទៅ​បាន​ដឹង​អំពី​ភាព​កខ្វក់ តែ​ក៏​ជា​វិធាន​ការ​សង្គ្រោះ​ផែនដី​ផង​ដែរ​។

ក្រុម​អ្នក​ចែវ​ទូក​ទេសចរណ៍​ស្ថិត​នៅ​ពី​ក្រោយ​គម្រោង​នេះ លោក Stefano Vio និង​ Alessandro Zuffi បាន​និយាយ​ថា ពួក​គេ​នឹង​រៀបចំ​សកម្មភាព​ជ្រមុជ​ទឹក​សម្អាត​បរិស្ថាន​រៀងរាល់​មួយ​ខែ​ម្ដង រហូត​ដល់​ខែ​មេសា ក្នុង​ប្រឡាយ Grand Canal ជា​សរសៃ​ឈាម​ចម្បង​ដែល​ឆ្ពោះ​ទៅ​កាន់​ Saint Mark''s Square។

ពួក​គេ​បាន​ឲ្យ​ដឹង​ថា​៖ «​ទីនោះ​ជា​កន្លែង​ដែល​យើង​ធ្វើ​ការ​រៀង​រាល់​ថ្ងៃ ហើយ​ជា​កន្លែង​ដែល​យើង​តែងតែ​ប្រយុទ្ធ​ប្រឆាំង​នឹង​សំរាម​អណ្ដែត​លើ​ផ្ទៃ​ទឹក​ផង​ដែរ​»៕ AFP/HR