ក្រុង​ប៉ារីស៖ ​ក្លិបរាត្រី Moulin Rouge បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ​ក្រុម​របាំ​របស់​ខ្លួន​ក្នុង​ក្រុង​ប៉ារីស​នឹង​វិល​មកកាន់​វេទិការ​សម្ដែង​វិញ​នៅ​ខែ​កញ្ញា ក្រោយ​ពី​បាន​បិទ​ទ្វារ​ដ៏​យូរ​បំផុត​ក្នុង​​រយៈ​ពេល​ជាង​មួយ​សតវត្សរ៍​មក​នេះ។

​របាំ​ខេនខេន​លើក​ដំបូង​ក្រោយ​វិបត្ដិ​កូវីដ​សកលគ្រោង​ដំណើរ​ការ​នៅថ្ងៃទី ១០ ខែ​កញ្ញា ​ក្រោម​អគារ​កង្ហា​ខ្យល់​និមិត្ដរូប​នៅ Montmartre។

អ្នក​របាំ ១២​ នាក់​ ពាក់​ម៉ាសនិង​រោមសត្វមាន​ចិត្ដ​ក្លាហាន​បង្ហាញ​ក្បាច់រាំ​ខាង​ក្រៅ​អគារ Moulin Rouge កាល​ពី​ថ្ងៃចន្ទ​ដើម្បី​បញ្ជាក់​ពី​វេលា​បើក​ដំណើរ​ឡើង​វិញ​ ដែល​បង្ក​ការភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ​លើ​មហាវិថី​ Boulevard de Clichy។

អ្នក​របាំ Mathilde Tutiaux អាយុ ៣២​ ឆ្នាំ បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​មោទនភាព​ចំពោះ​ការ​សម្ដែង​នេះ។ យើង​មាន​ចិត្ដ​អន្ទះសា​ចង់​ឃើញ​មហាជន​វិញ។ ការ​ចាប់​ផ្ដើម​របាំ​ខេនខេន​ដំបូង​ជាថ្មីនឹង​បង្កើត​ជា​ការ​កម្សាន្ដ​រសជាតិ​ថ្មី។ វាជា​តួលេខ​ហុងស៊ុយ​បំផុតហើយ​ក្រោយ​ពេល​ចែក​ផ្លូវ​គ្នា​ជាង​មួយ​ឆ្នាំយើង​នឹង​ធ្វើ​ការ​ហ្វឹក​ហាត់​សម​នា​រដូវ​ក្ដៅ​នេះ​»។

អ្នករបាំ​នៅ Moulin Rouge ដែល​ស្ថិត​នៅជើងភ្នំ Montmartre និង​បានបើកដំណើរការក្នុង​ឆ្នាំ ១៨៨៩។ AFP

មិន​ខុស​ពី​សមាជិក ៦​០ នាក់​ទៀត Tutiaux បង្ខំ​ចិត្ដ​ហ្វឹក​ហាត់​តែ​ម្នាក់​ឯង​នៅ​ផ្ទះ​អំឡុង​ពេល​បិទ​ខ្ទប់ ដោយ​ប្រើ​កន្លែង​ផ្ទះ​បាយ​ជា​របា​ពន់​ពេន​ខ្លួន។ ក្លិប Moulin Rouge ត្រូវបាន​បិទ​ទ្វារ​តាំងពី​ថ្ងៃទី ១២ ខែ ​មីនា ឆ្នាំ​ ២០២០ ជា​ការ​ផ្អាក​ដំណើរ​ការ​ដ៏​យូរ​បំផុត​តាំងពី​មហោស្រព​នេះ​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គីភ័យ​ក្នុង​ឆ្នាំ​ ១៩១៥។

លោក ហ្សង់ វីចទ័រ​-​ក្លេរីកូ នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ Moulin Rouge បាន​និយាយ​ថា​៖ «​ពេល​នេះយើង​មាន​ក្ដី​រីករាយ​ដែល​បាន​ចាប់​ផ្ដើម​ការងារ​ឡើងវិញ។ បើ​វា​ដំណើរ​ការ​រលូនយើង​នឹង​មិន​ចាំបាច់​រក្សា​គម្លាត​សុវត្ថិភាព​ឡើយ។ យ៉ាងណាយើង​មិន​ទាន់​បាន​ដឹង​ច្បាស់​ ហើយ​បើ​តម្រូវ​ឱ្យ​រក្សា​គម្លាត​យ៉ាង​តិច​មួយ​ម៉ែត្រយើង​ក៏​នឹង​ត្រូវ​កាត់​បន្ថយ​ចំនួន​មនុស្ស ៥ ​ភាគរយ​»។

មជ្ឈមណ្ឌល​ល្បីៗ​ជាច្រើន​ទៀត​នៅ​ក្រុង​ប៉ារីសដូចជា «​nude chic» នឹង​បើក​ទ្វារ​វិញ​អំឡុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ ដោយ «​Crazy Horse» បើក​នៅ​ថ្ងៃទី ៩ ខែ​កញ្ញា និង «​Le Lido» បើក​នៅថ្ងៃទី ១៦ ខែ​កញ្ញា។

ជាមួយ​អត្រា​ឆ្លង​កំពុង​តែ​ធ្លាក់​ចុះហើយ​​ល្បឿន​ចាក់​វ៉ាក់សាំង​កំពុង​តែ​កើន​ឡើងប្រទេស​បារាំង ​គ្រោង​បើក​​ទីតាំង​វប្បធម៌​ជា​ច្រើន​នៅ​ថ្ងៃ​ពុធក្រោយ​ពី​បិទ​ទ្វារ​ ៦ ​ខែ។

Moulin Rouge នៅ​ជើង​​ភ្នំ Montmartre បាន​បើក​ដំណើរ​ការ​នៅសម័យ​​ Belle Epoque Paris ទី ៨ ឆ្នាំ​ ១៨៨៩ ដោយ​រួម​សហការ​ជាមួយ​របាំ​ខេនខេន​កន្ដ្រាក់​អារម្មណ៍ និង​រំលេច​ក្នុង​គំនូរបស់​វិចិត្រករ​ Henri de Toulouse-Lautrec។

បច្ចុប្បន្នវា​នៅតែ​ជា​ទី​កន្លែង​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ផ្ដល់​ចំណូល​ពាក់​កណ្ដាល​ចំពោះ​មុខ​ជំនួញ​មុន​ពេល​ជួប​វិបត្ដិ​កូវីដ​សកល៕ AFP/HR