ភ្នំពេញៈ ដោយសារទ្រាំក្តីរំភើបមិនបាននឹងទឹកចិត្តស្រឡាញ់ពីស្វាមី ឲ្យសម្រាប់ឆ្នាំថ្មីនោះ តារាចម្រៀងស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏បង្ហើរសារតាមបណ្តាញសង្គមហាជនឡើងផ្អើលមហាជន ទៅនឹងកាដូថ្មី ៤ ប្រភេទពីស្វាមី។
បើទោះបីជាតារាចម្រៀងស្រីជ្រកនៅទ្រនំផលិតកម្មរស្មីហង្សមាស អ្នកនាង ខាត់ សុឃីម បានចាប់ដៃសាងគ្រួសារជាមួយស្វាមី ដែលមានវ័យតិចជាងមែនក្តី ប៉ុន្តែគេសង្កេតឃើញថា គូស្វាមីភរិយាគូនេះតែងបង្ហាញភាពផ្អែមល្ហែមមិនចេះរីងស្ងួត ដូចជាថ្មីៗនេះ ក្រោយពីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងមក តារាស្រីរូបនេះ បានបង្ហាញរូបភាពកាដូ ដែលស្វាមីទិញជូនក្នុងបណ្តាញសង្គមតម្លៃរាប់ម៉ឺនដុល្លារ។
តារាស្រីពហុជំនាញ និងមានអាជីពជាអ្នកច្រៀងពិធីមង្គលការ អ្នកនាង ខាត់ សុឃីម បានផ្តល់បទសម្ភាស៍មកកាន់ភ្នំពេញប៉ុស្តិ៍ពីកាដូដែលស្វាមីបានទិញនោះថា៖ «គាត់ [ស្វាមី] បានទិញកងដៃ និងចញ្ចៀនធ្វើពីមាសហ្នឹង សរុបទាំងអស់ ១០ ដំឡឹង ហើយខ្សែ-ក និងក្រវិលពេជ្រមួយឈុត តែបងមិនបានដឹងនោះទេគាត់ចំណាយអស់ប៉ុន្មាន។ តែប្រហែលជាអស់ច្រើនដែរ និងឡានទៀត តែបងសុំបញ្ជាក់ថា ឡានបងមិនមែនឡានស៊េរីទំនើប Lexus ៥៧០ នោះទេ គឺឡានស៊េរី Lexus NX 200t»។
តារាស្រីពូកែថ្វីមាត់រូបនេះ ក៏បានបន្តប្រាប់ពីមូលហេតុដែលខ្លួនទទួលបានកាដូពីស្វាមីដែរថា៖ «តាមពិតទៅគាត់ចង់បានកូនម្នាក់ទៀត ដោយសារគ្រួសារខាងគាត់មិនសូវមានបងប្អូន តែបងអត់ចង់បានទេ ព្រោះគិតថាខ្លួនចាស់ហើយ ចេះតែខ្ចិល តាមដែលបងគិតគឺគាត់ចង់ទិញកាដូលួងចិត្តបងរឿងចង់បានកូនម្នាក់ទៀតហ្នឹងហើយមើលទៅ»។
ចំណែកឯការងារសិល្បៈវិញ អ្នកនាង ខាត់ សុឃីម ទើបតែបានបញ្ចប់ការថតកុនភាគឲ្យផលិតកម្មហង្សមាស បានចំនួន ២ រឿង និងមានចេញបទចម្រៀងថ្មីៗជាច្រើនបទ ដែលបានដឹងនាំដោយតារាស្រីរូបនេះផ្ទាល់ដោយមានការអនុញ្ញាតពីផលិតកម្ម និងបញ្ជាក់ថា ប្រសិនបើមានផលិតកម្មភាពយន្តណា ដែលចង់ទាក់ទងអ្នកនាងឲ្យទៅសម្តែង ឬចូលរួមក្នុងកម្មវិធីផ្សេងៗ អ្នកនាងនឹងទទួលគ្រប់កម្មវិធីតែម្តង។
គួរបញ្ជាក់ថាពេលនេះ អ្នកនាង ខាត់ សុឃីម និងស្វាមីលោក អ៊ិន សុផាណូ កំពុងតែសាងផ្ទះថ្មីនៅឯស្រុកកំណើតតារាស្រីរូបនេះផ្ទាល់នៅឯភ្នំបាសិទ្ធ ដោយអ្នកនាងបង្ហើបថា៖ «ផ្ទះដែលបងធ្វើនេះ ទើបតែបានចាក់ដី ធ្វើផ្ទះនៅឯប្រសិទ្ធ ប៉ុន្តែផ្ទះនៅភ្នំពេញក៏មិនចោលដែរ គ្រាន់តែធ្វើទុកសម្រាកពេលមកម្ដងៗ ក៏មិនមានគម្រោងថាធ្វើធំអីពេកដែរ ព្រោះបងត្រូវចំណាយលុយធ្វើផ្ទះខ្លួនឯងផង និងធ្វើផ្ទះឲ្យឪពុកម្តាយបងផង»៕