ភ្នំពេញៈ ខណៈ​ទាំង​មហាជន​គាំទ្រ និង​អ្នក​សិល្បៈ តែង​តែ​លប​លួច​សរសើរ តារា​ចម្រៀង​ស្រី​ពហុ​ជំនាញ​បុរាណ​លាយ​សម័យ សម្បូរ​ទេពកោសល្យ​អ្នក​នាង ខាត់ សុឃីម ពី​ភាព​វៃឆ្លាត​នៅ​ក្នុង​ការ​ចាត់​ចែង​ការងារ​សិល្បៈ និង​អាជីវកម្ម​ក្រៅ​សិល្បៈ ព្រមទាំង​កំពុង​តែ​ធ្វើ​ឲ្យ​មាន​គំរូ​សុភមង្គល​គ្រួសារ​ផង​ដែរ​នោះ បែរជា​ឃើញ​នាង​បង្ហោះ​សារ​បែប​ខូចចិត្ត​ទៅ​នឹង​ទង្វើ​ល្អ​របស់​ខ្លួន​តែ​មិន​ទទួល​បាន​ផល​ល្អ។

ចំពោះ​សារ​នោះ​អ្នកនាង ខាត់ សុឃីម បង្ហោះ​ថា៖ «រាល់ថ្ងៃ​ចិញ្ចឹម​តែ​សត្វ​មាន​ពិស» និង​សារ​វែង​មួយ​ទៀត​ថា «ខាត់ សុឃីម ប្រាប់​មួយ​ណា អ្វី​ដែល​បង​ធ្លាប់​ជួប អ្នក​ដែល​ទុក ៧០ បំផុត និង​អ្នក​ដែល​នៅ​ក្បែរ​ខ្លួនគេ​ក៏​អាច​ធ្វើ​ឲ្យ​យើង​គ្រោះថ្នាក់​បំផុត​ដែរ!​សុំទោស​ផង បើ​ខម​ម៊ិន​មិន​សម និង​ធ្វើ​ឲ្យ​អ្នកខ្លះ​មិន​ចូល​ចិត្ត តែ​វា​ជា​រឿង​ពិត​ក្នុង​សង្គម​យើង​មែន បង​ផ្ទាល់​ជា​អ្នក​ជួប»។

គ្រាន់តែ​បាន​បង្ហោះ​ភ្លាម ក៏បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​នៃ​មហាជន និង​ក្រុម​អ្នក​សិល្បៈ​តែ​ម្តង ពេល​ឃើញ​សារ​នោះ ក៏​នាំគ្នា​ចូល​ទៅ Comments សួរនាំ​រក​នូវ​ហេតុផល​ផ្អើល​ពេញ​បណ្តាញ​សង្គម ហើយ​ចង់​ដឹង​ថា តើ​អ្នក​នាង ខាត់ សុ​ឃីម កំពុង​តែ​មាន​បញ្ហា​អ្វី​ជាមួយ​អ្នកណា​គេ?

ថ្លែងប្រាប់​មក​ភ្នំពេញ​ប៉ុស្តិ៍​មិន​លាក់​លៀម​នោះ តារា​ចម្រៀង​ស្រី​ល្បី​ខ្លាំង​ទេពកោសល្យ ច្រៀង​ទាំង​បទ​ចម្រៀង​បុរាណ និង​សម័យ​មិន​ចេះ​ទាស់ ហើយ​មាន​ទឹក​ដម​សំនៀងពីរោះ ស្តាប់​មិន​ជិនណាយ​ជា រៀម​ច្បង​នៃ​គ្រួសារ​នៃ​ត្រកូល ខាត់ គឺ​អ្នកនាង ខាត់ សុឃីម បន្លឺ​ថា៖ «អូ!​តាម​ពិត​ទៅ​សារ​នោះ នាង​ខ្ញុំ​មិន​បាន​មាន​បញ្ហា​នឹង​អ្នក​ណា​នោះ​ទេ វា​គ្រាន់​តែ​រឿង​ពិបាក​ចិត្ត​ក្នុង​សង្គម​គ្រួសារ​នាង​ខ្ញុំ​តែប៉ុណ្ណោះ ដោយសារ​ខំ​ជួយ​ជ្រោម​ជ្រែង​គេ និង​ណែនាំ​គេ​ឲ្យ​ល្អ បែរ​ជា​គេ​មិន​យល់​ពី​យើង និង​បែក​គំនិត​គិត​រឿង​អាត្មានិយម​ច្រើន​ទៀត។ ថ្មីៗ​នេះ​មាន​ការ​ពិបាកចិត្ត​ពេក​ក៏​មករ​អ៊ូ ដាក់​តាម​ហ្វេសប៊ុក​វិញ វា​ប្រសើរ​ជាង​ការ​ដែល​យើង​ខំ​និយាយ​ផ្ទាល់​គេ​មិន​ស្តាប់​យើង»។

តារាចម្រៀង​ស្រី​ដែល​មិន​ចេះ​ខ្វះ​នូវ​ស្ទីល​លេង​ក្រមិច​ក្រមើម​ទាំង​ចម្រៀង​សម័យ និង​បុរាណ អ្នកនាង ខាត់ សុឃីម បន្ត​ថា៖ «តែ​ដល់​ពេល​យើង​រអ៊ូរ​ទាំ​ដាក់​តាម​ហ្វេសប៊ុក ហាក់​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​និយាយ​មាត់​ផ្ទាល់​ទៅវិញ ហើយ​វា​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ការ​រអ៊ូ​បញ្ហា​របស់​នាង​ខ្ញុំ គឺមាន​លក្ខណៈ ដូចជា​បញ្ហា​ទូទៅ​របស់​អ្នក​ដទៃ​ច្រើន​ទៀត​ផង​ដែរ»។

ការដែល​នាង​ខ្ញុំ​រអ៊ូរ​រទាំ​នេះ​ក៏​ចង់​ពញ្ញាក់​អារម្មណ៍​ដល់​មនុស្ស ទូទៅ​ដែរ នៅ​ពេល​ខ្លះ​ធ្វើជា​មនុស្ស​សូម កុំ​ឆាប់​ភ្លេច​ភាព​អតីតកាល​ខ្លួនឯង​ពេក​អី ហើយ​កុំ​មាន​ចិត្ត​លោភ​លន់​ខ្លាំង​ពេក​នោះ​អី​ណា​បងប្អូន!»។

មុននេះ​បន្តិច ខាត់ សុឃីម ក៏​ធ្លាប់​បង្ហាញ​ពី​ចេតនា​អន្ទះសា​ចង់​បក​ស្រាយ​រឿង​ដង្កូវ​ស៊ី​រូង​ផ្ទៃក្នុង​សិល្បៈ​បង្ក​ឲ្យ​មាន​ក្លិន​ស្អុយ​អសោច​ផងដែរ នៅ​តាម​បណ្តាញ សង្គម​មួយ​នេះ៕