ភ្នំពេញ៖ នាពេលថ្មីៗនេះ ស្រាប់តែបង្កើតការភ្ញាក់ផ្អើលដ៏រន្ធត់ចិត្តខ្លាំង ចំពោះតារាចម្រៀងស្រីពហុជំនាញទាំងប្រពៃណី និងសម័យ អ្នកនាង ខាត់ សុឃីម ដោយបង្ហើបរឿងចាញ់បោកគេក្នុងមុខរបររកស៊ីត្រឹមពេល ១ ឆ្នាំសោះ ត្រូវគេបោកអស់ប្រាក់ដ៏ច្រើនសន្ធឹកដល់ចំនួន ៧៩ ម៉ឺនដុល្លារឯណោះ ខណៈទុក្ខធំទី១ លោកឪពុកជាទីស្រឡាញ់ជាអ្នកមានគុណទើបតែចែកឋានមិនទាន់បានប៉ុន្មានខែមុននោះ។
នេះបើតាមសារយ៉ាងខ្លីបង្ហោះតាមហ្វេសប៊ុករបស់តារាចម្រៀងស្រីល្បីទាំងប្រពៃណី និងសម័យ ឬតារាចម្រៀងត្រកូលខាត់ គឺអ្នកនាង ខាត់ សុឃីម បានសរសេរថា៖ «១ ឆ្នាំ $៧៩ ម៉ឺន ស៊ីផុយ» និងសារមួយទៀតថា៖ «យើងល្ងង់ បានគេបោកយើងបាន សុទ្ធតែជាមេរៀននៅក្នុងសង្គមនេះ ពេលដឹងខ្លួន គឺសឹងតែជីវិតក៏លែងចង់រស់»។
មួយរំពេចក៏មានអ្នកចូលរួមសម្តែងការសោកស្តាយដល់តារាចម្រៀងស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ជាហូរហែ ខណៈក៏មានអ្នកសួរនាំចង់ដឹងហេតុផលផងដែរថា៖ «តើអ្នកនាង ខាត់ សុឃីម រកស៊ីរបរអ្វីដែរ បានជាត្រូវចាញ់បោកគេអស់ប្រាក់ច្រើនម្លឹងគឺចំនួន $៧៩ ម៉ឺន? ប្រហែលជាមុខរបររកស៊ីផ្នែកអចលនទ្រព្យទេដឹង?»។
តែអ្នកនាង ខាត់ សុឃីម ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយសុំមិនបរិយាយរឿងរ៉ាវឲ្យចំៗ ពាក់ព័ន្ធនឹងការខាតបង់ប្រាក់យ៉ាងច្រើនសន្ធឹក និងចាត់ទុកជាការរងគ្រោះផ្ទួនៗនោះ ដូច្នេះវិញថា៖ «នាងខ្ញុំ សុំចិត្តបង មិនបរិយាយរឿងនោះថា ជារឿងខាតបង់ដោយសារអ្វីចំៗនោះទេ។ តែនាងខ្ញុំក៏មិនលាក់លៀមចំពោះរឿងនេះដែរ គឺថាជាការចាញ់បោកគេ ក្នុងរបររកស៊ី ១ តែប៉ុណ្ណោះ។ តែនាងខ្ញុំ នឹងចាត់ទុកបទពិសោធនេះ ជាមេរៀនជីវិត ១ សម្រាប់ខ្លួនឯង និងចង់ចែករំលែកដល់បងប្អូនខ្មែរយើងទាំងអស់ផងដែរថា មិនថាស្ថិតនៅក្នុងកម្រិតរកស៊ីបែបណាទេ ប្រសិនបើមានការចូលរួមគ្នានោះ គឺមិនត្រូវទុកចិត្តគេខ្លាំងពេកនោះឡើយ ដូចជារូបនាងខ្ញុំស្រាប់អ៊ីចឹង មកពីការទុកចិត្តគេខ្លាំងពេក ទើបរងគ្រោះដូចជាពេលនេះអ៊ីចឹង»។
យ៉ាងណាតារាចម្រៀងស្រី ដែលមានមុខរបរច្រើនក្រៅពីសិល្បៈដូចជាបើកសម្អាងការ សេវាកម្មជួលក្រុមតន្រ្តីទាំងសម័យ និងតន្រ្តីប្រពៃណី មានផ្ទះជួល និងចុងក្រោយដាក់ហ៊ុនរកស៊ីពុះដីឡូត៍លក់នោះ អ្នកនាង ខាត់ សុឃីម ហាក់មិនមានការបាត់ស្លុត ឬរាងចាលខ្លាចនឹងការងារប្រកបអាជីវកម្ម ដើម្បីទ្រទ្រង់គ្រួសារខ្លួនឡើយ បើតាមស្តាប់សម្តីរៀបរាប់នោះ។ ដោយអ្នកនាង ខាត់ សុឃីម បានបង្ហើបថា៖ «នាងខ្ញុំ នៅមានសង្ឃឹមជានិច្ច សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃមុខ នាងខ្ញុំមិនរាថយឡើយ អស់ប៉ុណ្ណេះទៅ ក៏នាងខ្ញុំអាចប្រើជំនាញ និងចំណេះដែលខ្លួនមាន ទៅប្រកបរបរចិញ្ចឹមជីវិតវិញបានដែរ ប្រការសំខាន់ដរាបណា យើងនៅមានជីវិត គឺយើងនៅមានសង្ឃឹម»។
មុននេះបន្តិចអ្នកនាង ខាត់ សុឃីម បានជួបទុក្ខដ៏ក្រៀមក្រំមួយរួចមកហើយ គឺបាត់បង់លោកឪពុកជាទីស្រឡាញ់ និងជាអ្នកមានគុណបានបណ្តុះបណ្តាលជំនាញសិល្បៈជាដើមទុនរកប្រាក់ និងបង្កើតកេរ្តិ៍ឈ្មោះល្បីពេញប្រទេសគឺ លោក លាវ ខាត់ ត្រូវជាឪពុក បានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយសាររោគាពាធកាលពីព្រឹក ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ កន្លងមក។
ជារឿយៗ តារា ចម្រៀងស្រីដែលល្បីទាំងផ្នែកប្រពៃណី និងសម័យ សម្បូរទេពកោសល្យ អ្នកនាង ខាត់ សុឃីម តែងមានការឈឺឆ្អាលនឹងបញ្ហាសង្គម និងចូលរួមជួយតាមលទ្ធភាពដែរ ដូចជាជួយស្រ្តីមេម៉ាយវ័យក្មេងដែលហ៊ានខ្ចីប្រាក់គេ ដើម្បីយកទិញរ៉ឺម៉កកង់ ៣ ឥណ្ឌារត់រកប្រាក់ចិញ្ចឹមកូនផង និងបង់រំលស់ផង និងប្រកាសជួយកុមារា ២ នាក់បងប្អូនដែលត្រូវឪពុកម្តាយបំបរបង់ចោលបណ្តោយឲ្យរស់នៅតាមសម្មាអាជីវោដូចចករសាត់អណ្តែតកណ្តាលបឹង៕