ភ្នំពេញ: នៅ​ល្ងាច​ថ្ងៃទី​ ៨ មីនា តប​នូវ​ការ​រំឭក​ពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក្នុង​​​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម អំពាវនាវ​រក​មូលនិធិ​សង្គ្រោះ​លោក យូ ឌី​ស្កូ តារា​សម្តែង​ញាំញី​ដោយ​ជំងឺ​ទឹកនោមប្រៃ​ និង​ប​ណ្តោ​យ​ឲ្យ​​​ខូច​ក្រលៀន ដែលថា គំនិត​​ឲ្យមានការ​​អំពាវ​នេះ គឺ​ផ្តើម​ពី​តារាចម្រៀង ខេ​ម នៅ​ផលិតកម្ម​ថោ​ន​។

បន្ទរ​នូវ​សារបង្កប់​ន័យ​ខ្លឹមសារ​គុណធម៌​នេះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា រួមនឹង​ លោក ប៉ែន ចំ​រ៉ុង ដែល​ស្ថិតក្នុង​បន្ទប់​ផ្សាយ​ផ្ទាល់ ​មាន​ទាំង​វត្តមាន លោក យូ ឌី​ស្កូ ក្នុង​រូបភាព​ស្គម​ស្លាំង ក៏​សួរ​រំឭក​ដល់ លោក ខេ​ម ទាក់ទិន មូលហេតុ​ ដែលនាំឲ្យ​តារាចម្រៀង​រូបនេះ​មានគំនិត​ដូច្នេះ និង​ថា​តើ​លោក ខេម ជា​សាច់ញាតិ លោក យូ ឌី​ស្កូ ទើប​នាំឲ្យ​លោក ខេ​ម ផ្តើម​ឲ្យមាន​គំនិត​ធ្វើ​វីដេអូ​អង្គាសប្រាក់​ជួយសង្គ្រោះ យូ ឌី​ស្កូ។

ឆ្លើយតប​នូវ​ការ​រំឭក​សំនួរ នេះ តារាចម្រៀង ខេ​ម ដែលមាន​កំណើត​ពី​គ្រួសារ​ក្រីក្រ​នៅ​ខេត្ត​កំពង់​ឆ្នាំ ប្រាប់ថា៖ «ខ្ញុំ​មិនមាន​ជាប់​សាច់ឈាម និង​លោក យូ ឌី​ស្កូ​ទេ តែ​គាត់ បង យូ ឌី​ស្កូ ខ្ញុំ​គោរព គាត់​លើសពី​រៀមច្បង​សិល្បៈ គឺ​និយាយបានថា គាត់​ក៏​ជា​អ្នកមានគុណ​សម្រាប់​ខ្ញុំ​ម្នាក់​ដែរ ក្រៅពី​ឪពុកម្តាយ​ខ្ញុំ​ជា​អ្នកផ្តល់​កំណើត​និង​បង្កើត​ខ្ញុំ​ដែរ»។

ក្នុង​ដំណើរ​ជីវិត លោក ​ខេ​ម ដែល​ក្លាយខ្លួនជា​តារាចម្រៀង​ល្បី​នៅ​ផលិតកម្ម​ថោ​ន ចូល​ជិត​មួយ​ទសវត្សរ៍ មិន​ធ្លាប់​ឮ​​ ឬ​ក៏​រំឭក​ពី​លោក ខេ​ម​ ថា លោក យូ ឌី​ស្កូ ក៏​ជា​ចំណែក​នៃ​អ្នកមានគុណ​លើ​ជីវិត​លោក ឬក៏​ជា​ចំណែក​នៃ​ភាពជោគជ័យ​លើ​ជីវិត​សិល្បៈ ទើបតែ​ឮចេញពី​មាត់ តារាចម្រៀង ខេ​ម ផ្ទាល់ និយាយ​នៅមុខ លោក យូ ឌី​ស្កូ ក្នុងការ​​ធ្វើ​វីដេអូផ្សាយផ្ទាល់ម្សិលមិញ​​។

ក្នុង​វេលា ដែល​សារភាពថា លោក យូ ឌី​ស្កូ មាន​ចំណែក​មានគុណ​លើ​ជីវិត​នោះ ខេ​ម បាន​រៀបរាប់​ទៀត​ថា៖ «កាលពី​ខ្ញុំ​ប្រលង​ចម្រៀង នៅ​ស៊ី​ធី​អិន ជាប់​ភ្លាម ពេលនោះ​ខ្ញុំ​មិនទាន់​ក្លាយជា​តារាចម្រៀង និង​មាន​បង​ប្អូន​​ស្គាល់​ច្រើន។ ពេលនោះ​បាន​បង យូ ឌី​ស្កូ គាត់​តែង​ជួយ​ខ្ញុំ សូម្បី​បាយ ក៏​ពេលខ្លះ គាត់​ទិញ​ឲ្យ​ខ្ញុំ​ហូប​ដែរ»។

បន្ទរ​នូវ​ពាក្យ​ថា «គុណ​នេះ​ខ្ញុំ​ចងចាំ បងប្រុស យូ ឌី​ស្កូ ក្នុង​ចិត្ត​មិន ដែល​ភ្លេច» ខណៈ លោក យូ ឌី​ស្កូ ក៏​ហាក់​ក្តុក​ក្តូ​ល​​ក្នុង​ចិត្តខ្លាំង ពេល ដែល​លោក​មាន​ជំងឺ ក៏​ពាក្យ​អ្នក​ដែល​លោក ធ្លាប់ជួយ​រំឭក​គុន​នេះ​បង្ហាញ​ជា​សាធារណៈ ទាំង​លោក​ក៏​ស្លាប់ឮ​ផ្ទាល់​នោះ លោក ខេ​ម បន្តថា៖ «លើសពីនេះ​ទៀត ខ្ញុំ​ជួប​គ្រោះថ្នាក់ ចរាចរណ៍ នៅក្បែរ​ស្ពាន​ជ្រោយចង្វារ​ ពេល​ក្លាយជា​តារា ធ្ងន់ធ្ងរ​ពេលនោះ ​ខ្ញុំ​មាន​បងប្អូន​នាំទៅ​សម្រាក​ពេទ្យ​លោក​សង្ឃ។ ខ្ញុំ​ញាំ​អី​ក៏​មិនកើត បាន​បង យូ ឌី​ស្កូ ទិញ​ម៉ាស៊ីន​កិន​បបរ យកទៅឲ្យ​ខ្ញុំ​ទៀត។ គុណ​នេះ​ខ្ញុំ​ចាំ​មិន​ភ្លេច ហើយ​ខ្ញុំ​ក៏​គិតថា ខ្ញុំ​មាន​វិធី​ណា តប​នូវ​គុណ​​ ដែល​គាត់​បានធ្វើ​ដាក់​ប្អូន ក៏​គិត​ជាមួយ អ្នក​បង ច​ន ច័ន្ទ ធ្វើ​វីដេអូ រក​មូលនិធិ​សង្គ្រោះ​គាត់ តាម​ហ្វេ​ស​ប៊ុ​ក​ហ្នឹង​​ទៅ»។

លោក ខេ​ម បាន​រំឭក​ទៀតថា៖ «កាល​ខ្ញុំ​ទទួលដំណឹង​បង យូ ឌី​ស្កូ ឈឺ​ខ្លាំង ពេលនោះ ខ្ញុំ​កំពុង​នៅ​ប្រទេស​អូស្ត្រាលី ឮ​ដំណឹង​នេះ បន់​ឲ្យ​ឆាប់​ដល់​ថ្ងៃ​វិញ​និង​បានមក​ជួប​គាត់​។ ខ្ញុំ​ដេក​អត់​លក់ ហើយក៏​មិនសូវមាន​អារម្មណ៍​​ច្រៀង​ដែរ ហើយក៏​គិត​ទៀតថា រក​វិធី​ណានឹង​ជួយ​គាត់​បាន ហើយក៏​ជួប បង ហេង ឡុង និង បង​ច​ន ច័ន្ទ ក៏​ពិភាក្សា ជាមួយ​គាត់ គាត់​ក៏​ផ្តល់​គំនិត​វិញ​ថា ធ្វើ​វីដេអូ អង្គាសប្រាក់​ជួយ​គាត់ ពេលនេះ​ក៏​ធ្វើ​អ៊ីចឹ​ង​ទៅ»។

យោង​តាម​ទំព័រ​ហ្វេសប៊ុក សមាគមសិល្បករខ្មែរ «មូលនិធិយូ​ណេស្កូ​» បណ្តោះ​អាសន្ន​ប្រមូល​បាន​សរុប​សម្រាប់​​ថ្ងៃទី៨​ ខែមីនា នេះគឺ ៧៩៣០​ ដុល្លារ និង ២ លាន ៨ សែនរៀល​ សម្រាប់​ជួយលោក យូឌីស្កូ។​ ​គាត់​ត្រូវ​ការ​រហូត​ដល់​ ៥ ម៉ឺន​ដុល្លារ ដើម្បី​វះ​កាត់​ប្តូរ​ក្រលៀន ៕