ក្រុងតាខ្មៅ : ជំនឿទៅយកអំពៅខ្មៅពីព្រះវិហារចិន លោកតាធំ (ប៉ោ សែ) ក្រុងតាខ្មៅ នៅតែបន្តប្រណិបតន៍ដោយប្រជាជនខ្មែរសែស្រឡាយចិន និងវៀតណាម អស់រយៈពេលច្រើនឆ្នាំមកហើយ។
នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែលត្រូវនឹងថ្ងៃទីមួយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅវិហារធំ លោកតាចិន ក្រុងតាខ្មៅ ពោរពេញទៅដោយមនុស្សម្នាអ៊ូអរ មកកាន់ទីនោះក្នុងបំណងអុជធូបបន់ស្រន់សុំសេចក្ដីសុខ សេចក្ដីចម្រើន និងទ្រព្យសម្បត្តិហូរហៀរ។
ទន្ទឹមនឹងនោះដែរ អ្នកមានជំនឿលើវត្ថុស័ក្ដិសិទ្ធក៏មិនភ្លេចដែរនូវការជាវអំពៅខ្មៅ ដើម្បីនាំលាភសំណាងដល់ក្រុមគ្រួសារ និងបណ្ដេញគ្រោះចង្រៃចេញពីផ្ទះសម្បែង។
យោងតាមអ្នកស្នងរូបនៅវិហារចិន អ្នកអាចយកទៅដាក់នៅផ្ទះ ដើម្បីនាំលាភ និងយកទៅដាំទឹកផឹក ដែលគេជឿថា អាចព្យាបាលជំងឺ១០០មុខ ក្រោយពេលសែនហើយបាន៣ថ្ងៃ។
ដូច្នេះហើយ ទើបក្រោយអ្នកដែលចាកចេញពីព្រះវិហារធំ ក្រុងតាខ្មៅ ម្នាក់ៗមិនភ្លេចឡើយ ដោយនាំយកនូវដើមអំពៅមូលៗថ្លោស ស្លឹកវែងៗចងភ្ជាប់នឹងដំបូលរថយន្ត ត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួន៕