ក្រុងសៀមរាប: មុខម្ហូបចម្អិនពីខ្យងប្រាកដជាសម្បូរនៅតាមបណ្ដាភោជនីយដ្ឋាននានា តែនៅ Urban Tree Hut អតីតភោជនីយដ្ឋាន Check-in ក្នុងក្រុងសៀមរាប បានបន្ថែមភាពវិសេសបន្ដិចទៅលើមុខម្ហូបខ្យងទូទៅ។
លោក ថាត សុគន្ធារ៉ុង ម្ចាស់ហាង Urban Tree Hut ដែលទើបបើកសម្ពោធថ្មីបានឲ្យដឹងថា៖ «ខ្ញុំឃើញមានគេយកខ្យងធ្វើជាម្ហូបច្រើនប្រភេទដូចជាខ្យងអាំងអំបិលម្ទេស ខ្យងចំហុយ ឬស្ងោរដាក់គល់ស្លឹកគ្រៃគល់រំដេងជ្រលក់អំបិលម្រេច ឬ ទឹកត្រីកោះកុង។ ប៉ុន្ដែខ្យងនៅ Urban Tree Hut នេះយើងមកយកចំហុយជាមួយទឹកដោះគោឆៅដែលមានលក្ខណពិសេសបន្ដិចខុសពីគេ»។
ក្នុងបរិយាកាស ៣ ជម្រើសសម្រាប់ភ្ញៀវពីភោជនីយដ្ឋាន Urban Tree Hut ដែលអាចផ្គាប់ភ្ញៀវចង់អង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ លើគ្រែ និងតុសាឡុងក្រោមក្យូស មានជំនោរល្ហើយត្រសៀកនៃម្លប់ឈើ លោក សុគន្ធារ៉ុង បានបន្ដថា៖ «យើងព្យាយាមរកទិញខ្យងណាដែលស្រស់ល្អ កាន់តែស្រស់ កាន់តែល្អ និងជាប្រភេទខ្យងក្រមួនស្រែ ពណ៌លឿងឆ្នូត»។
ខ្យងក្រមួនតូចៗទាំងនេះត្រូវដាក់ត្រាំទឹកមួយយប់សិនដើម្បីទុកឲ្យអស់ដីពីក្នុងខ្លួនវាពីព្រោះវាមិនអាចត្រូវបានយកមកចម្អិនភ្លាមៗនោះទេ។
ម្ចាស់ភោជនីយដ្ឋាន Urban Tree Hut រូបនេះ បានប្រាប់គន្លឹះតិចតួចថា៖ «ពេលខ្លះចុងភៅ គាត់មានបច្ចេកទេសដោយដាក់ម្ទេសមួយគ្រាប់ក្នុងទឹកត្រាំ ដើម្បីឲ្យខ្យងហឹរ និងខ្ជាក់ដីស្អាតបានលឿន»។
លោកបានរៀបរាប់ប្រាប់អំពីគ្រឿងផ្សំមួយចំនួនថា ខ្យងអប់ទឹកដោះគោស្រស់ មានខ្យងក្រមួនស្រែ ទឹកគោស្រស់ ម្អមគល់ស្លឹកគ្រៃ ទឹកត្រីកោះកុងទឹកត្រីអំបិល ស្ករ និងខ្នរបន្ដិច ជំនួសប៊ីចេង។
ខណៈ Urban Tree Hut ដែលភ្ញៀវអាចច្រៀង និងស្ដាប់តន្ដ្រីបែប acoustic រងំក្នុងបរិយាកាសធម្មជាតិ លោក បានបន្ថែមថា៖ «ខ្យងអប់ទឹកដោះគោឆៅសម្រាប់បរិភោគក្ដៅ។ សីតុណ្ហភាពក្ដៅហុយៗក្នុងចាន វាជួយបង្កើនរសជាតិកាន់តែឈ្ងុយឆ្ងាញ់»។
Urban Tree Hut ស្ថិតនៅក្បែរសាកលវិទ្យាល័យបញ្ញាសាស្ដ្រ សៀមរាបមានចម្ងាយប្រមាណជិត ២ គីឡូម៉ែត្រ ពីតំបន់ Pub Street បើកទ្វារស្វាគមន៍ភ្ញៀវតាំងពីម៉ោង ៦ ព្រឹកទៅដល់កណ្ដាលអាធ្រាត្រ នៅរៀងរាល់ថ្ងៃ ឬតាមទូរស័ព្ទ ០១២ ៥៥ ៥៩ ៥៣៕