ក្រុងតូក្យូ: នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ពេល​ដែល​ប្រទេស​ជប៉ុន​នឹង​ឈានដល់​រជ្ជកាល​ថ្មី ក្រុមហ៊ុន​អាជីវកម្ម​នានា​នាំ​គ្នា​មមាញឹក​កើប​លុយ​ដោយ​ការលក់​ខ្យល់​ពី​រជ្ជកាល​ចាស់​ក្នុង​តម្លៃ​មួយ​កំប៉ុង​ជិត ១០ ​ដុល្លារ​។

កំប៉ុង​ពណ៌​ស​ដែល​ពុំ​មាន​ផ្ទុក​អ្វី​ក្រៅពី​ខ្យល់​រជ្ជកាល Heisei ៣ ​ទសវត្សរ៍​របស់​អធិរាជ​ជប៉ុន អាគីហ៊ីតូ និង​កាក់​សំណាង ៥ ​យេន​ដែល​ត្រូវ​បាន​ដាក់​លក់​តាំងពី​ថ្ងៃ​ចន្ទ​។

ជាមួយ​មហិច្ឆតា​លក់​ឲ្យ​បាន ១ ពាន់​កំប៉ុង​ប្រធាន​ក្រុមហ៊ុន មីណូរ៉ូ អ៊ីណាម៉ូតូ បាន​ថ្លែង​ប្រាប់ AFP ឲ្យ​ដឹងថា​៖ «​ខ្យល់​គឺ Free មែន ប៉ុន្តែ​យើង​សង្ឃឹម​ថា យើង​អាច​រីករាយ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​នៃ​រជ្ជកាល Heisei ក្រោយពី​រជ្ជកាល​ថ្មី​បាន​ចូល​មកដល់​។ យើង​អាច​ទុក​កំប៉ុង​ខ្យល់​នេះ​ជា​អនុស្សាវរីយ៍​ក៏បាន​»​។

ខ្យល់ Heisei ច្រក​កំប៉ុង​មាន​តម្លៃ ១០៨០ ​យេន (៩,៦ ​ដុល្លារ​)​។ រូបថត AFP

ខ្យល់​ច្រក​កំប៉ុង​រជ្ជកាល Heisei ត្រូវ​បាន​ផលិត​នៅ​ភូមិភាគ​កណ្ដាល​ប្រទេស​ជប៉ុន Henari សម្រាប់​ការកុម្ម៉ង់​ទិញ​អនឡាញ និង​ដាក់​លក់​តាម​ដងផ្លូវ​នានា​។

ក្រៅពី​កំប៉ុង​ខ្យល់ កាក់​មាស​រាង​ទ្រវែង​មាន​ឆ្លាក់​អក្សរ Heisei ត្រូវ​បាន​ដាក់​លក់​ដាច់​គ្មាន​សល់ តាម​ហាង​ទំនិញ​ឯ​ទីក្រុង​តូក្យូ​។ រីឯ​ក្រុមហ៊ុន​ផលិត​នំ និង​ស្ករ​គ្រាប់​ក៏​បាន​ផលិត​ចំណី​តំណាង​ឲ្យ​រជ្ជកាល​ចាស់​ដែរ​។

បណ្ដា​ក្រុមហ៊ុន​ឯទៀត​នៅ​ប្រទេស​ជប៉ុន​ក៏​បាន​នាំ​គ្នា​សម្រុក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ត្រៀម​ស្វាគមន៍​រជ្ជកាល Reiwa ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​ ១ ខែ​ឧសភា​ផង​ដែរ​នៅពេល​ដែល​រាជបុត្រ ណារ៉ូហ៊ីតូ ឡើង​គ្រង​រាជបល្ល័ង្ក ដូចជា ស្ទីកឃ័រ ស្រោម​ទូរស័ព្ទ អាវយឺត ដង្កៀប ដប និង​ស្រា​ជប៉ុន​ផង​៕