ភ្នំពេញ៖ ខ្សែភាពយន្តជប៉ុន ១០ រឿង ដែលមានសាច់រឿងប្លែកគ្នា លក្ខណៈចម្រុះ រួមមានភាពយន្តបែបមនោសញ្ចេតនា ស៊ើបអង្កេត បែបតន្រ្តី គំនូរជីវចល ប្រវត្តិសាស្រ្ត និងកំប្លែងជាដើម នឹងត្រូវចាក់បញ្ចាំងឲ្យសាធារណជនចូលទស្សនាដោយសេរី និងឥតគិតថ្លៃមានរយៈពេល ៥ ថ្ងៃ នាឱកាសប្រារព្ធកម្មវិធីមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ ២០១៩។
បើតាមសេចក្តីប្រកាសព័ត៌មាននៃផ្នែកវប្បធម៌ និងព័ត៌មានរបស់ស្ថានទូតជប៉ុនបានឲ្យដឹងថា៖ «មូលនិធិជប៉ុន បានរួមសហការជាមួយស្ថានទូតជប៉ុនប្រចាំប្រទេស កម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំកម្មវិធីមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ ២០១៩ ដែលនឹងចាប់ផ្តើមចាក់បញ្ចាំងនៅតាមរោងកុនមួយចំនួន (រោងភាពយន្ត Major Cineplex AEON I និងរោងភាពយន្ត Major Cineplex AEON II និងរោងភាពយន្ត Legend នៅសាខាទួលគោក) រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ទៅដល់ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងរាជធានីភ្នំពេញ។ ដោយឡែកការប្រារព្ធធ្វើនៅឯខេត្តសៀមរាបវិញ នឹងផ្តើមចាក់បញ្ចាំងចាប់តាំងពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ នៅរោងភាពយន្ត Major Cineplex»។
តាមរយៈការចូលទស្សនាខ្សែភាពយន្តជប៉ុន នាអំឡុងប្រារព្ធកម្មវិធីមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ ២០១៩ នេះ គឺសុទ្ធសឹងតែភាពយន្តច្រើនប្រភេទត្រូវបានសម្រិតសម្រាំង សម្រាប់ការចាក់បញ្ចាំង នៅតាមរោងភាពយន្តល្បីៗ ដូចដែលបានជម្រាបជូនខាងលើ។
ភាពយន្ត ដែលត្រូវចាក់បញ្ចាំងទាំងនេះ គឺបានឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅ របស់ប្រជាជនក្នុងសង្គម និងវប្បធម៌ជប៉ុន ហើយមហោស្រពនេះ ក៏ផ្តល់ឱកាសដ៏ល្អមួយ សម្រាប់អ្នកទស្សនាអាចស្គាល់ ឬស្វែងយល់ពីប្រទេស និងប្រជាជនជប៉ុនផងដែរ។
តាមប្រភពសេចក្តីប្រកាសព័ត៌មានដដែលនេះបានបន្តថា៖ «ខ្សែភាពយន្តជប៉ុនចំនួន ១០ រឿង នឹងត្រូវចាក់បញ្ចាំងនោះ ក៏មានអមដោយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេសដែរ។ ចំណែកតារាងវេលា និងកាលបរិច្ឆេទនៃការចាក់បញ្ចាំងភាពយន្តទាំងនោះ ក៏មានលើគេហទំព័រផងដែរ។ លោកអ្នកគ្រាន់តែចូលទៅកាន់អាសយដ្ឋាននៃគេហទំព័រ http://kh.japanesefilmfest.org/screening-schedule/ ខណៈការទស្សនា គឺចូលដោយសេរី និងឥតគិតថ្លៃ។ ចំពោះមហោស្រពភាពយន្តជប៉ុននេះ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយការចាប់ផ្តើមធ្វើតាំងពីឆ្នាំ ២០១៥ មក ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរវប្បធ៌រវាងជប៉ុន និងកម្ពុជា»។
ខ្សែភាពយន្តជប៉ុនល្បីៗទាំង ១០ រឿងនោះ រួមមានរឿង «Children of the Sea» រឿង «SAMURAI SHITERS» រឿង «A Banana?At this Time of Night?» រឿង «Bento Harassment» រឿង «MASQUERADE HOTEL» រឿង «12 Suicidal Teens» រឿង «Little Love Song» រឿង «Dance With Me» រឿង «My Dad is A Heel Wrestler» និងរឿង «The Fable»។
ខណៈនាវេលាល្ងាចថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្អែកនេះ គឺជាការប្រារព្ធបើកសម្ពោធកម្មវិធីមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ ២០១៩ ក្រោមអធិបតីភាពរបស់លោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេស កម្ពុជា និងតំណាងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅឯរោងភាពយន្ត្ត Major Cine-plex AEON I។ ឱកាសវេលាល្ងាចនោះ ក៏មានការចាក់បញ្ចាំងភាពយន្តជប៉ុនមួយក្នុងចំណោមភាពយន្តទាំង ១០ រឿង ដើម្បីទស្សនាកម្សាន្តផងដែរគឺខ្សែភាពយន្តមានចំណងជើងថា«My Dad is A Heel Wrestler»៕