ភ្នំពេញៈ ក្រោយពី​កូនស្រី​ទី​ ៣ ឈ្មោះ ជា សុជាតិនារី ជា​បុត្រី​ដំបូង​នៃ​ចំណង​ស្នេហ៍​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ ចម្រើន​វ័យ​ជាង ២ ​ឆ្នាំ​ទៅ​ហើយ​នោះ​ស្រាប់តែ​ប្តី​ប្រពន្ធ​មាន​អាជីព​សិល្បៈ​ជា​ពិធីការិនី និង​ពិធីករ​ទូរទស្សន៍​ដូច​គ្នា​គូ​នេះ​កំពុង​តែ​គ្រោង​យក​កូនប្រុស​ ១ ​ទៀត​នៅ​ចំ​រដូវវស្សា​នេះ​។

នេះ​បើ​តាម​ការបង្ហើប​របស់​ពិធីការិនី​រូប​ស្រស់​ក្មេង​ជាង​វ័យ និង​ម្ចាស់​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កែ​សម្ផស្ស អ្នកនាង គង់ សុជាតិ ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​៖ «​ចាស​!​ជា​ការពិត​នេះ​គឺ​សេចក្តី​ចង់​បាន​របស់​ស្វាមី​ខ្ញុំ គឺ​គាត់​ចង់​បាន​កូនប្រុស​ ១​។ ពួកយើង​ក៏​កំពុង​តែ​គិត​រឿងនេះ​នៅ​ឡើយ​គឺថា​នឹង​ទៅ​ពិគ្រោះ​រឿង​សុខភាព​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​សិន​ដែរ ហើយ​ជា​ក្តីប្រាថ្នា​នោះ​គឺ​ខ្ញុំ​ចង់​ពពោះ​ក្នុង​រដូវកាល​ខែវស្សា ព្រោះ​ថា​រដូវកាល​នេះ​អ្នកសិល្បៈ​មិន​សូវ​មមាញឹក​ការងារ​ខ្លាំង​​ទេ​។ ដូច្នេះ​ហើយ​យើង​នឹង​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​សិន​នឹង​សម្រេចចិត្ត​តាម​ក្រោយ​»​។

គួរបញ្ជាក់​ថា​ចំណង​ស្នេហ៍​នឹង​ស្វាមី​មុន​អ្នកនាង គង់ សុជាតិ មាន​កូន ២ គឺ​កូន​ទី​ ១ ប្រុស និង​កូនស្រី​ទី​ ២ ខណៈ​កូនស្រី​ទី​ ៣ ជាមួយ​ស្វាមី​ក្មេង​ក្រោយ​លោក ជា វិបុល ឈ្មោះ ជា សុជាតិនារី ដែល​បាន​ចាប់កំណើត​កាលពី​ខែ​មករា​ឆ្នាំ ២០១៧ កន្លង​មក ខណៈ​ថ្មីៗ​នេះ​ស្រាប់​តែ​ស្វាមី​ក៏​មាន​ក្តី​ប៉ងប្រាថ្នា​ចង់​បាន​កូនប្រុស​ ១ ​ទៀត​។

ពិធីការិនី​ទូរទស្សន៍​ជើងចាស់ គង់ សុជាតិ ដែល​ទើប​បាន​ដូរ​ទ្រនំ​ទូរទស្សន៍​មក​ជុំ​នៅ​ហង្សមាស​រួម​ទ្រនំ​នឹង​ស្វាមី​នៅ​រដូវ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ ២០១៨ នោះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ «​កូន​បន្ទាប់​គឺ​ថា​គាត់ [​ជា វិបុល​] ស្រឡាញ់​កូនប្រុស ដូច្នេះ​ហើយ​បាន​ជា​គាត់​ចង់​ឆ្លាស់​គ្នា​ដូច​កូនៗ​ដែរ​គឺ​ចង់​បាន​ឲ្យ​ស្មើភាព​គ្នា​គឺ​កូនស្រី ២ និង​កូនប្រុស​ ២»​។

កាលពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ​កន្លង​មក​ពិធីករ​ក្រមិចក្រមើម​លោក ជា វិបុល បាន​បង្ហោះ​សារ​មួយ​នៅក្នុង​បណ្តាញ​សង្គម​ថា​៖ «​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ខួបអាពាហ៍ពិពាហ៍​គម្រប់​ខួប ៥ ​ឆ្នាំ​។ ឆ្នាំនេះ​គឺ​ប្លែក​បន្តិច ២ ​នាក់ ប្រពន្ធ និង​ក្រុម​ការងារ​អ្នកគ្រូ​ព្រម​ទាំង​សិស្ស​មួយ​ចំនួន​នៃ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សុជាតិ​បាន​មក​ភូមិ​បាគូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ដើម្បី​កាត់សក់ និង​ជូន​នំចំណី​បន្តិចបន្តួច​ដល់​កុមារ និង​អ្នកភូមិ​»​។

ពិធីករ​ប្រចាំ​នៅ​ប៉ុស្តិ៍​ហង្សមាស​លោក ជា វិបុល ក៏​បរិយាយ​នៅ​លើ​ឆាក​តន្ត្រី​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​ជា​រៀងរាល់​ឆ្នាំ​ខ្ញុំ​តែងតែ​ធ្វើខួប​សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍ គឺ​ទៅ​ញ៉ាំ​អាហារ​ជា​លក្ខណៈ​គ្រួសារ​មាន​ឪពុកម្តាយ​កូនចៅ តែ​មិន​ធំដុំ​អី​ទេ ដោយ​មិន​ហ៊ាន​រំខាន​ក្រុម​មិត្តភក្តិ ព្រោះ​ពួកគាត់​រវល់​ក្រែង​ចិត្ត​ពួកគាត់​»៕