ភ្នំពេញ៖ គ្រាន់​តែ​បាន​ផូស្ត​​រូបថត​​បែនណឺរ ​១ ​សន្លឹក និង​រូបថត​មាន​ឈុត​​​សម្លៀក​​បំពាក់​​នៃ​តួអង្គ​​ស្តេច​ និង​​​រូប​មហេសី​​ប៉ុន្មាន​​សន្លឹក​ នា​សម័យ​អង្គរ​ និង​​​បង្ហោះសារ​​ថា​៖ «ឆាប់ៗ​នេះ​ ពិធី​​​ក្រុង​ពាលី​​ខ្សែ​ភាពយន្ត​រឿង​ «​ប្រមាញ់​ប្រវត្តិសាស្ត្រ» ចង់​ដឹង​​​ថា ការ​​បាត់​ខ្លួន​​ព្រះ​បាទ​​​ជ័យវរ្ម័ន​ទី៧​ មាន​អាថ៌​កំបាំង​បែប​​​​ណា? ​សូម​រង់ចាំ​ទស្សនា​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​​ គ្រប់​​រោង​កុន​​ទាំង​អស់​នៅ​ក្នុង​​ព្រះរាជាណា​ចក្រ​កម្ពុជា​» ភ្លាម​ក៏​មាន​​អ្នក​​បញ្ចេញ​មតិ​យោបល់​យ៉ាង​​ច្រើន​សន្ធឹក​​ ដោយសារ​តែ​​ចង់​​ឲ្យ​សាច់​រឿង​​មួយ​នេះ​បាន​ផលិត​​ទៅ​​​មាន​គុណភាព​​ល្អ​​ សម្រាប់​វិស័យ​​​ភាពយន្ត​ខ្មែរ​​។

ចេញ​​ពី​គេហទំព័រ​​ផលិតកម្ម​ DL ក៏​ផ្តើម​ជា​សំណួរ​ចង់​បាន​​​​មតិ​​យោបល់​ពី​មហាជន​​ថា​៖ «តើ​អ្នក​គិត​ថា​ រឿង​​ប្រមាញ់​ប្រវត្តិសាស្ត្រ​​ជា​រឿង​ប្រភេទ​អ្វី​? ​​អ្នក​​​បក​ស្រាយ​ល្អ​ជាង​គេ នឹង​មាន​​កាដូ​លើក​ទឹក​ចិត្ត​​ពី​ផលិតកម្ម ​DL ផង​ដែរ»។

រំពេច​នោះ​ក៏​មាន​មតិ​ចូល​រួម​​ភ្លាម​តែ​ម្តង​ថា៖ «រឿង​ប្រមាញ់​ប្រវិត្តសាស្រ្ត​ គឺ​ជា​ប្រភេទ​រឿង​​ប្រវិត្តវិទូ ​ដែល​បង្ហាញ​ពី​អាថ៌​កំបាំង​​​ជា​ច្រើន​​​​ពាក់ព័ន្ធ​នឹង​ការ​បាត់​​ព្រះកាយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧​ និង​រឿង​រ៉ាវ​ប្រវិត្តសាស្រ្ត​ផ្សេង​​ទៀត​​​ នាសម័យ​មហានគរ​ មិន​ថា​តថភាព​​សង្គម​​​​នា​សម័យ​នោះ ឬ​នយោបាយ​សាសនា ការ​ធ្វើ​សឹក នឹង​លើក​​បង្ហាញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​​ធំ​មួយ​នេះ​​ផង​ដែរ។ ជា​ពិសេស រឿង​ដ៏​អស្ចារ្យ​ទាក់ទង​ប្រវត្តិ​ព្រះអង្គ​​បាត់​ព្រះកាយ​​ ដោយ​​ទ្រង់​​បាន​បន្សល់​ទុក​​​​កេរ​មរតក​​ជាច្រើន​​​ ឲ្យ​​កូន​ខ្មែរ​បាន​ស្គាល់​​នូវ​ស្នា​​​ព្រះហស្ត​របស់​ព្រះ​​អង្គ»។

ឯ​​អ្នក​ខ្លះ​បាន​ឲ្យ​ជា​យោបល់​ថា​៖ «​​​រឿង​ប្រវត្តិសាស្រ្ត​បែប​នេះ ​ចូល​ចិត្ត​មើល​ណាស់។​​ បើ​សិន​ជា​​លោក​អ្នក​និពន្ធ​ រំលេច​​ពាក្យ​ពេចន៍​​បុរាណ​​សម័យ​នោះ​ខ្លះៗ​ផង ស្រប​តាម​​សម្លៀក​បំពាក់​សហសម័យ​ទៀត ​មិន​ដឹង​ល្អ​​យ៉ាង​ណា​ទេ។​

សង្ឃឹម​ថា ​បុរាណ​ខ្មែរ​ពាក្យ​នឹង​មាន​ច្រើន​អនេក​ក្នុង​វណ្ណកម្ម​ដ៏​អស្ចារ្យ​​នេះ​ ហើយ​ឈ្មោះ​​​ទីតាំង ងារមន្ត្រី ព្រះរាជា​នា​សម័យ​​នោះ ​និង​សាមញ្ញ​​ពាក្យ​របស់​អ្នក​ស្រុក​ជាដើម​។​​ ពាក្យ​ពេចន៍​​បុរាណ​ខ្មែរ​យើង ​គឺ​គួរ​តែ​​សហការ​​ជាមួយ​នឹង​​​​​លោក​​​​​សាស្ត្រាចារ្យ ​បណ្ឌិត ​វង្ស​ ​សុធារ៉ា ដោយសារ​​លោក​ជា​អ្នក​​​ជំនាញ​​សិលា​ចារឹក​ខ្មែរ»។​ ខណៈ​​​មតិ​មួយ​ទៀត ក៏​បញ្ចេញ​​​បែប​​ប្រយ័ត្ន​ប្រយែង​ថា៖ «​យក​រឿង​​ប្រវត្តិសាស្ត្រ​​មក​ផលិត​​ត្រូវ​សម្រិត​​សម្រាំង​តួ និង​សមត្ថភាព​​​ឲ្យ​ខ្លាំង​បន្តិច ​បើ​មិន​អ៊ីចឹង​ទេ ​​គឺ​ខ្មាស​​​អ្នក​ជិត​ខាង​យើង​ ​ហើយ​​​សម្លៀក​បំពាក់​លើក​​មក​សម្ដែង​​ពី​សម័យ​​​ណា​ គួរ​តែ​មាន​ការ​ស្រាវជ្រាវ​​ពី​សម័យ​នោះ​​គ្រប់​​​ទម្រង់​មក​​ប្រើ​ ចៀស​វាង​កុំ​យក​​សម្លៀក​បំពាក់​សម័យ​មុន​សម័យ​​​ក្រោយ មក​បញ្ចូល​គ្នា​តែ​មួយ​រឿង​ ដើម្បី​ឲ្យ​តែ​បាន ព្រោះ​​​អ្នក​មិន​ដឹង​ មើល​ហើយ​ក៏​​​​​បាន​ត្រឹម​តែ​មើល គឺ​​មិន​បាន​ទទួល​​​​​ចំណេះ​ដឹង​ត្រឹមត្រូវ​ ខាង​​​ប្រវត្តិសាស្ត្រ​នោះ​ទេ»​។​

ទោះ​ជា​យ៉ាង​ណា គេ​ក៏​មិន​​ទាន់​ដឹង​ច្បាស់​ថា គម្រោង​ថត​កុន​​ខ្នាត​ធំ​​បុរាណ​បែប​ប្រវត្តិសា្រស្រ្ត​នា​សម័យ​អង្គរ ដែល​​ផលិត​​​ដោយ​ផលិតកម្ម​ ​DL ​បាន​​ដាក់​ចំណង​ជើង​រឿង​ថា «​ប្រមាញ់​ប្រវត្តិសាស្រ្ត​» នោះ​ មិន​​ទទួល​បាន​ការ​បក​ស្រាយ​លម្អិត​ពី​ម្ចាស់​ផលិតកម្ម​ ឬ​ អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ឡើយ​ថា រឿង​នេះ​នឹង​ចាប់​ផ្តើម​ថត​នៅ​ពេល​ណា និង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ឆ្នាំ និង​ត្រូវ​ចំណាយ​ប្រាក់​​ប៉ុន្មាន​នោះ​ឡើយ​ដោយសារ​តែ​ខាង​ផលិតកម្ម​នេះ​មិន​ទាន់​បាន​បញ្ជាក់​ប្រាប់​នៅ​ឡើយ​៕​